កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ប្តេជ្ញា​បំបែក​អ្នក​ទោស​គ្រឿង​ញៀន​ចេញ​ពី​អ្នក​ទោស​ទូទៅ

រដ្ឋមន្ត្រីមហាផ្ទៃប្តេជ្ញាបំបែកអ្នកទោសគ្រឿងញៀនចេញពីអ្នកទោសទូទៅ
រដ្ឋមន្ត្រីមហាផ្ទៃប្តេជ្ញាបំបែកអ្នកទោសគ្រឿងញៀនចេញពីអ្នកទោសទូទៅ ម៉េងហួរ

លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ម្សិល​មិញ បាន​ថ្លែង​ថា​ក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ញែក​អ្នក​ទោស​ដែល​ញៀន​គ្រឿង​ញៀន ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ផ្សេង​ទៀត ដែល​មិន​ញៀន​គ្រឿង​ញៀន ដើម្បី​កុំ​ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ញៀន​ដែរ។ ចំណែក​អ្នក​នាំ​ពាក្យ​ពន្ធនាគារ​បាន​បញ្ជាក់​ថា អ្នក​ទោស​ ដែល​ញៀន​គ្រឿង​ញៀន មិន​ប៉ះ​ពាល់​ដល់​អ្នក​ទោស​ធម្មតា​ទេ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​១ រយៈ​ពេល​ ៦​ខែ កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ ថា​ក្រសួង​មហាផ្ទៃ ជា​ពិសេស​នាយក​ដ្ឋាន​ពន្ធនាគារ​ប្តេជ្ញា បំបែក​អ្នក​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស នៅ​ក្នុង​ពន្ធនាគារ​ ដាក់​ដាច់​ដោយ​ឡែក​ពី​អ្នក ដែល​មាន​ទោស​តែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។​

លោក​បាន​បន្ថែម​ថា​៖ «មិន​អាច​ទុក​អ្នក​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស ឲ្យ​នៅ​ជាមួយ​អ្នក​អត់​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស​បាន​ទេ ព្រោះ​យូ​រៗ ទៅ​អ្នក​អត់​ញៀន​នោះ​ញៀន​ដែរ។»

អ្នក​នាំ​ពាក្យ អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក​នុត សាវនា បាន​ថ្លែង​ថា​បច្ចុប្បន្ន​នេះ​ពន្ធនាគារ​ទូទាំង​ប្រទេស មាន​អ្នក​ទោស​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ជា​បុរស​ប្រមាណ ៣០​ភាគរយ និង​អ្នក​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជា​ស្ត្រី​ប្រមាណ ៥០​ភាគរយ ខណៈ​អ្នក​ទោស​សរុប​ទូទាំង​ប្រទេស​មាន​ប្រមាណ ២​ម៉ឺន​២​ពាន់​នាក់។

លោក​បន្ថែម​ថា​អ្នក​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​អ្នក​ទោស ដែល​មិន​ញៀន​គ្រឿង​ញៀន​ទេ ព្រោះ​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ពេល​ចូល​ពន្ធនាគារ គឺ​ត្រូវ​បាន​ផ្តាច់​រួច​រាល់​ហើយ។ ប៉ុន្តែ​លោក​ថា​ចំពោះ​អ្នក ដែល​ញៀន​ខ្លាំង គឺ​ខាង​ពន្ធនាគារ​មាន​វិធី​ព្យាបាល​ពួក​គាត់ ក្នុង​ពន្ធនាគារ​តែ​ម្តង ពោល​គឺ​ឲ្យ​គាត់​ហាត់​ប្រាណ និង​ចាក់​ទឹក​ត្រជាក់​ទៅ​លើ​គាត់។

ចំពោះ​ការ​បំបែក​អ្នក​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស និង​អ្នក​មិន​ញៀន​គ្រឿង​ញៀន ដែល​មាន​ទោស​ត្រូវ​បាន​ពន្ធនាគារ​អនុវត្ត​ហើយ តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​ពង្រឹង​តាម​មណ្ឌល​កែ​ប្រែ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​លោក នុត សាវនា។

យោងតាម​របាយការណ៍​រយៈ​ពេល​ ៩​ខែ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០១៦​នេះ បទ​ល្មើស​គ្រឿង​ញៀន​បង្រ្កាប​បាន​ប្រមាណ ៣​ពាន់​៤​រយ​ករណី កើន​ឡើង​ប្រមាណ ១​ពាក់​២​រយ​ករណី។ ឃាត់​ខ្លួន​ជន​សង្ស័យ រួម​ទាំង​ជន​ល្មើស​ប្រើប្រាស់ បាន​ប្រមាណ​ ៨​ពាន់​នាក់ ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៥ មាន​ការ​កើនឡើង​ ៣​ពាន់៣​រយនាក់ ស្មើ​នឹង​៦៩​ភាគ​រយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI