កម្ពុជា-គ្រឿងញៀន

បញ្ហា​គ្រឿង​ញៀន​ក្នុង​ប្រទេស ក៏​ដូច​ជា​ក្នុង​តំបន់ និង​លើ​ពិភព​លោក​មិន​មាន​ការ​ថយ​ចុះ

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២ RFI/Channa Siv

អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ស្ថាន​ភាព​នៃ​ការ​ដាំ​ដុះ ការ​ផលិត ការ​ចរាចរ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភព​លោក​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​ដូច​ប្រទេស​ផ្សេង​ទៀត​ដែរ​។ សម្រាប់​រយៈ​ពេល​៦​ខែ ដើម​ឆ្នាំ​២០១៧ កម្ពុជា​ចាប់​ជនសង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​បាន​ជិត​១​ម៉ឺន​នាក់​។

ផ្សាយពាណិជ្ជកម្ម

លោកកៅ ខុនដារ៉ា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បញ្ជាក់​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ការ​រឹបអូស និង​ការ​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ថា បើ​ទោះ​បី​ជា​ប្រទេស​នី​មួយៗ​លើ​ពិភ​លោក ក៏​ដូច​ជា​កម្ពុជា បាន​ខិត​ខំ​ប្រឹង​ប្រែង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​បញ្ហា​គ្រឿង​ញៀន​ក្តី​ ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​មិន​ថយ​ចុះ។

ចំពោះ​កម្ពុជា​លោក​ថា​ការ​មិន​ថយ​ចុះ​នៃ​បញ្ហា​នេះ​ដោយ​សារ​តែ​និន្នាការ​ថ្មីៗ​នៃ​គ្រឿង​ញៀន និង​ដោយ​សារកម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ត្រីកោណ​មាស និង​អឌ្ឍចន្ទ​មាស ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំបន់​ផលិត​គ្រឿង​ញៀន​យ៉ាង​ធំ​សម្រាប់​ទីផ្សារ​តំបន់ និង​ពិភព​លោក​។

លោក​បន្ថែម​ថា​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​នៃ​និន្នាការ​គ្រឿង​ញៀន​ឆ្លង​កាត់​ពី​តំបន់​ទាំង​ពីរ​នេះ​តាម​ផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវ​អាកាស បង្ក​ឲ្យ​មាន​ការ​រីករាល​ដាល​នូវ​ការ​ចរាចរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ពី​ទី​ក្រុង​រហូត​ដល់​ជន​បទ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​គួរ​ឲ្យ​បារម្ភ​។

ក្នុង​របាយ​ការណ៍​បង្រ្កាប​គ្រឿង​ញៀន​រយៈ​ពេល​៦​ខែ​ដើម ឆ្នាំ​២០១៧ ក្រោយ​ពី​ការ​ដាក់​ចេញ​នូវ​ផែន​ការយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី១ បង្ហាញ​ថា អាជ្ញាធរ​បាន​ចាប់​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​បាន​ចំនួន​ជិត​១ម៉ឺន​នាក់ កើន​ឡើង​ជាង​៤ពាន់​ករណី​ធៀប​នឹង​ឆមាស​ទី១​ឆ្នាំ​២០១៦។ អាជ្ញាធរ​ក៏​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ប្រមាណ​៤ពាន់​ករណី កើន​ឡើង​ជាង​២ពាន់​ករណី ធៀប​នឹងឆមាស​ទី១ ឆ្នាំ​២០១៦​កន្លង​ទៅ។​

លោក​កៅ ខុន​ដារ៉ា​ថា​ការ​ខិត​ខំ​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដូចជាៈ ការ​ត្រួត​ពិនិត្យ​នៅ​មាន​ការ​ធូររលុង ការ​ផ្សព្វ​ផ្សាយ​អប់រំ មិន​ទាន់​សកម្ម ការ​ចង្អៀត​ណែន​នៃ​មជ្ឈ​មណ្ឌលព្យាបាល​អ្នក​ញៀន និង​ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល និង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរគ្រឿង​ញៀន​។

ថ្មីៗ​នេះ ​កម្ពុជា​ក៏​បាន​ជួប​ប្រទះ​នឹង​ករណី​ចែក​ចាយ និង​ផ្សព្វ​ផ្សាយ​លក់​គ្រឿង​ញៀន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ លោក​មាស វីរិទ្ធ អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ធ្លាប់​បាន​បញ្ជាក់​ថា​ការ​ផ្សព្វ​ផ្សាយ​លក់​គ្រឿង​ញៀន​នៅ​ក្នុង​បណ្តាញ​សង្គម គឺ​ជា​រឿង​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​វែក​មុខ​រក​អ្នក​ប្រព្រឹត្តិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI