ករណីបង្ក្រាបគ្រឿងញៀនជិត៥៥គីឡូក្រាម៖ ជោគជ័យគួរអបអរ តែបង្កឲ្យមានក្ដីបារម្ភ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចលោកអ្នកជ្រាបហើយថា ថ្មីៗនេះ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ទើបតែបង្ក្រាបករណីជួញដូរគ្រឿងញៀនបានរហូតដល់ទៅជិត៥៥គីឡូក្រាម។ គឺជាចំនួនដ៏ច្រើនលើសលុប នៅក្នុងប្រវត្តិសាស្ត្រការបង្ក្រាបគ្រឿងញៀននៅកម្ពុជា។ ជាការពិតហើយថា នេះ គឺជាជោគជ័យរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបគ្រឿងញៀន។ ប៉ុន្តែនៅពីក្រោយជោគជ័យគួរអបអរនេះ វាក៏បានស្ដែងចេញពីទំហំជួញដូរគ្រឿងញៀនដ៏ធំ ដែលកំពុងតែរីករាលដាលគួរឲ្យបារម្ភនៅកម្ពុជាផងដែរ។
សភាពការណ៍គ្រឿងញៀននៅក្នុងតំបន់និងពិភពលោក នៅតែបន្តជះឥទ្ធិពលដល់សន្តិសុខ សណ្ដាប់ធ្នាប់ សុខភាពសាធារណៈ និងភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ។ នៅកម្ពុជាក៏ដូចគ្នាដែរ។ បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញ និងគួរឲ្យបារម្ភនៅឡើយ។
នៅដើមឆ្នាំ២០១៥នេះ ព័ត៌មានអំពីការបង្ក្រាបគ្រឿងញៀន ហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ចាប់តាំងពីខែមករាដល់ខែមេសាដើមឆ្នាំ២០១៥នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀននិងបញ្ជូនទៅកាន់តុលាការ សរុបទាំងអស់៦០៣ករណី ឃាត់ខ្លួនមនុស្សជាង១ពាន់នាក់។ ចំណែកគ្រឿងញៀនដែលរឹបអូសបានរួមមាន មេតំហ្វេតាមីន ខេតាមីន ហេរ៉ូអ៊ីន កញ្ឆា និងម្សៅសង្ស័យគ្រឿងញៀន សរុបទាំងអស់ប្រមាណ ១៧គីឡូក្រាម។
នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០១៥នេះទៀតសោត សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូចគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនមេក្លោងម្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធ៣នាក់ផ្សេងទៀត។ ក្រៅពីនោះ សមត្ថកិច្ចក៏បានរឹបអូសគ្រឿងញៀនជិត៥៥គីឡូក្រាម ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិកឯណោះ។ បើតាមសមត្ថកិច្ច នេះគឺជាលើកទីបីហើយ ដែលកម្ពុជាចាប់បានគ្រឿងញៀនក្នុងបរិមាណច្រើនបែបនេះ។
សមត្ថកិច្ចពាក់ព័ន្ធបានបង្ហាញពីមោទនភាព បន្ទាប់ពីបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះ។ ជាការពិតហើយថា នេះ គឺជាជោគជ័យរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបគ្រឿងញៀន។ ប៉ុន្តែនៅពីក្រោយជោគជ័យគួរអបអរនេះ វាក៏បានស្ដែងចេញពីទំហំជួញដូរគ្រឿងញៀនដ៏ធំ ដែលកំពុងតែរីករាលដាលគួរឲ្យបារម្ភនៅកម្ពុជាផងដែរ។ ដោយឡែកយុទ្ធនាការបង្ក្រាបគ្រឿងញៀននោះទៀតសោត ភាគច្រើនមានតែនៅតាមបណ្ដាខេត្តក្នុងប្រទេស។ ចំណែកការបង្ក្រាបករណីគ្រឿងញៀនចូលមកប្រទេសកម្ពុជា ឬចេញទៅក្រៅប្រទេស ហាក់នៅមានកម្រិតនៅឡើយ។
គ្រឿងញៀនបាននាំចូលមកកម្ពុជាតាមបណ្ដាច្រកនៃខេត្តក្នុងភូមិភាគឦសាន តាមកំពង់ផែក្រុងព្រះសីហនុ និងតាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ហើយបន្ទាប់ពីនោះ នឹងត្រូវនាំចេញទៅវិញតាមផ្លូវគោកទៅប្រទេសថៃនិងប្រទេសវៀតណាម តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងតាមបញ្ញើប្រៃសនីយ៍ជាដើម។
ការរឹតបន្តឹងសកម្មភាពបង្ក្រាបគ្រឿងញៀននៅតាមច្រកនាំចេញនាំចូលទាំងនេះ ចាត់ទុកថាជារឿងចាំបាច់ និងទាមទារឲ្យចាត់វិធានការជាបន្ទាន់។ ព្រោះប្រសិនបើសកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងប្រទេសជាពិសេសគឺការនាំចូល នៅតែមានច្រើនលើសលប់ នោះការបង្ក្រាបដូចភ្លៀងរលឹម ពិតជាមិនអាចកាត់បន្ថយការជួញដូរនិងប្រើប្រាស់នៅក្នុងប្រទេសនោះឡើយ។
ជាការកត់សម្គាល់ យុទ្ធនាការបង្ក្រាបគ្រឿងញៀននៅកម្ពុជា ភាគច្រើនលើសលុប គឺជាករណីជួញដូរថ្នាំញៀនតូចតាចតែប៉ុណ្ណោះ។ យូរៗម្ដង ទើបគេបានលឺពីព័ត៌មានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅកម្ពុជា។ លោក ស ខេង ក៏ធ្លាប់សម្ដែងក្ដីបារម្ភចំពោះបញ្ហានេះ និងបានអំពាវនាវឲ្យនគរបាលកម្ពុជាទូទាំងប្រទេស ផ្ដោតការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនធំៗ។
ចំពោះមុខបញ្ហាគ្រឿងញៀនដែលរីកធំធាត់ឡើងដូចសព្វថ្ងៃនេះ វិធានការជាក់លាក់ដើម្បីដោះស្រាយគួរតែត្រូវបានដាក់ចេញជាបន្ទាន់ និងជាដាច់ខាត។ ជាពិសេស គឺការរឹតបន្តឹងសកម្មភាពបង្ក្រាបគ្រឿងញៀននៅតាមច្រកនាំចេញនាំចូលនៃប្រទេសកម្ពុជា។ ការស៊ើបអង្កេតប្រមូលភស្តុតាងដើម្បីឈានទៅចាប់មេខ្លោងជួញដូរគ្រឿងញៀន ក៏ជារឿងចាំបាច់ ដែលគួរតែត្រូវបានលើកទឹកចិត្តផងដែរ។
ចំណែកការបង្ក្រាបគ្រឿងញៀនជាលក្ខណៈតូចតាច ឬធំដុំក៏ដោយ គឺជារឿងល្អ ដែលសុទ្ធតែបង្ហាញពីភាពជោគជ័យគួរឲ្យអបអរ។ ក៏ប៉ុន្តែ នៅពីក្រោយជោគជ័យនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ត្រូវព្រួយចិត្តខ្លះដែរ អំពីទំហំនៃការរីករាលដាលរបស់គ្រឿងញៀននៅកម្ពុជា។ មានការងារច្រើនណាស់ ដែលកម្ពុជាចាំបាច់ត្រូវធ្វើ ដើម្បីបញ្ចៀសកុំឲ្យបញ្ហាគ្រឿងញៀន ក្លាយទៅជាសង្គ្រាមថ្មីមួយទៀតសម្រាប់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ