កម្ពុជា-សង្គម

​កម្ពុជា​កំពុង​ក្លាយ​ជា​កន្លែង​កែ​ច្នៃ​គ្រឿង​ញៀន ខណៈ​អាជ្ញាធរ​ប្រឹង​បង្រ្កាប ​និង​ទប់​ស្កាត់​

ការប្រើប្រាស់គ្រឿងញៀន (រូបភាពតំណាង)
ការប្រើប្រាស់គ្រឿងញៀន (រូបភាពតំណាង) @សហការី

អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ លោក ​នេត​ សាវឿន កាល​ពី​ថ្ងៃ​ចន្ទ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ កម្ពុជា​មិន​ត្រឹម​តែ​ជា​កន្លែង​ដែល​គ្រឿង​ញៀន​ឆ្លង​កាត់​នោះ​ទេ ប៉ុន្តែ​កំពុង​ក្លាយ​ជា​កន្លែង​ដែល​ឈ្មួញ​គ្រឿង​ញៀន​នាំ​ចូល​វត្ថុធាតុ​ដើម​កែច្នៃ​ជា​គ្រឿង​ញៀន​សំយោគ​រួច ដើម្បី​ចែក​ចាយ​ទាំង​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​បរទេស​។ ស្ថាន​ភាព​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ប្រឹង​ប្រែង​បង្រ្កាប និង ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​ដែល​បន្ត​កើត​មាន​ជា​ហូរ​ហែរ​នៅ​កម្ពុជា​ 

ផ្សាយពាណិជ្ជកម្ម

បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ជា​បញ្ហា​ថ្មី តែ​បង្រ្កាប​មិន​ចេះ​អស់​សោះ​រហូត​មក​ទល់​នឹង​ពេល​នេះ​។ កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តើម​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​លើក​ទី១ រយៈ​ពេល​៦ខែ ហើយ​លើក​ទី២ ក៏​មាន​រយៈ​ពេល​៦ខែ​ដូច​គ្នា​ដែរ​។ ប៉ុន្តែ ការ​បង្រ្កាប​នៅ​តែ​មិន​អស់​ទៀត ទើប​រដ្ឋា​ភិបាល​កម្ពុជា​ប្រកាស​យុទ្ធនាការ​លើក​ទី៣ ដោយ​កំណត់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៨​តែ​ម្តង​។ ជា​លទ្ធ​ផល អាជ្ញាធរ​កម្ពុជា​បង្រ្កាប​បាន​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​ជាង​៨​ពាន់​ករណី ឃាត់​ខ្លួន​មនុស្ស​ជាង​១ ម៉ឺន៦​ពាន់​នាក់​និង​រឹប​អូស​គ្រឿង​ញៀន​សំយោគ ៥៣៦​គ.ក្រ ស្លឹក​រុក្ខជាតិ​ខាត (KHAT) ចំនួន​ជាង​៣តោន និង​កញ្ឆា​ក្រៀម​ចំនួន ៤៧គ.ក្រ​។

នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី៤​ក៏​ត្រូវ​បាន​ដាក់​ចេញ​ដោយ​ទទួល​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែង នៅ​ក្នុង​រយៈ​ពេល​៦ខែ​ក្នុង​ឆ្នាំ​នេះ អាជ្ញាធរ​កម្ពុជា​អាជ្ញាធរ​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿង​ញៀន​​ជិត​៤​ពាន់​ករណី និង ឃាត់​ខ្លួន​មនុស្ស​​ជាង៨​ពាន់​នាក់​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹប​អូស​បានវិញ គឺ​ប្រមាណ​ ៣៤០​​គ.ក្រ​។ អាជ្ញាធរ​កម្ពុជា​ក៏បាន​ដុត​កម្ទេចចោល​គ្រឿង​ញៀន​ជា​ច្រើន​ប្រភេទចំនួន​ជាង​២​តោន​ផងដែរ។ អ្វី​ដែល​រឹត​តែ​គួរ​ឱ្យ​កត់​សម្គាល់​ជាង​នេះ​ទៀត​នោះ គឺ​ក្លិប​កម្សាន្ត​ធំៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​រួម​មាន​ក្លិប​កម្សាន្ត​រ៉ុក និង ក្លិប​ម៉ៃអាមី​ជា​ដើម​ត្រូវ​បាន​បង្រ្កាប​ដោយ​រឹប​អូស​បាន​គ្រឿង​ញៀន​ជា​ច្រើន​គីឡូក្រាម​។ ម្ចាស់​ក្លិប​កម្សាន្ត​ទាំង​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ថែម​ទៀត​។

ក៏​ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​តាម​ទីក្រុង និង ទីប្រជុំ​ជន​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើងៗ បញ្ហា​គ្រឿង​ញៀន​ក៏​បាន​ជ្រាប​ចូល​ទៅ​ដល់​គ្រប់​ច្រក​ល្ហក​នៃ​ទី​ជនបទ​ស្រុក​ស្រែ​ចម្ការ​នៅ​ទូទាំង​ប្រទេស​។ ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា បាន​អះអាង​ថា នឹង​តាម​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ទាំង​នេះ​ឱ្យ​អស់​ពី​ប្រទេស​កម្ពុជា​។ លើស​ពីនេះ​ទៅ​ទៀត លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​លុប​បំបាត់​គ្រឿងញៀន​ឱ្យ​អស់​នៅ​តាម​ក្លឹ​ប​កម្សាន្ត​ និង​រង្គសាល​នានា​ត្រឹម​​ឆ្នាំ​២០១៩នេះ។ លោ​កក៏បានបញ្ជាឱ្យអាជ្ញាធរត្រូវធ្វើ​យុទ្ធនាការ​បង្ក្រាប​កន្លែង​ទីតាំង​លួច​ផ្សំ​ កន្លែង​កែ​ច្នៃ​គ្រឿងញៀន​ ​ និង​បង្ក្រាប​ការ​នាំ​ចូល​គ្រឿងញៀន​ពី​គ្រប់​ច្រក​ពី​ខាងក្រៅ​ដែល​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​បញ្ហា​សង្គម និង សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា ដើម្បី​បង្រ្កាប និង​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធ​ភាព គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​បោស​សម្អាត​មន្រ្តី​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ឱ្យ​អស់​ជាមុន​សិន​។ ម៉្យាង​ទៀត គឺ​ត្រូវ​បង្រ្កាប​មេក្លោង​ផលិត និង​ជួញ​ដូរ​គ្រឿង​ញៀន​តែ​ម្តង​ទើប​អាច​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI