កម្ពុជា-ច្បាប់

​កិច្ច​ប្រជុំ​មួយ​ត្រូវ​បាន​ធ្វើ​ដោយ​មន្ត្រី​តុលា​ការ​និង​មន្ត្រី​នគរ​បាល​ទាក់​ទង​ពិសេស​ការ​អនុវត្តន៍​ច្បាប់​លើ​បទ​ល្មើស​គ្រឿង​ញៀន​

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន (រូបភាពឯកសារ)
សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន (រូបភាពឯកសារ) @សហការី

មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ​បានបើក​កិច្ចប្រជុំ​មួយនៅព្រឹក​ថ្ងៃអង្គារនេះជាមួយ​មន្រ្តី​ជាន់​ខ្ពស់​ខាង​នគរបាល​និង​កង​រាជអាវុធហត្ថ​ទាក់ទង​នឹង​ការចុះអនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច​ពិសេស​គឺការចុះ​បង្ក្រាប​បទល្មើសគ្រឿងញៀន។ គួរកត់សំគាល់ថា កិច្ចប្រជុំនេះ​បានធ្វើ​ឡើង​នៅខណៈ​ដែលមាន​ការរិះគន់​ពីមហាជន​ចំពោះ​ការចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀននៅទីសាធារណៈដោយមិនមាន​ភស្តុតាងគ្រប់គ្រាន់។ 

ផ្សាយពាណិជ្ជកម្ម

លោកឧត្តម​សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ ទទួលបន្ទុកខាងប្រឆាំងគ្រឿងញៀនប្រាប់វិទ្យុបារាំង​អន្តរជាតិ​RFIថា ការ​បើក​កិច្ចប្រជុំ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ជាមួយក្រុម​កង​កម្លាំង​ប្រដាប់អាវុធនេះ ដើម្បី​ពិនិត្យលើការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានប្រសិទ្ធិភា ជាពិសេសលើបទល្មើសគ្រឿងញៀន ដែលជាបញ្ហាកំពុងប្រឈមនាពេលបច្ចុប្បន្ន។ ការ​ចាប់ខ្លួន​ជនសង្ស័យពាក់​ព័ន្ធ​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មហាជន​ព្រួយបារម្ភ​និងខ្លះមានការរិះគន់​ព្រោះតែការអនុវត្តន៍ច្បាប់​មិនមាន​តម្លាភាព ក៏ត្រូវបានលើក​ឡើង​យ៉ាងផុល​ផុស​នៅក្នុងកិច្ចប្រជុំនោះ។ នេះបើតាម ម៉ក់ ជីតូ។ ប៉ុន្តែលោកគូសបញ្ជាក់ថា ចាប់ពេលនេះតទៅ រាល់​ចុះ​ការ​ចុះ​បង្ក្រាបគ្រឿងញៀន​គឺសមត្ថកិច្ច​ត្រូវតែ​មានឯកសណ្ឋានត្រឹម​ត្រូវ ដើម្បីជៀសវាង​កុំឲ្យជនស៊ីវិល​ខិលខូចឆ្លៀតឱកាស​បន្លំចាប់ជំរិតទារប្រាក់ពីជនសង្ស័យ។

ទាក់ទងករណីនេះ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បានលើកឡើង​ពីករណីចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​​ពាក់ព័ន្ធនឹង​គ្រឿងញៀន​​នៅ​ចំណុច​ហ្គារ៉ាស់សាំង​តូតាល់ ផ្លូវ​វ៉េងស្រេង សង្កាត់​ស្ទឹងមានជ័យ​កាលពី​ថ្ងៃទី​ ១០ ធ្នូ ២០១៩ ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ព្រោះតែសមត្ថកិច្ចមិនបានបង្ហាញភស្តុតាងនៅពេលចាប់ខ្លួន។ ប៉ុន្តែ​នៅពេល​នាំខ្លួន​ទៅ​ដល់​ប៉ុស្តិ៍ប៉ូលីសបែរជាបង្ហាញគ្រឿង​ចំនួន៧កញ្ចប់​ហើយ​ថត​វីដេអូអះអាងថាជនសង្ស័យព្រមទទួលស្គាល់ទៅវិញ។

បើតាមប្រធានគណបក្សរូបនេះ លោក​គាំទ្រ​ចំពោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន តែ​ករណី​នេះ​លោក​បាន​ពិនិត្យឃើញថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​បំពេញ​ភារកិច្ច​របស់ខ្លួន​នៅមាន​ភាព​ចន្លោះ​ប្រហោង​។

ប៉ុន្តែមន្ទីរ​ប្រឆាំង​គ្រឿងញៀន​អះអាង​ថា ការចាប់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​តាម​ជំនាញ​ស៊ើប​អង្កេត នៅពេល​ឃើញ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ស្រប​តាម​នីតិវិធី និង​​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ ករណីនេះ លោក ម៉ក់​ ជីតូ បានលើកឡើងថា ពេល​នោះ​ជនសង្ស័យ​បានទម្លាក់គ្រឿងញៀនចោលហើយរត់ ទើប​សមត្ថកិច្ចខ្លួនបានតាមក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI