កម្ពុជា

សា​លា​​ក្តី​​ខ្មែរ​​ក្រហម ស្វែង​​រក​​ថវិកា ២​.៥​លាន​​ដុល្លារ​​បន្ថែម សម្រាប់​​គម្រោង​​សំណង​​ដើម​​បណ្តឹង​​រដ្ឋ​​ប្បវេណី ក្នុង​​សំណុំ​​រឿង​ ០០២/២

សាលាក្តីខ្មែរក្រហម
សាលាក្តីខ្មែរក្រហម @ECCC

អង្គភាព​​គាំ​ពារ​​ជន​​រងគ្រោះ នៃ​​សាលាក្តី​​ខ្មែរ​ក្រហម កំពុង​​ស្វែង​​រក​​ថវិកា​​សរុប ​៥​លាន​​ដុល្លារ ដើម្បី​សម្រេច​​ជា​​រូបរាង នូវ​​គម្រោង​​សំណង ជូន​​ដើម​បណ្តឹង​​រដ្ឋប្បវេណី​ ជិត​ ៤ពាន់​​នាក់ ក្នុង​សំណុំ​​រឿង ០០២/២ ។ មក​​ទល់​​នឹង ដើម​​ខែ​​មេសា​​នេះ គម្រោង​​សំណង​​សមូហភាព និង​ផ្លូវចិត្ត​ ទាំង ២៣ នេះ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ ជាង​ពាក់​កណ្តាល​ហើយ តែ អង្គភាព​គាំពារ​ជនរង​គ្រោះ​ត្រូវ​ការ ថវិកា​ ២.៥លានដុល្លារ​ទៀត ឲ្យ​​បាន​​មុខ​ខែ​វិច្ឆិកា ខាង​មុខ​។ លោក ឌឹម សុ​វណ្ណា​រុំ នាយក​ផ្នែក​កិច្ចការ​សាធារណៈ នៃ​អ​ង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បញ្ជាក់​ថា បើ​មិន​អាច​រក​បាន ថវិកា​ពេញលេញ នោះ​ទេ គម្រោង​សំណង សម្រាប់​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី នឹង​បរាជ័យ ហើយ​ជន​រងគ្រោះ នឹង​មាន​វិប្បដិ​សារី​។  តើ​គម្រោង​សំណងនេះ​ មាន​សារសំខាន់​យ៉ាងណា ចំពោះ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ​?

ផ្សាយពាណិជ្ជកម្ម

ដំបូង​យើង​គួរ​ដឹង​ជាមុ​ន​សិន​ថា តុលាការ​ខ្មែរក្រហម ជា តុលាការ​តែ​មួយ​គត់ ក្នុង​ក្របខណ្ឌ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​កាត់​ទោស​មេដឹកនំា​ប្រល័យ​ពូជសាសន៍ លើ​ទឹកដី​របស់​ខ្លួន និង​អនុញ្ញាតិ​ឲ្យ ជន​រងគ្រោះ ក្លាយ​ជា ដើមបណ្តឹង​រដ្ឋប្បវេណី​។ ដើមបណ្តឹង​រដ្ឋប្បវេណី នឹង​ក្លាយ​ជា ភាគី​មួយ នៃ​តុលាការ​ខ្មែរ​ក្រហម ដែល​មាន​តួនាទី​ពីរ គឺ ចូលរួម​ក្នុង​តុលាការ ដើម្បី​បង្ហាញ​ការ​ខូចខាត​ផ្លូវកាយ​ផ្លូវចិត្ត(របស់​ខ្លួន) និង​​សិទ្ធ​​ទាមទា​​សំណង​។ តាម​វិធាន​ផ្ទៃក្នុង របស់ តុលាការ​ខ្មែរ​ក្រហម សំណង​នេះ ត្រូវ​មាន​លក្ខណៈ​សមូហភាព ដែល​មិនមែន​ជា សំណង​លក្ខណៈបុគ្គល​ឡើយ​។ នៅ អង្គ​ជំនុំ​ជ​​ម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ជន​រងគ្រោះ​ចំនួន ៣.៨៦៧នាក់ ត្រូវ​បាន​​ទទួល​ស្គាល់​ជា ដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង​ ០០២/០២ (ដំណាក់​កាល​ទីពីរ) ដែល​មាន​សិទ្ធិ​ទទួល​បាន​សំណង «សមូហ​ភាព និង​ផ្លូវ​ចិត្ត​»​។​

លោក ឌឹម សុវណ្ណារុំ នាយក​ផ្នែក​កិច្ចការ​សាធារណៈ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គភាព​​គាំពារ​ជន​រងគ្រោះ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវ​ការ​ថវិកា ប្រមាណ ​៥​លានដុល្លារ ដើម្បី ចាយ​លើ​គម្រោង ២៣ ផ្សេង​គ្នា ក្នុ​ង​ក្រប​ខណ្ឌ ៣។ ក្របខណ្ឌ​សំណង​ទាំង​នោះ​រួម​មាន (១). ការ​ស្តារ​នីតិ​សម្បទា​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី (២). ការ​ចងចាំ​លើ​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម (មាន​ជា​អាទិ៍ គម្រោង​សំណង រក្សា​តំបន់​អន្លង់​វែង ជា​តំបន់​ប្រវត្តិ​សាស្រ្ត សម្រាប់​​កូន​ចៅ​ជំនាន់​ក្រោយ​ចង​ចាំ​) និង (៣). ការ​ទប់​ស្កាត់​ នៃ​កា​រក​កើត​ឡើង​វិញ​នៃ អំពើ​ឧក្រិដ្ឋកម្ម វាល​ពិឃាត​នៅ​កម្ពុជា​។ ក្នុង​ចំណោម​គម្រោង​ទាំង​នេះ «គម្រោង​សំណង​ផ្កាស្លា​» ពាក់​ព័ន្ធ​នឹង​ការ​រៀប​អាពា​ហ៍​ពិពាហ៍ ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​ត្រូវ​ការ​ថវិ​កា​ជាង ១.១លាន​ដុល្លារ សាលា​ក្តីខ្មែរ​ក្រហម បាន​ទទួល​រួច​ហើយ ពី ក្រសួង​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការណ៍​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​សហព័ន្ធ អាល្លឺម៉ង់ ទី​ភ្នាក់ងារ​អភិវឌ្ឍ និង​សហ​ប្រតិបត្តិការណ៍ របស់​ប្រទេស​ស្វីស និង វិទ្យាស្ថាន​អាល្លឺម៉ង់​សម្រាប់​ទំនាក់​ទំនង​បរទេស​។

លោក ឌឹម សុវណ្ណារុំ នាយក​ផ្នែក​កិច្ចការ​សាធារណៈ នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បញ្ជាក់​ថា មក​ទល់​នឹង​ដើម​ខែ​មេសា​នេះ​ អង្គភាព​​គាំពារ​ជន​រងគ្រោះ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ស្វែង​រក​ថវិកា​បាន ២.៥លាន​ដុល្លារ ហើយ តែ​ថវិកា​ពាក់​កណ្តាល​ទៀត ​ត្រូវ​បំពេញ​បង្រ្គប់​ឲ្យ​បាន មុន​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​។ អង្គភាព​​គាំ​ពារ​ជន​រង​គ្រោះ កំពុង​បន្ត​ស្នើ​សុំ​កិច្ច​គាំទ្រ​ហិរញ្ញ​វត្ថុ​បន្ថែម​ទៀត​ពី តតីយ​ជន​ទូទៅ រួម​មាន អង្គការ​សង្គ​ម​ស៊ីវិល ម្ចាស់​ជំនួយ ឬ​ពលរដ្ឋ​ខ្មែរ​ជាដើម​។ ប្រសិន​បើ​គ្មាន​ថវិកា​គ្រប់គ្រាន់​នោះ ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​រងចាំ គម្រោង​សំណង​របស់​គាត់ នឹង​បរាជ័យ ហើយ​មាន​វិប្បដិសារី​។ យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​គម្រោង​សំណង​ទាំង ២៣ មិន​អាច​រក​ថវិកា​បង្រ្គប់​បាន អង្គភាព​គាំពារ​ជន​រងគ្រោះ​ អាច​នឹង ដាក់​ស្នើ​សុំ​ទៅ​តុលាការ​សាលា​ដំបូង តែ​គម្រោង​សំណង​ទាំង​ឡាយ​ណា​ ដែល​មាន​លក្ខណៈ​ពេញ​លេញ​។​

គួរ​ជម្រាប​ថា ក្នុង​សំណុំ​រឿង​សាលា​ក្តី​ខ្មែរ​ក្រហម មាន ៤​សំណុំ​រឿង​ធំ​ៗ​។ ក្នុ​ង​នោះ សំណុំ​រឿង ០០១ កាត់​ទោស ឌុច បាន​បញ្ចប់​សព្វ​គ្រប់​អស់​ហើយ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ដោយ​មាន ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី ៧៧​នាក់ តែ​គម្រោង​សំណង​មិន​បាន​លេច​ជា​រូបរាង​ជាក់​លាក់​ទេ​។ ចំណែក​ សំណង​​សំណុំ​រឿង ០០២ ដំណាក់​កាល​​ទី​មួយ ពាក់​ព័ន្ធ​នឹង​មេ​ដឹកនាំ ខ្មែរ​ក្រហម អៀង សារី និង​ ខៀវ សំផន ក៏​បាន​លេច​ជា​រូបរាង​ម្ត​ង​ហើយ​។ សំណង​ស​មូហ​ភាព កន្លង​មក មាន​ដូចជា ការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍ ការ​ឆ្លាក់​ឈ្មោះ​ជន​រង​គ្រោះ​ទាំង​ ១២.០៧២ ​នាក់ នៅ​គុក​ទួលស្លែង បន្ថែម​ពី​នេះ ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ចំនួន​ ២០០​នាក់ ទទួល​បាន​ការ​ព្យា​បាល​ជំងឺ​ផ្លូវចិត្ត​​ដោយ​ឥត​គិត​ថ្លៃ តាំង​ពី គម្រោង​សំណង​លេច​ចេញ​ជា​រូបរាង រហូត​ដល់ ដើម​បណ្តឹង​ទាំង​អស់ បាត់​បង់​ជីវិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI