សាលាក្តីខ្មែរក្រហមតែងតាំងស្ត្រីជនជាតិអូស្ត្រាលីជាសហមេធាវីការពារក្តីជនរងគ្រោះ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម បានសម្រេចជ្រើសរើសលោកស្រី Megan Hirst សញ្ជាតិអូស្ត្រាលី ធ្វើជាសហមេធាវីនាំមុខភាគីអន្តរជាតិ តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីការពារក្តីជនរងគ្រោះក្នុងរបបខ្មែរក្រហម។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមនៅថ្ងៃទី០៦ ខែកញ្ញា។ ការតែងតាំងលោកស្រី Megan Hirst គឺដើម្បីជំនួសតំណែងលោកស្រី Marie Guiraud ជនជាតិបារាំង ដែលបានលាឈប់កាលពីខែមិថុនា ឆ្នាំ២០១៩។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកស្រី Megan Hirst មានបទពិសោធបម្រើការងារក្នុងវិស័យច្បាប់សិទ្ធិមនុស្ស និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ រយៈពេល១៥ឆ្នាំ។ លោកស្រីមានបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Queensland និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់ពីសាកលវិទ្យាល័យ Cambridge។ នេះជាការគូសបញ្ជាក់របស់សាលាក្តីខ្មែរក្រហម។ លោកស្រីក៏ធ្លាប់បម្រើការងារជាក្រឡាបញ្ជីនៅអង្គភាពជនរងគ្រោះនិងសំណង នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងអង្គភាពជនរងគ្រោះ របស់តុលាការពិសេសនៃប្រទេសលីបង់ បន្ថែមពីលើវិជ្ជាជីវៈជាមេធាវីនៅគណៈមេធាវីអង់គ្លេសនិងប្រទេសវ៉ែល។
នៅសាលាក្ដីខ្មែរក្រហម លោកស្រី Hirst នឹងធ្វើការជាមួយលោក ពេជ អង្គ ដែលជាសហមេធាវីនាំមុខជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងកិច្ចដំណើរការនីតិវិធី ក្នុងសំណុំរឿង ០០២/០២។ ដើមបណ្តឹងរដ្ឋប្បវេណីធានា ឲ្យមានការរៀបចំតំណាងប្រកបដោយប្រសិទ្ធភាព សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនានា នៅក្នុងយុត្តាធិការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលអាចចូលរួមក្នុងកិច្ចដំណើរការនីតិវិធី និងធ្វើការទាមទារសំណងផ្លូវចិត្ត និងសំណងសមូហភាព។
ការទទួលខុសត្រូវចម្បង របស់សហមេធាវីនាំមុខតំណាង ឲ្យដើមបណ្តឹងរដ្ឋប្បវេណី គឺតំណាងឲ្យផលប្រយោជន៍ដើមបណ្តឹងរដ្ឋប្បវេណីដែលរួមគ្នាជាក្រុមតែមួយ ផ្តល់នូវការអះអាង និងយុទ្ធសាស្រ្តជាទូទៅ ព្រមទាំងតំណាងនៅចំពោះមុខតុលាការអំពីផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹង មេធាវីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ៗ។ ទាំងនេះគឺជាការពន្យល់អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
សូមបញ្ជាក់ថា ការតែងតាំងលោកស្រី Megan Hirst គឺដើម្បីជំនួសតំណែងលោកស្រី Marie Guiraud ជនជាតិបារាំង ដែលបានលាលែងឈប់កាលពីខែមិថុនា ឆ្នាំ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ