ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០១៨កើនហួសពីការរំពឹងទុកក្នុងអត្រា៧.៥%
ចុះផ្សាយនៅថ្ងៃ៖
ធនាគារពិភពលោក (World Bank) បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្វាហាប់ក្នុងឆ្នាំ២០១៨កន្លងទៅ ដោយសម្រេចបានកំណើន ៧.៥%។ កំណើននេះ គឺជាអត្រាកំណើនល្អ ជាងការរំពឹងទុក កាលពីខែតុលាឆ្នាំមុនទៅទៀត។ ក៏ប៉ុន្តែតាមរយៈរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី ០៦ ឧសភានេះ ធនាគារពិភពលោកក៏បានព្រមានដែរថា ភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប នឹងបង្កហានិភ័យខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលអនាគត។
កំណើននេះ គឺបានមកដោយមានការជំរុញមួយផ្នែកធំ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក (World Bank) ចេញផ្សាយនៅថ្ងៃទី ០៦ ឧសភានេះ ដោយអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្វាហាប់ក្នុងឆ្នាំ២០១៨កន្លងទៅ ដោយសម្រេចបានកំណើន៧.៥%។
បើតាមរបាយការណ៍ដដែល ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ មានជាង២ភាគ៣នៃមុខទំនិញនាំចេញសរុប គឺជាកំណត់ត្រាកំណើនខ្ពស់៥ឆ្នាំជាប់ៗគ្នា ហើយវាបានកើនដល់ ១៧.៦% ក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ ៨.៣% ក្នុងឆ្នាំ ២០១៧។ ក្រៅពីនេះ វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ដែលសរុបចូលគ្នាមក មានចំណែក ៦០% នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨។
ដោយឡែក ការផលិតសម្ភារៈផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលប្លាស្ទីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់។ ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយនឹងអត្រាកំណើននេះ លទ្ធភាពដែលកម្ពុជានឹងអាចបាត់បង់ភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុបដោយរួចពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» ឬ EBA ទំនងជានឹងអាចបន្ថយល្បឿននៃការនាំចេញពីកម្ពុជា។
បើតាមរបាយការណ៍ បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប ដែលរួមមានទាំងអង់គ្លេសផង បានស្រូបយកជាង១ភាគ៣នៃទំហំការនាំចេញសរុបរបស់កម្ពុជា។ ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយានជាដើម។ បន្ថែមលើនេះ វិស័យសំណង់ និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុងវដ្តស្ថានភាពឆាប់ប៉ោងហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្តល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យសំណង់ នឹងកាន់តែបង្កើនហានិភ័យថែមទៀត ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាដែរ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត គឺសុទ្ធតែជាអាទិភាពគន្លឹះសម្រាប់រក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ លោកស្រីបន្តថា ភ័ស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា នេះគឺជារបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឡើងដោយធនាគារពិភពលោកក្នុងរយៈពេល២ដងក្នុងមួយឆ្នាំ ដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ ដោយឡែក នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀត ដែលធ្វើឡើង កាលពីថ្ងៃ ពុធ ទី ២៤ មេសា ធនាគារពិភពលោក ឬ World Bank បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងថមថយអនុភាពបន្តិចវិញ ដោយកំណើនសេដ្ឋកិច្ចកម្ពុជាថយមកនៅជិត៧ភាគរយក្នុងរយៈពេល៣ឆ្នាំខាងមុខ នោះគឺអាស្រ័យលើការបន្តមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ