លោក អ៊ិត សំហេង៖ ការដកផ្នែកខ្លះនៃEBAរបស់អឺរ៉ុបជាកត្តារួមចំណែកជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោកអ៊ិត សំហេង បានអះអាងឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប គឺជាកត្តារួមចំណែកមួយដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានបដិសេធកាលពីថ្ងៃអង្គារថា លោកមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយចំពោះសេចក្តីសម្រេចរបស់អឺរ៉ុបដែលដកការអនុគ្រោះពន្ធលើទំនិញខ្លះរបស់កម្ពុជានេះឡើយ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងការងារនាព្រឹកថ្ងៃពុធនេះ លោកអ៊ិត សំហេង បានគូសបញ្ជាក់ឱ្យដឹងថា ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្រ្តនយោបាយ សន្តិសុខសាកល ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ដូចជាករណីមេរោគកូរ៉ូណា និង ការដកផ្នែកខ្លះនៃEBAរបស់សហភាពអឺរ៉ុប គឺបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ដែលលោករដ្ឋមន្ត្រីក្រសួងការងាររូបនេះ បញ្ជាក់ថា ជាសេដ្ឋកិច្ចដែលបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។ សម្រាប់លោកអ៊ិត សំហេង បញ្ហាប្រឈមដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នទាំងអស់នេះ គឺជាទឡ្ហីករណ៍ទាមទារឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយវា។
គួររំលឹកជូនថា សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ បានចេញសេចក្តីសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើមុខទំនិញចំនួន៤០ប្រភេទ ដែលភាគច្រើនជាសម្លៀកបំពាក់។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន និងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសន្និដ្ឋានហើយថា ការដកការអនុគ្រោះពន្ធនេះ គឺកម្ពុជាត្រូវបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជា១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចេញមកបញ្ជាក់ថា លោកមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយជុំវិញការសម្រេចរបស់សហភាពអឺរ៉ុបនេះទេ។ តែទោះជាយ៉ាងណា លោកអះអាងថា កម្ពុជាទទួលយកការសម្រេចរបស់សហភាពអឺរ៉ុបនេះ ក៏ប៉ុន្តែអឺរ៉ុបខ្លួនឯងក៏ត្រូវទទួលយកនូវការសម្រេចរបស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ ការសម្រេចដកការអនុគ្រោះពន្ធខ្លះមកលើទំនិញរបស់កម្ពុជានេះ គឺសហភាពអឺរ៉ុបលើកហេតុផលថា ដោយសារកម្ពុជាបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ។ ប៉ុន្តែលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជាមិនយល់ឃើញដូច្នោះឡើយ។ លោកថា ការសម្រេចនេះ គឺដោយសារបញ្ហានយោបាយដែលប្រទេសមួយចំនួនតម្រូវឱ្យកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេដែលជាការអនុវត្តស្ដង់ដាពីរ។ សម្រាប់លោកហេង សួរ ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ