កម្ពុជា-ច្បាប់

គ.ជ.ប កែ​លម្អ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ទាប់​ពី​ដំណើរ​ការ​ចុះឈ្មោះបាន​១០​ថ្ងៃ

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប បាន​ប្រកាស​ធ្វើ​ការ​កែ​លម្អ​ដំណើរ​ការ​ចុះ​ឈ្មោះបោះឆ្នោត​បន្ទាប់ពី គ.ជ.ប ពិនិត្យ​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​កែ​តម្រូវនិង​កែ​លម្អ​បន្ថែម​ទៀត។ ជាការ​កែ​លម្អ​បន្ទាប់​ពីគ.ជ.ប ដំណើរ​ការ​ចុះ​ឈ្មោះ​បាន​ចំនួន​១០​ថ្ងៃនិង​ទទួល​បាន​ចំនួន​អ្នកចុះ​ឈ្មោះ​ឆ្នោត​ជាង​១​លាន ​៣សែន ២ម៉ឺន​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​៩​កញ្ញា។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​កែ​លម្អ​ដំណើរ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​បន្ទាប់​ពីគ.ជ.ប ពិនិត្យ​ឃើញ​ថា នៅ​មាន​ចន្លោះ​ប្រហោង​ដែល​បណ្ដាល​មក​ពី​កំហុស​អក្ខរាវិរុទ្ធ។ កំហុស​អក្ខរាវិរុទ្ធ​ដែល​កើត​ចេញ​ពី​អ្នកទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​ការីកុំព្យូទ័រ​របស់ គ.ជ.ប គឺ​ពួក​គាត់​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ទៅ​លើ​ឈ្មោះ​និង​ភេទ មុន​នឹង​ចុះ​ឈ្មោះ។ នេះ​បើ​ការ​បញ្ជាក់​របស់ លោក ហង្ស ពុទ្ធា មន្ត្រី​អ្នកនាំ​ពាក្យ គ.ជ.ប ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

លោក​បន្ត​ថា ការ​ចុះ​ឈ្មោះ​កន្លង​មក​មាន​ការ​ភ័ន្ត​ច្រឡំ​ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ជា​ស្ត្រី​ត្រូវ​បាន​ដាក់​​ជា​ភេទ​ប្រុស។ ហើយ​ឈ្មោះ​ខ្លះ​ទៀត​ស្រះ​នៃ​ឈ្មោះ​ផ្ទុយ​ពី​អត្តសញ្ញាណប័ណ្ណ ដែល​កំហុស​ទាំង​នេះ គ.ជ.ប ទាមទារ​ឲ្យ​មន្ត្រី​ចុះ​ឈ្មោះបោះ​ឆ្នោត​នៅ​គ្រប់​បណ្ដាល​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់នៅ​ពេល​បំពេញ​ការងារ។ ទោះ​ជា​មាន​បញ្ហា​មួយ​ចំនួន​ដែល គ.ជ.ប ណែនាំ​ឲ្យ​មន្ត្រី​ចុះ​ឈ្មោះបោះឆ្នោត​ត្រូវ​កែ​តម្រូវ​និង​កែ​លម្អ​បន្ថែម​ក៏​ដោយ​តែ គ.ជ.ប បាន​អះអាង​ថា ដំណើរ​ការ​ចុះ​ឈ្មោះរបស់​ខ្លួន​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​កន្លង​មក​ទទួល​បាន​លទ្ធ​ផល​ល្អ។

បន្ថែម​ពី​លើ​ការ​លើក​ឡើង​របស់​លោក ហង្ស ពុទ្ធា គឺ​តាម​រយៈ​សេចក្ដី​ណែនាំ​ចុះ​ថ្ងៃ​ទី ៩ កញ្ញា គ.ជ.ប បាន​ជម្រុញ​ឲ្យ​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​ជំរុញ​ការងារ​អប់រំ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ប្រចាំ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​បិទ​ផ្សាយ​ខិត្ត​ប័ណ្ណ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មុខការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ហើយ​នៅ​ខាង​ក្រៅ​ការិយាល័យ​ចុះ​ឈ្មោះបោះ​ឆ្នោត​ត្រូវរៀប​ចំ​សណ្ដាប់​ធ្នាប់​និង​ឲ្យ​មាន​ច្រក​ចេញ​និង​ចូល។ ចំពោះ​ការី​កុំព្យូទ័រ ត្រូវ​ជួយ​កាន់​ដៃ​ដាក់​លើម៉ាស៊ីន​ស្គែន ចំពោះ​អ្នក​សុំ​ចុះ​ឈ្មោះបោះ​ឆ្នោត​ណា​ដែល​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង។

សូមបញ្ជាក់ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​រយៈ​ពេល​បី​ខែ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១កញ្ញា​ នេះ​រហូត​ដល់​ថ្ងៃ​ទី ​២៩​វិច្ឆិកា ដោយ​មាន​ការិយាល័យ​ចុះ​ឈ្មោះបោះ​ឆ្នោត​នៅ​ក្នុង​សង្កាត់ជាង​ ១៦០០​កន្លែង និង​បុគ្គលិក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន ​៧២០០នាក់។ ហើយ​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ ការ​ចុះ​ឈ្មោះបោះឆ្នោត​ថ្មី​នេះ​ធ្វើ​ឡើងក្រោម​ជំនួយ​បច្ចេកទេស​ទំនើប​របស់​ជប៉ុន​និង​សហភាព​អឺរ៉ុប ដើម្បី​រៀប​ចំ​បញ្ចី​បោះឆ្នោត​ថ្មី​ឆ្នាំ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI