ក្រសួងហៅអ្នកកាសែតទៅបង្រៀនពីវិជ្ជាជីវៈ ខណៈការផ្សាយតាមអនឡាញមួយចំនួនប្រាស់ចាកវិជ្ជាជីវៈ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកកាសែតប្រមាណជាង២០០នាក់ មកពីអង្គភាពផ្សេងៗដែលភាគច្រើនជាអ្នកផ្សាយតាមអនឡាញ ត្រូវបានក្រសួងព័ត៌មានហៅទៅរៀនពីវិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅថ្ងៃនេះ ខណៈការផ្សព្វផ្សាយរបស់ពួកគេមួយចំនួនខ្វះវិជ្ជាជីវៈ។ ចំណាត់ការរបស់ក្រសួងព័ត៌មាននៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាល បានស្តីបន្ទោសលើអ្នកកាសែតអនឡាញមួយចំនួនថាគ្មានវិជ្ជាជីវៈនៅពេលពួកគេចូលរួមពិសារអាហារសាមគ្គីប្រចាំឆ្នាំកាលពីខែមុន។
ការហៅអ្នកសារព័ត៌មានទៅរៀននៅក្រសួងព័ត៌មាន ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»នេះក្នុងបំណងបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សំដៅធានាការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ នេះជាការគូសបញ្ជាក់របស់ក្រសួងព័ត៌មាន។
មានអ្នកកាសែតប្រមាណជាង២០០នាក់ មកពីអង្គភាពផ្សេងៗ ដែលភាគច្រើនជាអ្នកផ្សាយតាមអនឡាញ ដែលបានចូលរៀនពីវិជ្ជាជីវៈនេះ ខណៈការផ្សព្វផ្សាយរបស់ពួកគេមួយចំនួនខ្វះវិជ្ជាជីវៈ។
ខណៈដែលប្រជាជនភាគច្រើនមិនចង់មើលទូរទស្សន៍ឬស្តាប់វិទ្យុដែលមានវិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានវិជ្ជាជីវៈ បែរជាបាននិងកំពុងត្រូវបានចាប់អារម្មណ៍ចូលមើលច្រើនពីសាធារណៈជនទៅវិញ។ នេះគឺជាមូលហេតុមួយដែលធ្វើឲ្យអ្នកកាសែតគ្មានវិជ្ជាជីវៈ កាន់តែមានអំណួតក្នុងការបន្តការងារដែលគ្មានវិជ្ជាជីវៈរបស់ខ្លួន។ នេះជាការកត់សំគាល់របស់ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។
យ៉ាងណាក៏ដោយ លោក ប៉ែន បូណា ទទួលស្គាល់ថា វាពិតជាលំបាកក្នុងការចាត់វិធានការទៅលើអ្នកកាសែតមួយចំនួនដែលផ្សាយប្រាសចាកពីវិជ្ជាជីវៈ ប៉ុន្តែជម្រើសដែលសមស្របបំផុតនោះ គឺមានតែ ហៅពួកគេហៅទៅរៀនសូត្រពីវិជ្ជាជីវៈបន្ថែមតែប៉ុណ្ណោះ។
បើតាមក្រសួងព័ត៌មាន នៅកម្ពុជាមានស្ថាប័នព័ត៌មានរាប់ពាន់កន្លែង តែស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈដែលផ្សាយជាប្រចាំថ្ងៃមានត្រឹមតែរាប់រយតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ