អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អវត្តមាន​កត្តា​ចាំបាច់​មួយ​ចំនួន​ ធ្វើ​ឲ្យ​ការ​សិក្សា​របស់​សិស្ស​ទូទាំង​ប្រទេស​ នៅ​តែ​មាន​គម្លាត​គ្នា

សំឡេង ០៤:២៩
កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។
កុមារដែលទទួលការអប់រំត្រឹមត្រូវមួយ គឺជាធនធានចម្បងសម្រាប់ជោគវាសនារបស់ប្រទេសកម្ពុជា។ @Yim Mary
ដោយ៖ ញឹម សុផល

គោលការណ៍​កុមារ​មេត្រី ដែល​វិស័យ​អប់រំ​ខ្មែរ​បាន​ដាក់​ឲ្យ​សាលា​នានា​អនុវត្ត​នោះ នៅ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​ទូទៅ​នៅ​ឡើយ ដោយហេតុ​ថា​របាយការណ៍​នៃ​ចំណេះ​ដឹង​របស់​សិស្ស​នៅ​តាម​ខេត្ត ជនបទ​ដាច់​ស្រយាល និង​នៅ​ទី​ប្រជុំជន ទីក្រុង​នៅ​មាន​គម្លាត​គ្នា​នៅ​ឡើយ។ តាម​រយៈ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ គេ​សង្ឃឹម​ថា​បញ្ហា លើ​វិស័យ​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ តែ​ទាមទារ​ពេល​វេលា​យូរ​ដូច​គ្នា​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៦-២០១៧ នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​ ១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ។ នៅ​តាម​សាលា​បឋម​សិក្សា និង​មធ្យម​សិក្សា​នានា​នៅ​ទូទាំង​ប្រទេស កំពុង​តែ​រៀបចំ​ដំណើរ​ការ​ចុះ​ឈ្មោះ​សិស្ស​ថ្មី និង​បើក​បវេសនកាល ក្រោម​កំណែ​ទម្រង់​ចុង​អាណត្តិ​ទី​៥​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

 

ជុំវិញ​ការ​សិក្សា​របស់​សិស្ស​នៅ​ទូទាំង​ប្រទេស​នេះ មាន​ការងារ​ជា​ច្រើន​ ដែល​ក្រសួង​អប់រំ​និង​ផ្នែក​ពាក់ព័ន្ធ ដូចជា​សាលា គ្រូ​បង្រៀន សិស្សានុសិស្ស​ត្រូវ​បំពេញ។ នោះ​គឺ​ភាព​ប្រសើរ​នៃ​ការ​សិក្សា ឱកាស​នៃ​ការ​រៀន​ឡើង​ថ្នាក់​បាន​ច្រើន និង​អត្រា​នៃ​ការ​បោះបង់​ការ​សិក្សា​ថយ​ចុះ។

នៅ​ក្នុង​ដំណាក់​កាល​នៃ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​នា​អាណត្តិ​នេះ ពិត​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទាំង​អស់​នោះ​ទេ ដោយសារ​បញ្ហា និង​ចំណុច​អវិជ្ជមាន​លើ​វិស័យ​អប់រំ​នេះ បាន​កើត​មាន​ជា​ច្រើន​ពី​អតីតកាល ច្រើន​ស្ទើរ​តែ​ស្តារ​លែង​រួច។

ទោះ​យ៉ាង​នេះ​ក្តី​តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប កាល​ពី​ខែ​កញ្ញា កន្លង​ទៅ បង្ហាញ​ពី​ការ​វិវត្ត​លើ​កំណែ​ទម្រង់​ថ្នាក់​បញ្ចប់​នៃ​កម្រិត​មធ្យម​សិក្សា ដោយ​បង្ហាញ​នូវ​គុណភាព​គួរ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​កោត​សរសើរ ពោល​គឺ​ចំនួន​សិស្ស ដែល​រៀន​ពូកែ ជាប់​និទ្ទេស A កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ការ​កើន​ឡើង​នៃ​សិស្ស​ពូកែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ត្រូវ​បាន​សម្គាល់​ឃើញ​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ តំបន់​ទីប្រជុំជន ដែល​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ក៏​ព្រោះ​តែ​អាណាព្យាបាល​មាន​លទ្ធភាព និង​សិស្ស​ទទួល​បាន​ឱកាស​រៀន​ច្រើន​ជាង​សិស្ស​នៅ​តាម​បណ្តា​ខេត្ត ឬ​តំបន់​ដាច់​ស្រយាល។

ឈរ​លើ​ទស្សនៈ​នេះ គម្លាត​ការ​សិក្សា​រវាង​សិស្ស​នៅ​ទូទាំង​ប្រទេស គឺ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅ​ឡើយ។ មាន​មូលហេតុ​មួយ​ចំនួន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​សិស្ស​នៅ​តែ​មិន​អាច​រត់​តាម​គ្នា​ទាន់​នោះ​ គឺ​ធ្ងន់ធ្ងរ​ជាង​គេ​បញ្ហា​ជីវភាព។ ជា​ទូទៅ​ការ​សិក្សា​នៅ​តាម​ជនបទ បើក​ភ្នែក​ឡើង​សិស្ស​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​សិន​មុន​នឹង​ទៅ​សាលារៀន ក្នុង​នោះ​មាន​ដឹកគោ​ទៅ​វាល ឬ​ទៅ​ស្រែ ដើរ​រក​ស្មៅ​គោ​ជា​ដើម និង​បំពេញ​ការងារ​ផ្សេង​ៗ​ទៀត។ ផ្ទុយ​ទៅ​វិញ​សិស្ស​នៅ​តាម​ទីក្រុង បើក​ភ្នែក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឆ្អែត និង​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាព​ឡូយ​ឆាយ​ទៅ​សាលា។

ការ​រៀន​បន្ថែម ឬ​រៀន​គួរ សំបូរ​បែប​នៅ​ទីក្រុង និង​ទីប្រជុំជន។ សម្រាប់​សិស្ស ដែល​ប្រឹង​រៀន​សិស្ស​នៅ​តាម​ខេត្ត​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។ បញ្ហា​នេះ សិស្ស​នៅ​តាម​ខេត្ត​ និង​តំបន់​ដាច់​ស្រយាល​មាន​ឱកាស​តិច​តួច និង​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ ការ​រៀន​បន្ថែម​ឬ​រៀន​គួរ។

ងាក​ទៅ​មើល ធនធាន​គ្រូ​បង្រៀន​វិញ ក៏​មាន​ភាព​ខុសគ្នា​ដែរ ពោល​គឺ​គ្រូ​ដែល​មាន​ចំណេះ​ដឹង​គ្រាន់​បើ មិន​សូវ​មាន​ទេ នៅ​តាម​សាលា​ដាច់​ស្រយាល ខុស​ពី​នៅ​ទីក្រុង ដែល​សំបូរ​គ្រូ​មាន​ទេពកោសល្យ​ក្នុង​ការ​បង្រៀន។ ជាមួយ​គ្នា​នេះ សម្ភារៈ ឯកសារ​ឧបទេស ឯកសារ​សម្រាប់​ស្រាវជ្រាវ​បន្ថែម​ផ្សេងៗ​ ក៏​នៅ​មាន​ការ​ខ្វះខាត។

រីឯ​បរិយាកាស​ទូទៅ​វិញ​ គឺ​ពិត​ជា​មាន​ស្ថានភាព​ខុស​គ្នា​រវាង​សាលារៀន​នៅ​តាម​តំបន់​ដាច់​ស្រយាល​ និង​នៅ​តាម​ទីប្រជុំជន ឬ​ទីក្រុង។ ជាទូទៅ​សាលា​នៅ​តាម​ខេត្ត មាន​បរិស្ថាន​មិន​បាន​ល្អ​ដូច​ទីក្រុង​ទេ ដោយសារ​តែ​ខ្វះ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន គឺ​មាន​តែ​ថវិកា​របស់​រដ្ឋាភិបាល​តាម​ចំនួន​កំណត់​ណា​មួយ ដែល​មិន​ឆ្លើយ​តប​ដល់​តម្រូវ​ការ​អភិវឌ្ឍ​ជាក់​ស្តែង​នៅ​ឡើយ។សរុប​មក​គោលការណ៍​កុមារ​មេត្រី និង​គោលការណ៍​អប់រំ​សម្រាប់​ទាំង​អស់​គ្នា បច្ចុប្បន្ន មិន​ទាន់​ឆ្លើយ​តប​បាន​លើ​វិស័យ​អប់រំ​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី ក្រសួង​អប់រំ​ខ្មែរ បាន​ធ្វើ​កំណែ​ទម្រង់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បង្ហាញ​ពី​មោទនភាព​ជា​បណ្តើរ​ៗ​ហើយ តែ​ជា​ការ​កត់​សម្គាល់​បញ្ហា​ទាក់ទង​ទៅ​នឹង​វិស័យ​អប់រំ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ក្រសួង​បណ្តុះ​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​នេះ ខកខាន​បំពេញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក នឹង​មិន​អាច​ដោះស្រាយ​បាន​ភ្លាម​ៗ​ទាំង​អស់​បាន​នៅ​ឡើយ​ទេ។ ហើយ​ដរាប​ណា​ដំណោះស្រាយ​លើ​វិស័យ​អប់រំ ដែល​រង​ការ​រិះគន់​កន្លង​មក​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ជាទូទៅទេ គម្លាត​រវាង​ការ​សិក្សា​នៅ​ទូទាំង​ប្រទេស ក៏​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ