អង្គការក្រៅរដ្ឋាភិបាល ៖ សាលារៀនជាង ៤៤% ខ្វះខាតថវិកាគាំទ្រផែនការអភិវឌ្ឍ
ចុះផ្សាយនៅថ្ងៃ៖
តំណាងបណ្តុំអង្គការសង្គមស៊ីវិលជាង ១០០ ដែលធ្វើការងារលើវិស័យអប់រំ នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ បានប្រកាសបើក «យុទ្ធនាការសប្តាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ» ដែលបានជម្រុញឲ្យ រាជរដ្ឋាភិបាលកម្ពុជា បង្កើនថវិកាសម្រាប់វិស័យអប់រំយ៉ាងតិច ២០% នៃថវិកាជាតិ ឬ ៤% នៃផលិតផលក្នុងស្រុកសរុប។ អង្គការសង្គមស៊ីវិល រកឃើញថា សាលារៀនជាង ៤៤% ខ្វះខាតថវិកាគាំទ្រផែនការអភិវឌ្ឍ និងទិញសម្ភារៈបង្រៀនប្រចាំថ្ងៃ ដូច្នេះការបន្ថែមថវិកាជាតិ លើវិស័យអប់រំ នឹងជម្រុញឲ្យមានគុណភាពអប់រំ និងជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររយៈពេលវែង។
លោក ជិន សំអឿន មន្រ្តីអប់រំ នៃអង្គការ ActionAid កម្ពុជា បានបញ្ជាក់ថា មានសាលារៀន ៥២ ក្នុងចំណោម សាលារៀនគោលដៅសរុប ១១៨ (ក្នុងខេត្តចំនួន ៥ ៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ កោះកុង ឧត្តរមានជ័យ និងព្រះវិហារ) ដែលអង្គការ Action Aids កម្ពុជា បានធ្វើការសិក្សា គឺ កំពុងប្រឈមនឹងកង្វះខាតថវិកាគាំទ្រផែនការអភិវឌ្ឍសាលារៀន។ លោកបន្ថែមថា ក្នុងកញ្ចប់ថវិកាជាតិឆ្នាំ ២០១៧នេះ សម្រាប់វិស័យអប់រំទទួលបានថវិកាប្រមាណ ១៨.៧% នៃថវិកាចំណាយចរន្តសរុប ជាង ដប់បីលានរៀល (១៣,០៥០,៦៨៦លានរៀល) ឬ ប្រហែលនឹង ជាងបីពាន់លានដុល្លារ (៣,២៦២លានដុល្លារ) ដែលក្នុងនោះថវិកា ៨០% គ្រោងចំណាយលើប្រាក់បៀវត្សគ្រូបង្រៀន ខណៈ ២០% ទៀតនឹង ចំណាយលើ កម្មវិធីអភិវិឌ្ឍន៍សាលា។
លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល បានថ្លែងក្នុងឱកាសបើក «យុទ្ធនាការសប្តាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ» នៅថ្ងៃអង្គារនេះថា ដើម្បីធានាការអប់រំមានគុណភាព បរិយាប័ន្ន សមធម៌ និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាអនុសាសន៍របស់ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា គួរវិភាជថវិកា (បែងចែកថវិកា) យ៉ាងហោចណាស់ ៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ឬជាអប្បបរមា ២០% នៃថវិកាជាតិសរុប សម្រាប់វិស័យអប់រំ។ លោកបន្ថែមថា ការវិនិយោគលើវិស័យអប់រំរបស់ កម្ពុជា នៅត្រឹមកម្រិត ២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) គឺមិនទាន់គ្រប់គ្រាន់ឡើយ បើធៀបនឹងប្រទេសវៀតណាម បែងចែកថវិកាលើវិស័យអប់រំ ៧% នៃផលិតផលក្នុងស្រុកសរុប (GDP)។
កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៦នេះ ព្រឹទ្ធសភា បានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ លើការ ចំណាយ ទឹកប្រាក់ ជាង ២០ ទ្រីលានរៀល (២០,១៨៤,៤៥៧ លានរៀល) ឬប្រហែលជាង ៥.០០០ លានដុលា្លរ ស្មើនឹង ២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន ១៥.៦% ធៀបនឹងថវិកាឆ្នាំ ២០១៦»។ ក្នុងនោះ ក្រសួងអប់រំ ទទួលបាន ថវិកាប្រមាណ ពីរទ្រីលានរៀល (២ ៧៣៩ ៩១៣ លានរៀល) ឬប្រហែលជាង ៦៧៧ លានដុល្លារ។
នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា បានបញ្ជាក់ថា ភាពខ្វះខាតថវិកាអភិវឌ្ឍវិស័យអប់រំ បានជម្រុញឲ្យ គ្រូបង្រៀនមួយចំនួន នៅតែបង្ខំចិត្ត រ៉ៃអង្គាសប្រាក់ពីសិស្ស ឬពីអាណាព្យាបាល ឬអ្នកវិនិយោគក្នុងតំបន់ ដើម្បីទិញសម្ភារៈបង្រៀនប្រចាំថ្ងៃ ឲ្យសាលាអាចបង្រៀនសិស្សបាន ដូចជា ថ្លៃក្តារខៀន ហ្វឺតសរសេរ និងរក្សាកញ្ចប់ថវិកាខ្លះ សម្រាប់ទូទាត់បង់ថ្លៃសេវាទឹក អគ្គិសនី ជួសជុលរបងសាលារៀន ជាដើម។
គួរជម្រាបថា «យុទ្ធនាការសប្តាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ» គឺជា យុទ្ធនាការប្រចាំឆ្នាំមួយ ដែលប្រារព្ធឡើងពេញមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមេសា ក្នុងពេលតំណាលគ្នានៅជុំវិញពិភពលោក។ ក្រៅពី បើកយុទ្ធនាការនៅភ្នំពេញ ក្រុមការងារអង្គការសង្គមស៊ីវិល ដែលគាំទ្រវិស័យអប់រំនៅ ៥ខេត្តផ្សេងទៀត រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង កោះកុង ឧត្តរមានជ័យ ព្រះវិហារ ក៏ចូលរួមរៀបចំយុទ្ធនាការរយៈពេលមួយសប្តាហ៍នេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ