កម្ពុជា

ពលរដ្ឋ​បារាំងនិង​អ្នក​មាន​សញ្ជាតិ​បារាំង នៅស្រុក​ខ្មែរ​ ចេញ​ទៅបោះឆ្នោត​ប្រធានាធិបតី​ ជុំ​ទី១!

ថ្ងៃទី​២៣មេសានេះ គឺជា​ថ្ងៃបោះឆ្នោត​ប្រធានាធិបតីបារាំង ជុំទី១។ ពលរដ្ឋ​នៅ​ប្រទេ​ស​បារាំង ចាប់​ផ្តើម​បោះឆ្នោត​ ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៥ល្ងាច ហើយ​នៅ​បណ្តាប្រទេស​ដទៃទៀត ក៏បោះ​ឆ្នោត​នៅក្នុង​​ម៉ោង​ដូច​គ្នា​អ៊ី​ចឹង​ដែរ​។ ចំណែ​ក​ពលរដ្ឋ​បារាំង​ឬអ្នក​មាន​សញ្ជាតិ​បារាំង នៅ​ស្រុក​ខ្មែរ​វិញ​ ក៏​បាន​បោះឆ្នោត​នៅ​តាម​ស្ថានទូ​តបារាំង​​នឹង​គេ​ផង​ដែរ​​។  

បេក្ខជន​ទាំង១១រូប នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង
បេក្ខជន​ទាំង១១រូប នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង REUTERS/Eric Gaillard/File Photo
ផ្សាយពាណិជ្ជកម្ម

ចំពោះ​ពលរដ្ឋ​បារាំង​ ដែល​រស់​នៅ​ ធ្វើការ​នៅកម្ពុជា និង​ចំពោះ​អ្នក​មាន​សញ្ជាតិ​បារាំង រស់​​នៅស្រុក ខ្មែរ គឺ​​បាន​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ភ្នំពេញ ចាប់តាំងពី​ម៉ោង​៨ព្រឹក​មក​​ម្ល៉េះ។

​នៅ​ក្រុង​ភ្នំពេញ​នេះតែម្តង​ ជន​ជាតិ​បារាំង​ដើម​កំណើត​ខ្មែរមួយ​ចំនួន ក៏​បាន​ទៅ​បោះឆ្នោត​នឹង​គេ​ដែរ!​ អ្ន​កខ្លះទៀត​​ បានខំ​​ស្កាត់​មក​ពីទេសចរណ៍​ដែល​ពួក​គេ​កំពុងរស់​នៅនិង​​ធ្វើការ ដូច​ជា​​ខេត្ត​សៀមរាម ឬ​ក្រុង​ព្រះសីហនុ​ជា​ដើម ដើម្បី​បានមក​​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​។​ តែក៏​មាន​ដែរ អ្ន​កដែល​មាន​សញ្ជាតិ​បារាំង​ហើយ មិន​ព្រម​ទៅ​បោះឆ្នោត ដោយ​គេ​យល់ថា មិន​ដឹង​ជ្រើស​រើស​យក​បេក្ខជន​មួយ​ណា ដូច្នេះ​ រឿង​បារាំង​ ទុក​ឲ្យ​បារាំង​ជ្រើស​រើស​ចុះ​។​ នេះបើ​តាម​អ្នក​ផ្តល់​សម្ភាស​ដែល​មិនចង់​​បញ្ចេញ​ឈ្មោះ។​

គួរ​ជ្រាបដែរ​​ថា នៅ​ស្រុក​ខ្មែរ ជនជាតិ​បារាំង​និង​អ្នក​មាន​សញ្ជាតិ​បារាំង មាន​ប្រមាណ​​ជិត​៥ពាន់​នាក់ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ត្រឹមត្រូវ​នៅ​ស្ថានទូត តែក៏មាន​ដែរ អ្នក​ដែល​មិន​បាន​ចុះ​បញ្ជី។ ដូច្នេះ​ ចំនួន​ជន​ជាតិ​បារាំង​អាច​មាន​ច្រើន​ជាង​នេះ​។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​នេះ, មាន​អ្ន​កដែល​បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោត ​គឺ​ប្រមាណ ៣ពាន់​១រយនាក់ ដែល​ត្រូវ​ទៅ​​បោះឆ្នោត​នៅ​ស្ថានទូត​បារាំងក្នុង​ក្រុង​ភ្នំពេញ​ នៅថ្ងៃនេះ ដើម្បី​​ជ្រើសរើស​បេក្ខភាព​ប្រធានា​ធិបតី​បារាំង​​ ជុំទី១។ ការ​បោះឆ្នោត​​ប្រធានាធិបតីបារាំង ជុំទី១​នៅ​លើក​នេះ គឺ​មាន​បេក្ខជន​ចំនួន​១១រូប ហើយ​គេ​ត្រូវ​ជម្រុះ​យក​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ សម្រាប់​ការ​បោះឆ្នោត​ជុំទី២ នៅ​ពីរ​សប្តាហ៍​ទៀត គឺថ្ងៃទី​៧ឧសភា ដែលជា​ថ្ងៃផ្តាច់​ព្រ័ត្រ។

សូម​បញ្ជាក់ថា រដ្ឋាភិបាល​បារាំង​ គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បារាំង​និងអ្នក​មាន​សញ្ជាតិ​បារាំង នៅ​បរទេស​ អាច​បោះ​ឆ្នោត​ពី​ចម្ងាយបាន​ តាម​ស្ថានទូត​របស់​គេ​ នៅ​តាម​គ្រប់​បណ្តា​ប្រទេស​ ស្ទើរតែ​គ្រប់​ទូទាំ​ង​ពិភពលោក។ ក្នុង​នោះ​ បើ​រាប់​តែ​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅបរទេស​បារាំង គឺមានដល់ទៅ​​ជាង ​៨៦០ កន្លែង​។ តួយ៉ាង​ នៅ​កម្ពុជា មាន​មួយ​កន្លែង​នៅភ្នំពេញ​។ នៅ​វៀតណាម មាន​ពីរ​កន្លែង​ គឺនៅ​រដ្ឋធានី​ហាណូយ និង​ក្រុង​ហូជីមីញ​។ ចំណែក​នៅ​ថៃ គឺមាន​ដល់ទៅ​៦ការិយាល័យ គឺ​ក្នុង​​រាជធានីបាំងកក ២កន្លែង, នៅ​ឈាងមៃ, ខនកេន, បាត់តាយ៉ា និង ភូកេត។ ដោយ​ឡែក នៅ​ឡាវ ក៏​មាន​មួយ​ការិយាល័យ​ដែរ គឺនៅ​រដ្ឋ​ធានី​ វៀង​ច័ន្ទ ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI