កម្ពុជា

ត្រឹម​ពីរ​សប្តាហ៍ គជប ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ជិត ២​លាន​នាក់

ការិយាល័យ​ចុះ​ឈ្មោះ​អ្ន​កបោះឆ្នោត​​នៅ​ក្នុង​សង្កាត់​កាចាញ ​ខេត្ត​រតនគិរី​
ការិយាល័យ​ចុះ​ឈ្មោះ​អ្ន​កបោះឆ្នោត​​នៅ​ក្នុង​សង្កាត់​កាចាញ ​ខេត្ត​រតនគិរី​ សហការី

ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ គជប បាន​សន្និដ្ឋាន​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បាន​ជិត​ ២​លាន​នាក់ហើយ នា​កន្លង​មក ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ បើ​ទោះបី​ជួប​ប្រទះ​នឹង​ឧបសគ្គ​ខ្លះ​ៗ​យ៉ាង​ណា​ក្តី។ អង្គការ និកហ្វិច កត់​សម្គាល់​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដែល​សម័្ពន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​បាន​រក​ឃើញ តាម​រយៈ​អ្នក​សង្កេតការណ៍ ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះបោះឆ្នោត ជាង​មួយ​ពាន់​នាក់​ រួមមាន​កំហុស​របស់​មន្រ្តី​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការងារ​បច្ចេក​ទេស។

ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មការធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គជប) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​ច្រើន​ លើស​ពី​ការ​រំពឹង​ទុក គឺ​ពីរ​សប្តាហ៍ កើន​ដល់​ជិត ២​លាន​នាក់។ លោក​បាន​បន្ថែម​ថា ការ​ចុះ​ឈ្មោះ​កន្លង​មក ក៏​មាន​ឧបសគ្គ​មួយ​ចំនួន​ដែរ រាប់​បញ្ចូល​តំបន់​មួយ​ចំនួន មាន​ជំនន់​ទឹក​ភ្លៀង និង​ការ​ងារ​បច្ចេក​ទេស​កុំព្យូទ័រ​ជួប​បញ្ហា ឬ​ខូចខាត តែ​មិន​ប៉ះ​ពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះបោះឆ្នោត​ឡើយ។

បើ​តាម គជប ត្រឹម​ពីរ​សប្តាហ៍ នៃ​ដំណើរ​ការ​ចុះ​ឈ្មោះបោះឆ្នោត​នៅ​កម្ពុជា គិត​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី ១៣​ កញ្ញា គជប ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត បាន​ ​១​លាន​៩សែន នាក់(១,៩២៩,៣៦២)​ ឬ​ស្មើ​នឹង ១៩.៩៦% ក្នុង​នោះ​ស្រ្តី ជាង ១លាននាក់ (១,០៣៣,៩៨៤) ខណៈ​ចំនួន​ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង មាន​សរុប ៩លាន​៦សែន​នាក់ (៩,៦៦៤,២១៦)។

លោក សម គុណធាមី នាយក​ប្រតិបត្តិ អង្គការនិកហ្វិច បាន​កត់​សម្គាល់​ថា ចំនួន​អ្នក​ចុះ​ឈ្មោះបោះឆ្នោត អាច​នឹង​ចូលរួម​ច្រើន​នៅ​ពេល​ដំបូង​ តែ​នឹង​បន្ថយ ទៅ​វិញ នៅ​ពាក់​កណ្តាល​ទី ហើយ​សម្រុក​មក​ចុះ​ឈ្មោះ​វិញ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ចុះ​ឈ្មោះ។ លោក​បាន​បន្ថែម​ថា និកហ្វិច រួមនឹង សម័្ពន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាង​មួយ​ពាន់​នាក់ រក​ឃើញ​ថា ពលរដ្ឋ​នៅ​តាម​ជន​បទ​ដាច់​ស្រយាល មិន​សូវ​យល់​ដឹង​ពី​ការ​ចុះ​ឈ្មោះ ព្រម​ទាំង​ជួប​ការ​លំបាក និង​ខ្វះខាត​ឯកសារ។

លោក​បញ្ជាក់​ថា អំឡុង​ពេល​ចុះ​ឈ្មោះ​កន្លង​មក ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន​បើក​យឺត​ពេល បច្ចេក​ទេស​កុំព្យូទ័រ​មាន​ការ​រអាក់​រអួល មន្រ្តី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខក​ខាន​ផ្ទៀងផ្ទាត់​លក្ខខណ្ឌ​អាយុ ១៨​ឆ្នាំ និង​មិន​បាន​​ថតរូប ស្កេន​ក្រយៅ​ដៃ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ដើម។

ត្រឹម​ថ្ងៃទី​១២ កញ្ញា ២០១៦ គជប អនុញ្ញាត​អោយ អ្នក​សង្កេតការណ៍ សរុប ១,៨០៥ នាក់ រាប់​បញ្ចូល​ទាំង អ្នក​សង្កេតការណ៍​ចល័ត ២៩នាក់ មក​ពី​៧ស្ថាប័ន ចូលរួម​សង្កេត​ឃ្លាំមើល​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ សង្កាត់ ទាំង ១៦៣៣ ទូទាំង​ប្រទេស​កម្ពុជា។ លោក សម គុណធាមី នាយក​ប្រតិបត្តិ អង្គការ​និកហ្វិច ថ្លែង​ថា គណបក្ស​នយោបាយ​អាច​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ តែនិកហ្វិច សង្កេត​ឃើញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ ដែល​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ។ លោក​ជឿ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ មាន​សុក្រឹត្យ​ភាព ដរាប​ណា​មាន​ការ​ចូលរួម​ពី​ភាគី​កាន់​តែ​ច្រើន៕

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គជប ទទួលពាក្យបណ្តឹង ចំនួន ១៧ តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះទេ។ លោកបន្ថែមថា ពាក្យបណ្តឹងទាំងនោះ មិនមែនប្តឹង​មន្រ្តីចុះឈ្មោះបោះឆ្នោតទេ តែពាក់ព័ន្ធនឹង ​ការរារាំង​រំខានដល់ដំណើរការចុះឈ្មោះបោះព្រមទាំង បណ្តឹងទាក់ទងបុគ្គល កាន់អត្តសញ្ញាណបណ្ណ ត្រូវបានគេសង្ស័យថា មិនមែនជាខ្មែរ ដែលជាសមត្ថកិច្ច​របស់ក្រសួងមហាផ្ទៃ ។

គូរជម្រាបថា គិតត្រឹមថ្ងៃទី​១៣ កញ្ញា គជប បានទទូលពាក្យបណ្តឹង ៩ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានពាក្យបណ្តឹង ៨ មកពី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពត ខេត្ត​ព្រះសីហនុ និងខេត្តសៀមរាប។ តែបណ្តឹងទាំង ១៧ នេះ គជប បាន​ ចារបដិសេធន៍ ចំនួន ៦បណ្តឹង ក្រោមហេតុផលថា ពាក្យបណ្តឹង​ដាក់ក្រោយ​ពេលច្បាប់កំណត់ ឬកម្មវត្ថុ​នៃ​ពាក្យ​បណ្តឹង​​មិនពាក់ព័ន្ធនឹងការបដិសេធន៍​សុំចុះឈ្មោះបោះឆ្នោត ឬ កម្មវត្ថុ​នៃ​ពាក្យ​បណ្តឹង​មិនស្ថិតក្នុងសមត្ថកិច្ច​របស់ ក្រុមប្រឹក្សា ឃុំសង្កាត់។ បណ្តឹងនៅសល់ ១១ទៀត គជប និងក្រុមប្រឹក្សាឃុំ សង្កាត់ កំពុងពិនិត្យដោះស្រាយ ខណៈបណ្តឹង ចំនួន ២ ដើមបណ្តឹង​បានដកពាក្យវិញ និង​បណ្តឹងចំនួន មួយ ទៀត​ បានផ្សះផ្សាសៈជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI