អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ដឹក​នាំ​សេដ្ឋកិច្ច​គ្រួសារ គឺ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​សន្លឹក​ឆ្នោត​សមាជិក​ឯ​ទៀត?

សំឡេង ០៤:១៩
ការបោះឆ្នោតឃុំសង្កាត់
ការបោះឆ្នោតឃុំសង្កាត់
ដោយ៖ ញឹម សុផល
២៦ នាទី

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចូល​មក​ដល់​នៅ​ ថ្ងៃ​ទី​៤​ខែ​មិថុនា​ខាង​មុខ។ ជា​ទូទៅ​ការ​ធ្វើ​សកម្មភាព​របស់​សមាជិក​និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ នីមួយៗ ហាក់​មិន​សូវ​មាន​សកម្មភាព​ផុលផុស​ដូច​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​ឡើយ។ ដោយ​ឡែក​ឥរិយាបទ ឬ​ទំលាប់​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ​ក៏​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​ហ្នឹង ​ដែរ​គឺ ការ​សម្រេច​ចិត្ត​ទំលាក់​សន្លឹង​ឆ្នោត​ទៅ​ក្នុង​ហិប​ត្រូវ​គេ​មើល​ឃើញ​ថា អាច​យោង​ទៅ​តាម​អ្នក​ក្តោប​ក្តាប់​សេដ្ឋកិច្ច​គ្រួសារ ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​យុវជន។

ផ្សាយពាណិជ្ជកម្ម

មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ គណបក្ស​ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤ ចំនួន​១២ គណបក្ស អាច​នឹង​បាន​ដឹង​ខ្លះៗ​ហើយ​ថា តាម​រយៈ​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ គួរ​ទទួល​បាន​លទ្ធផល​កំរិត​ណា នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ខាង​មុខ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត។ វា​គឺជា​ការ​ស្ទាប​ស្ទង់ ដោយ​ផ្ទាល់​នូវ​កំលាំង​ពិត​របស់​គណបក្ស​នីមួយៗ និង​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

ក៏​ប៉ុន្តែ​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ដែល​គេ​មិន​អាច​ធ្វើការ​វាយ​តម្លៃ​ដូច​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ ឬ​ការ​បោះ​ឆ្នោត​សកល​បាន​ទេ។ លើ​ចំណុច​នេះ ឥរិយាបទ​នៃ​ការ​បោះ​ឆ្នោត របស់​ប្រជាពលរដ្ឋ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ។ ទាក់​ទង​ទៅ​នឹង​ការ​ជ្រើស​រើស​តំណាង​របស់​ពួក​គេ​នៅ​តាម​មូលដ្ឋាន សម្រាប់​បរិបទ កម្ពុជា​បច្ចុប្បន្ន ត្រូវ​គេ​សម្គាល់​ទៅ​លើក​ភាព​ខុស​គ្នា​ពី​អតីតកាល​នូវ​ចំណុច​មួយ​ចំនួន។ នោះ​គឺ​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​សេដ្ឋកិច្ច​គ្រួសារ ដែល​អ្នក​កាច់​ចង្កូត​សេដ្ឋកិច្ច ជា​អ្នក​សម្រេច​ដ៏​សំខាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ និង​ថ្ងៃ​ខាង​មុខ។

គេ​នៅ​ចាំ​បាន​ថា ពី​អតីតកាល បន្ទាប់​ពី​ប្រទេស​កម្ពុជា​រួច​ផុតពី​សង្គ្រាម ឪពុក ម្តាយ អាណាព្យាបាល ដែល​ជា​ចាស់​ទុំ នៅ​ក្នុង​គ្រួសារ​គឺ​ជា​អ្នក​មាន​ឥទ្ធិពល​ទៅ​លើ​កូន​ចៅ​នៅ​ក្នុង​បន្ទុក ជា​ពិសេស​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត។ ការ​ណែ​នាំ​របស់​អាណាព្យាបាល ឳពុក ម្តាយ ដល់​បុត្រ​ធីតា​របស់​ខ្លួន ឲ្យ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ដែល​ពួក​គាត់​ស្រលាញ់​ពេញចិត្ត អ្នក​នៅ​ក្នុង​បន្ទុក​ត្រូវ​តែ​តាម​គាត់ ដោយ​សារ​តែ​គាត់ ជា​អ្នក​កាន់​សេដ្ឋកិច្ច​គ្រួសារ​នៅ​ក្នុង​ដៃ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជា​អ្នក​កំណត់​ជោគ​វាសនា​អនាគត ដល់​កូន​ចៅ។

ក៏​ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ ចាស់​ទុំ​នៅ​ក្នុង​ផ្ទះ​ភាគ​ច្រើន បាន​ក្លាយ​ទៅ​ជា​បុគ្គល​សម្រាប់​ជាទី​សក្ការៈ​របស់​កូនចៅ និង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​លែងមាន​ឥទ្ធិពល​ទៅលើ​បុត្រ​ធីតា​របស់ខ្លួន​ដ៏​ពេញលេញ​ដូច​លើក​មុន។ លែង​មាន ដោយ​សារ​តែ​ទីមួយ សេដ្ឋកិច្ច​របស់​គ្រួសារ​ត្រូវបាន​ដឹក​នាំ​ដោយ​កូន ឬ​ចៅ ដែល​អ្នក​រក​ចំណូល​ដ៏​ចំបង តាម​រយៈ​ការ​ប្រកប​អាជីវកម្ម​នានា ការ​ធ្វើ​ការ​ជា​មន្ត្រីរាជការ ជា​បុគ្គលិក​នៅ​តាម​សហគ្រាស​ឯកជន និង​ជា​កម្មករ នៅ​តាម​រោងចក្រ​សហគ្រាស ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពលករ​ចំណាក​ស្រុក​នៅ​ឯ​ក្រៅ​ប្រទេស។

ទី​ពីរ សមាជិក​គ្រួសារ ដែលជា​កូន ជា​ចៅ ឬ​យុវជន ដែល​ពេញវ័យ​គ្រប់​អាយុ​បោះឆ្នោត មាន​ការវិវត្ត​ខាង​ចំណេះ​ដឹង​ខ្ពស់​ជាង​ចាស់ៗ ដូច្នេះ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​មាន​ភាព​ឯករាជ្យ​ក្នុងការ ជ្រើសរើស​និង​ផ្តល់​ការ​ជឿ​ជាក់​ទៅ​លើ​គណបក្ស​ដែល​គេ​ទុក​ចិត្ត ដោយ​មិន​ចំណុះ​ឲ្យ​ការ​ណែនាំ​របស់​មនុស្ស​ចាស់​ទៀតឡើយ។

ដូច្នេះ​ទោះ​ជា​មាន​ការ​ស្ទាប​ស្ទង់ និង​ការ​រំពឹង​ទុក​ដូច​សព្វ​មួយ​ដង​របស់​គណបក្ស​នីមួយៗពី​កំលាំង​ពិត​របស់​ខ្លួន​ក៏​ដោយ ក៏​អ្វីៗ​អាច​នឹង​មាន​ការ​ប្រែ​ប្រួល ប្រសិន​បើ​ការ​យល់​ឃើញ​ពី​បរិបទ របស់​ប្រទេស​និង​ឥរិយាបទ​នៃ​អ្នក​បោះ​ឆ្នោត​មាន​ការវិវត្ត​ទៅ​រក​របត់​មួយ​ផ្សេង​ពី​អតីតកាល។

មួយ​វិញ​ទៀត ការ​បោះ​ឆ្នោត​នៅក្នុង​ក្របខ័ណ្ឌ ក្រុមប្រឹក្សាឃុំ​សង្កាត់ មិន​អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​ទៅ​លើ​ការបោះឆ្នោត​សកល​បានទេ។ មិនអាច​ដោយសារ ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាន់តែ​ជាការ​បោះឆ្នោត ដែល​មនុស្ស​វ័យ​ចំណាស់​មានការ​ស៊ាំ​រួចទៅហើយ នៅឡើយ​តែ​ក្រុមយុវជន ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ប៉ុណ្ណោះ ដែល​ពួកគេ​ចង់បង្ហាញ​ពី​មោទនភាព​ចំពោះ​វ័យ ដែល​គេ​អាចធ្វើ​ការសម្រេច​ចិត្តជា​លើកដំបូង ក្នុងការ​ជ្រើសរើស ទោះជា​ការជ្រើសរើស​នោះ​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្តី ការជ្រើសរើស​សមាជិក​សភា​ក្តី។

ជាការ​ពិត ក្នុងចំណោម​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា យុវជន​ពិតជា​ដើរតួនាទី​សំខាន់​ជាង​មនុស្ស​វ័យ​ចំណាស់ ក៏ប៉ុន្តែ​អ្វី​ដែលជា​អត្ថប្រយោជន៍​សម្រាប់​ពួក​គាត់ គឺ​ជា​ការ​រំពឹង​ទុក​ពី​ការអភិវឌ្ឍ​មូលដ្ឋាន​ដែល​ពួកគេ​រស់នៅ​ប៉ុណ្ណោះ។ រីឯ​ឱកាស​ការងារ​វិញ យុវជន​តែង​សម្លឹង​ទៅរក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ច្រើន​ជាង ដោយសារ​ថ្នាក់ជាតិ​គឺជា​អ្នកកំណត់​ដ៏​ធំ ពី​ទីផ្សារការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន។ ទោះយ៉ាងណា​ភាពប្រាកដប្រជា គេ​នឹង​ឃើញ ជាក់លាក់ តាមរយៈ​លទ្ធផល​ឆ្នោត ដែល​នឹង​ប្រកាស​ក្រោយ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ