កម្ពុជា

គ​​.ជ.​​ប ​​ប្រកាស​​ថា​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​​មាន​​សុវត្ថិភាព ​​តែ​​សង្គម​​ស៊ីវិល​​ជម្រុញ​​ឲ្យ​​គ​.​ជ​.​ប​ ​បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត នាពេលកន្លងទៅ
ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត នាពេលកន្លងទៅ

គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ​.ជ.​ប)​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា ​ថា​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នោះ ​គេហទំព័រ ​គ.​ជ.​ប ដែល​មាន​អាសយដ្ឋាន​ www.​voterlist.​org.​kh ​មាន​ជន​ខិលខូច​បាន​ព្យាយាម ​Hack ​ចូល​កែ​ទន្ន​ន័យ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​ដែល ​គ.​ជ.​ប បង្ហោះ​លើ​ Website ​សម្រាប់​ជូន​ព័ត៌មាន​អ្នក​បោះឆ្នោត​។ ​ក៏​ប៉ុន្តែ ​គ.​ជ.​ប ​បញ្ជាក់​ថា​សកម្មភាព​នេះ​ មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មូលដ្ឋាន​ទិន្នន័យ​បញ្ជី​ឈ្មោះ​របស់ ​គ.​ជ.​ប ​ឡើយ​។ 

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​គ.​ជ​.ប​ បាន​លើក​ហេតុផល​៤​យ៉ាង​ដែល​បង្ហាញថា​ការព្យាយាម ​Hack ​របស់​ជន​ខិលខូច ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នោះ​គឺ​ទី១ បញ្ជី​បោះឆ្នោត​ផ្លូវការ​ត្រូវបាន​រក្សាទុក​ក្នុង Server ធំ​ដោយឡែក​មួយ​ មាន​សុវត្ថិភាព​ផ្សេង​ពី​Server ដែល​បង្ហោះ​ជូន​ព័ត៌មាន​តាម ​Vebsite។

ទី២គឺ​បញ្ជី​បោះឆ្នោត​ផ្លូវការ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី០៤ខែមិថុនា​ឆ្នាំ២០១៧ បាន​បោះពុម្ព​រួចហើយ និង​បាន​បែងចែក​ទៅ​ឲ្យ​គ្រប់​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​ សម្រាប់​ការ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​មាននៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត ​ជា​ក្រដាស​បោះពុម្ព។

រីឯ​ការ​បញ្ជាក់​ចំណុច​ទី​៣​និង​ទី៤រប​ស់គ​.ជ​.ប ​នោះ​គឺ គ.​ជ.​ប ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១៧​មេសា​ ដល់​ថ្ងៃ​ទី​១៦​ឧសភា ​ឆ្នាំ​២០១៧ ​ដោយ​ផ្អែកលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​មួយវិញទៀត ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នឹងត្រូវ​បិទ​ផ្សាយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត ​ហើយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ​ក៏​នឹងត្រូវ​ប្រើប្រាស់​នៅ​ថ្ងៃ​បោះឆ្នោត​ផងដែរ។

ជាមួយគ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ​ជាទូទៅ​បាន​ស្វាគមន៍​នូវ​ការពន្យល់​បកស្រាយ​រប​ស់ ​គ.​ជ.​ប ​ដែល​ភ្លាម​ៗ​ គ.​ជ.​ប ​បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​និង​ការ​ទទួល​ខុសត្រូវ​រប​ស់​ខ្លួន​។ ​ក៏​ប៉ុន្តែ​ ការ​បារម្ភ​នៅតែ​មាន​ខណៈដែល​ក្រុម​Hacker នៅតែ​បន្ត​ចាប់​អារម្មណ៍​ពី​ការ​លូកលាន់​ដល់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែលមាន​អ្នកបោះឆ្នោត​ប្រមាណ​ជិត​៨​លាន​នាក់​។

លោក​ សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ នៅ​កម្ពុជា(និក​ហ្វិ​ច) និង​ជា​អ្នកនាំពាក្យ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ឲ្យ​ដឹងថា​ទន្ទឹមនឹង​ប្រកាស​ថា​ទិន្នន័យ​ដើម​មាន​សុវត្ថិភាព តែ​គ.​ជ.​ប ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់ ឲ្យ​ខ្ពស់បំផុត​រាល់​ការរំខាន​ណាមួយ​ពី​ជនអនាមិក។ លោក​គ​ន្ធា​មី​ បញ្ជាក់​ថា​ អ្នក​បោះឆ្នោត​នឹង​បាក់​ទឹកចិត្ត ​និង​អាច​ទៅ​បោះឆ្នោត​តិច​គ្នា ប្រសិនបើ មានការ​រំខាន​ដូច្នេះ នៅពេល​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​និយម​មើល​ឈ្មោះ​របស់​ពួកគាត់​តាម​ប្រព័ន្ធ​អាំងទែ​ណែ​ត។

សូម​រំលឹក​ថា គេហទំព័រ​មើល​ការបិទ​ផ្សាយ បញ្ជី​ឈ្មោះ​បោះឆ្នោត​ តាម​តំណ voterlist ត្រូវបាន​ជនខិលខូច​ចូលទៅ​រំខាន​ម្តង​ហើយ ដោយ​ធ្វើ​ឲ្យ​រអាក់រអួល​ពិបាក​ចូលទៅ​បើក​មើល ក្នុង​រយៈពេល​ខ្លី​កាលពី​ខែមករា​ឆ្នាំ​២០១៧​កន្លង​ទៅ​។ ក៏ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ភ្លាម​ៗ​ដែរ ​ដោយ​អ្នក​បច្ចេកទេស​ គ​.ជ.​ប​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI