កម្ពុជា

គ.ជ.ប បង្កើត​គណៈកម្មការ​បន្ទាន់​មួយ​ដើម្បី​ឱ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​មាន​ប្រសិទ្ធភាព

សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នាពេលកន្លងទៅ
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នាពេលកន្លងទៅ @NEC Spokesperson

បញ្ជី​ឈ្មោះបោះ​ឆ្នោត​ដំបូង នឹង​ត្រូវ​បិទ​ផ្សាយ​នៅ​តាម​ឃុំ សង្កាត់​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី ៣មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ តាម​ការ​គ្រោង​ទុក។ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ឱ្យ​ដឹង​ថា ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នេះ គឺ​ជា​ថ្ងៃ​សំខាន់​។ សំខាន់​ដោយសារ​ពលរដ្ឋ​អាច​តវ៉ា ឬ​ក៏​ជំទាស់​នឹង​ឈ្មោះ​អ្នក​បោះឆ្នោត​ណាមួយ ដែល​មាន ឬ​មិន​គួរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវ​ការ។ ហើយ​ការ​ចួលរួម​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន និង​ពិនិត្យ​ឈ្មោះ​ដែល​ត្រូវ​លុប នឹង​ជួយ​កសាង​បញ្ជី​មួយ​ ដែល​មាន​ភាព​ស្អាតស្អំ។

ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​នេះ គជប កំពុង​តែ​ត្រួត​ពិនិត្យ ផ្ទៀង​ផ្ទាត់ និង​បោះពុម្ព​នៅ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ ខណៈ​ឃុំ​ សង្កាត់ មួយ​បោះ​ពុម្ព​បាន​រួច​រាល់​ជា​បណ្តើរ​ៗ​ហើយ។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​ ដែល​ត្រូវ​លុប នឹង​ត្រូវ​បិទ​ផ្សាយ​ទន្ទឹម​គ្នា នៅ​តាម ឃុំ សង្កាត់​ទូទាំង​ប្រទេស ឬ​ក៏​អាច​ផ្ទៀត​ផ្ទាត់​តាម​គេហទំព័រ​របស់ គ.ជ.ប។ រីឯ​ករណី​អ្នក​ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ដំបូង​នេះ ត្រូវ​យក​បង្កាន់ដៃ​ឬ ​ឯកសារ​ដែល​បាន​ចុះ​ឈ្មោះ ទៅ​ប្តឹង​នៅ​តាម​ឃុំ​សង្កាត់​ ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត រហូត​ដល់​ថ្ងៃ​ទី​ ១៤ ខែ មករា ឆ្នាំ ២០១៧។  

លោក ហង្ស ពុទ្ធា ក៏​បាន​បញ្ជាក់​ថា ជា​ការ​ពិត​បន្ទាប់​ពី​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​ពេល​ជាង​ ២​សប្តាហ៍​មក គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បាត់​ឈ្មោះ និង​ឈ្មោះ​ស្ទួន​ជិត ២​ម៉ឺន​ករណី។

ក្នុង​ចំណោម​ជិត​ ២​ម៉ឺន​ករណី​នេះ មាន​ការ​បាត់​ឈ្មោះ​សរុប ២៣១៨ នាក់ ដោយសារ​កំហុស​បច្ចេកទេស​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាមរយៈ​កុំព្យូទ័រ ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត។ ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប រូប​នេះ​ឱ្យ​ដឹង​ថា គ.ជ.ប កំពុង​ដោះ​ស្រាយ​​បញ្ហា​នេះ ដោយ​បាន​បង្កើត​គណៈកម្មការ​បន្ទាន់​មួយ​ ដើម្បី​ធានា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន ឱ្យ​បាន​មុន​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង។

ជាមួយ​គ្នា​នេះ គ.ជ.ប សហការ​ជាមួយ​នឹង​អង្គការ JICA បាន​បោះ​ពុម្ព​ផ្សាយ​ខិត្តប័ណ្ណ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រួស​រាន់​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ កាល​ពី​ថ្ងៃ​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ ដោយ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ ​ឬ​ស្មើ​នឹង​៨១.៤៨% នៃ​ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន​ជាង​៩លាន​៦​សែន​នាក់។ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ក៏​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍ សរុបប្រមាណ ១ម៉ឺន ៦ពាន់ ៥១៨នាក់ ក្នុង​នោះ អ្នក​សង្កេតការណ៍​ជាតិ ១៣​ស្ថាប័ន អន្តរជាតិ ៣​ស្ថាប័ន និង​ភ្នាក់ងារ​គណបក្ស​ ទាំង​ពេញ​សិទ្ធិ និង​បម្រុង ១០​គណបក្ស ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI