ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ស​នយោបាយ​បក​ប្រែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​ការ​ចង់​បាន​រៀង​ខ្លួន

សំឡេង ០៣:៥៩
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោកកឹ​ម សុខា បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ អាណត្តិទី៤
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោកកឹ​ម សុខា បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ អាណត្តិទី៤ SAMRANG PRING / REUTERS
ដោយ៖ អ៊ឹម រចនា
២៣ នាទី

 ៥​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​និង​ខណៈ​ដែល​មិន​ទាន់​មាន​លទ្ធផល​ផ្លូវ​ការ​ពី​គជប គណបក្ស​នយោបាយ​ធំ​ៗ​ជាង​គេ​នៅ​កម្ពុជា បាន​បន្ត​បក​ប្រែ​លទ្ធផល​ក្រៅ​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត ទៅ​តាម​ការ​ចង់​បាន​រៀង​ៗ​ខ្លួន។ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង ទាំង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បាន​អះ​អាង​ថា គណបក្ស​ខ្លួន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ទើប​តែ​កន្លង​ទៅ​នេះ​។  

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ប៉ាកា​អំពី​ថា​តើ​គណបក្ស​ណា​ជា​អ្នក​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​តែ​បន្ត​កើត​មាន ទាំង​រវាង​គណបក្ស​នយោបាយ និង ​ទាំង​រវាង​អ្នក​គាំទ្រ​របស់​គណបក្ស​នយោបាយ​នីមួយៗ។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​នេះ​អះអាង​ថា ខ្លួន​ទទួល​ជ័យ​ជំនះ​។ ជា​ជ័យ​ជំនះ​ដែល​ផ្អែក​ទៅ​លើ​ការ​ប្រៀប​ធៀប​នឹង​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​អាណត្តិ​ទី​៣ ឆ្នាំ​២០១២។ បើ​តាម​ការ​ប្រៀប​ធៀប​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​បាន​តំណែង​មេឃុំ​នៅ​ឃុំ​សង្កាត់​ជិត​៥០០ កើន​ឡើង​១២​ដង​បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ដែល​កាល​ណោះ ឈ្នះ​តែ​៤០​ឃុំ​សង្កាត់​ប៉ុណ្ណោះ​។ បន្ថែម​ពី​លើ​នេះ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​កើន​ឡើង​ជិត​ពាក់​កណ្ដាល​ផង​ដែរ។

ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​ឯណោះ​វិញ បាន​ប្រៀប​ធៀប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ ទៅ​នឹង​លទ្ធ​ផល​បោះ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​កាន់​អំណាច​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ជាង​៣​លាន​២​សែន​សំឡេង​។ ចំណែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​នេះ​វិញ សំឡេងឆ្នោត​គាំទ្រ​សរុប មាន​ចំនួន​ប្រមាណ​៣​លាន​៥​សែន​សំឡេង។ បើ​តាម​ការ​ប្រៀប​ធៀប​នេះ គណបក្ស​ប្រជាជន​ទទួល​បាន​សំឡេង​ឆ្នោត​កើន​ឡើង​ជាង​៣០​ម៉ឺន​សំឡេង។

ផ្អែក​តាម​ការ​បក​ស្រាយ​ដូច្នេះ គេ​កត់​សម្គាល់​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ ព្យាយាម​ទាញ​សម្មតិកម្ម​គ្រប់​យ៉ាង​ដើម្បី​សន្និដ្ឋាន​ឲ្យ​បាន​ថា គណបក្ស​ខ្លួន​ជា​អ្នក​ឈ្នះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​លើក​នេះ​។ ក្នុង​នោះ បក្ស​ប្រឆាំ​ងយក​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន​និង​អាណត្តិ​នេះ​មក​ប្រៀប​ធៀប​គ្នា។ ចំណែក បក្ស​កាន់​អំណាច យក​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​លើក​នេះ ទៅ​ប្រៀប​ជាមួយ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ជា​ការ​ពិត វា​ជា​រឿង​ធម្មតា ដែល​គណបក្ស​នយោបាយ​ចង់​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ប្រឹង​ប្រែង​បក​ស្រាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ទៅ​តាម​និន្នាការ​របស់​ខ្លួន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ គេ​គួរ​កុំ​ភ្លេច​ដែរ​អំពី​ខ្លឹម​សារ​ពិត​ប្រាកដ​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ជា​ការ​បោះ​ឆ្នោត​ដែល​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ទទួល​អំណាច​ពី​រដ្ឋាភិបាល​តាម​រយៈ​ការ​អនុវត្ត​នយោបាយ​វិមជ្ឈការ​នៃ​អំណាច​ថ្នាក់​ជាតិ។

តាម​រយៈ​លទ្ធផល​បឋម​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត សំឡេង​គាំទ្រ​នៅ​តាម​ឃុំ​សង្កាត់​នៃ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​មាន​​ភាព​ប្រកៀក​ប្រកិត​គ្នា​ណាស់។ បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​នៅ​ឃុំ​សង្កាត់​ជាង​២​ភាគ​៣​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ ក៏​គួរ​កុំ​ភ្លេច​ថា ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង ក៏​មាន​វត្តមាន​នៅ​ក្នុង​ឃុំ​សង្កាត់​ទាំង​នោះ​ដែរ។ តំណាង​របស់​គណបក្ស​ប្រឆាំង​បាន​ជ្រាប​ទៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ទាំង​ក្នុង​នាម​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ និង​ក្នុង​នាម​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​។ នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ​ដែល​ទើប​តែ​កើត​មាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ស្រុក​ខ្មែរ និង​ដែល​មាន​ន័យ​ថា គ្មាន​ឃុំ​សង្កាត់​ណា​ដែល​ត្រូវ​ដឹក​នាំ​ផ្ដាច់​មុខ​ដោយ​គណបក្ស​កាន់​អំណាច​ទៀត​ឡើយ​។

សរុប​មក​វិញ ការ​បក​ស្រាយ​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទៅ​តាម​និន្នាការ​របស់​គណបក្ស​នីមួយ​ៗ គឺ​ជា​ធម្មជាតិ​នៃអ្នក​នយោបាយ។ ​ប៉ុន្តែ បើ​ទោះ​បី​ជា​គណបក្ស​ណា​ឈ្នះ​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ច្រើន​ជាង​ក៏​ដោយ សច្ចភាព​មួយ​ដែល​គេ​មិន​អាច​ប្រកែក​បាន​គឺ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ តុល្យភាព​អំណាច​នៅ​ថ្នាក់​មូលដ្ឋាន នឹង​មាន​ភាព​ប្រសើរ​ជាង​មុន តាម​រយៈ​វត្តមាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​ចម្រុះ​គណបក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI