បញ្ហាកង្វះអគ្គិសនីត្រូវបានដោះស្រាយបន្ទាប់ពីរដូវវស្សាឈានចូលមកដល់
ចុះផ្សាយនៅថ្ងៃ៖
ស្ថានភាពអគ្គិសនីនៅទូទាំងប្រទេស បានវិលមកស្ទើរប្រក្រតីវិញហើយ បន្ទាប់ពីមានការខ្វះខាត រយៈពេល៣ខែកន្លងទៅនេះ នៅក្នុងរដូវប្រាំង។ ថាមពលអគ្គិសនី ដែលបានកើនឡើងវិញនាពេលនេះ គឺបន្ទាប់ពីរដូវវស្សា ឈានចូលមកដល់ ធ្វើឲ្យវារីអគ្គិសនី មានទឹករុញតួប៊ីន ផ្តល់ថាមពលអគ្គិសនីខ្ពស់ រួមផ្សំជាមួយថាមពលអគ្គិសនីដែលបានមកពីប្រភពផ្សេងៗទៀត។
ជាការពិតស្ថានភាពដាច់អគ្គិសនីមួយព្រឹក ឬមួយល្ងាច នៅតំបន់មួយ ហើយមានអគ្គិសនីមួយព្រឹក ឬមួយល្ងាច នៅតំបន់មួយផ្សេងទៀត ជាពិសេសនៅរាជធានីភ្នំពេញ លែងកើតមានហើយ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅសភាព ខ្វះខាតអគ្គិសនី នៅឡើយ។
វត្តមានរបស់ទឹកភ្លៀងខ្លះ នៅដើមរដូវវស្សានេះ ធ្វើឲ្យវារីអគ្គិសនីកម្ពុជា មានទឹកសម្រាប់ដំណើរការបង្កើនថាមពលអគ្គិសនី បានច្រើនជាងមុន។ នេះបើតាមលោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល។ លោកបន្តថា តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលមានការកើនឡើងជាប្រចាំប្រមាណ១៥ភាគរយនោះ បានធ្លាក់ចុះមកវិញ ដោយសារទឹកភ្លៀងបាននាំមកនូវអាកាសធាតុចុះត្រជាក់ជាងមុន។
តាមក្រសួងរ៉ែនិងថាមពល សមត្ថភាពផ្គត់ផ្គង់អគ្គិសនីបច្ចុប្បន្ននេះ មានចំនួន១៦៥០ម៉េហ្គាវ៉ាត់ ក្នុងនោះបានមកពីប្រទេសជិតខាងចំនួនជាង៤០០ម៉េហ្គាវ៉ាត់ ថាមពលវារីអគ្គិសនីប្រមាណពី៤៥០ ទៅ៥៥០ម៉េហ្គាវ៉ាត់ រួមនឹងអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្មចំនួន៥០០ម៉េហ្គាវ៉ាត់ទៀត។
ទោះយ៉ាងណា លោក វ៉ិចទ័រ ហ្សូនា បញ្ជាក់ថា បច្ចុប្បន្នអគ្គិសនីកម្ពុជានៅតែបន្តកាត់ភ្លើង ប្រចាំថ្ងៃ នៅតំបន់ខ្លះឆ្លាស់គ្នាដែរ គឺដោយបន្ថយការកាត់ពី៣៥០ម៉េហ្គាវ៉ាត់ មកត្រឹម៥០ម៉េហ្គាវ៉ាត់វិញនៅទូទាំងប្រទេស។ ប៉ុន្តែបញ្ហាអគ្គិសនីនេះ នឹងនៅតែប្រឈមប្រសិនបើមានការរាំងភ្លៀងយូរថ្ងៃទៅវិញ។
សូមបញ្ជាក់ថា នៅរដូវប្រាំងកន្លងទៅនេះ ប្រទេសកម្ពុជាបានជួបបញ្ហាខ្វះខាតអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់ នៅទូទាំងប្រទេស។ ប្រការនេះធ្វើឲ្យអគ្គិសនីកម្ពុជាបិទតំបន់មួយបើកតំបន់មួយទៀតឆ្លាស់គ្នា ដើម្បីបានអគ្គិសនីប្រើប្រាស់ទាំងអស់គ្នា ក៏ប៉ុន្តែនៅពេលយប់ ឬថ្ងៃឈប់សម្រាកមិនមានការកាត់ភ្លើងទេ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅក្នុងវេទិការសាធារណៈកន្លងទៅ ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋដែរ ខណៈមានការរិះគន់ថា ការគិតគូរពីផែនការយុទ្ធសាស្ត្រផ្នែកអគ្គិសនី មិនស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិនាដំណាក់កាលចុងក្រោយនេះ។
ទោះយ៉ាងណា ក្រសួងរ៉ែនិងថាមពល តាមរយៈលោក វ៉ិចទ័រ ហ្សូនា បានចាត់ទុកថាបទពិសោធន៍កង្វះអគ្គិសនីឆ្នាំនេះ នឹងក្លាយជាមេរៀន ដែលត្រូវដោះស្រាយឲ្យបានល្អនៅឆ្នាំក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ