ឆ្នាំថ្មី៖ មេបក្សប្រឆាំងចង់បានយុត្តិធម៌ ខណៈមេបក្សកាន់អំណាចជូនពរសូមឲ្យសុខចម្រើន
ឆ្នាំ២០១៦ កំពុងតែឈានទៅបិទបញ្ចប់ហើយ នាប៉ុន្មានម៉ោងខាងមុខ។ នាឱកាសនេះ មេដឹកនាំគណបក្សនយោបាយសំខាន់ជាងគេទាំងពីរនៅកម្ពុជា បានផ្ញើសារជូនពរជនរួមជាតិក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៧។ ដោយរួម ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ គឺលោក សម រង្ស៊ី និង លោក កឹម សុខា សូមឲ្យឆ្នាំថ្មីនាំមកនូវយុត្តិធម៌។ ចំណែកមេបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ជូនពរសូមឲ្យជនរួមជាតិសុខចម្រើន។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៧ នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានយកទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ជាវេទិកាជូនពរជនរួមជាតិ។ តាំងពីថ្ងៃទី២៩ធ្នូ លោក ហ៊ុន សែន បានសរសេរសារ៤បន្ទាត់ ជូនពរជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាប់ទាំងកងកម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង ឲ្យជួបប្រទះតែសេចក្ដីសុខ និង សេចក្ដីចម្រើនគ្រប់ៗគ្នា។
ដោយឡែក ប្រមុខបក្សប្រឆាំងទាំងពីររូប គឺលោក សម រង្ស៊ី និង លោក កឹម សុខា ក៏បានផ្ញើសារជូនពរប្រជាជនខ្មែរដែរ នៅថ្ងៃទី៣១ខែធ្នូនេះ។ លោក សម រង្ស៊ី ដែលត្រូវឆ្លងឆ្នាំសកលនៅប្រទេសបារាំង បានចាប់ផ្ដើមសាររបស់លោក ជូនពរជនរួមជាតិទាំងអស់ ឲ្យមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យក្នុងកិច្ចការនិងមុខរបរ។ លើសពីនេះ លោកសូមបួងសួងឲ្យពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង មានការរឹបអូសយកដីធ្លីនិងផ្ទះសម្បែង ឲ្យឃើញពន្លឺយុត្តិធម៌នៅក្នុងឆ្នាំ២០១៧។ ឆ្នាំ២០១៧ សម្រាប់លោក សម រង្ស៊ី ផ្ទាល់ លោកថា លោកនឹងខិតខំធ្វើយ៉ាងណាឲ្យជនជាតិខ្មែរគ្រប់គណបក្សនិងគ្រប់និន្នាការនយោបាយ ជានាគ្នា ស្រុះស្រួលគ្នា និងពួតដៃគ្នាជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ ថែរក្សា និងកសាងជាតិមាតុភូមិឲ្យកាន់តែរុងរឿង។
ដោយសារឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មេបក្សប្រឆាំង មិនភ្លេចទេ ឃោសនាឲ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដែលបើតាមលោក សម រង្ស៊ី គឺដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។
ដោយឡែក លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ដែលទើបតែបានទទួលកាដូឆ្នាំថ្មី ជាការលើកលែងទោសពីព្រះមហាក្សត្រ លោកបានឆ្លៀតឱកាសនេះ បួងសួងឲ្យហេតុការណ៍អាក្រក់ទាំងឡាយដែលកើតឡើងនៅឆ្នាំចាស់ រលាយសាបសូន្យជាស្ថាពរ។ នៅក្នុងឃ្លីបវីដេអូរយៈពេលជិត៣នាទី លោក កឹម សុខា សូមឲ្យឆ្នាំថ្មីនាំមកនូវសេចក្ដីសុខ សន្តិភាព សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។ នៅក្នុងឆ្នាំថ្មី ឆ្នាំ២០១៧ ប្រធានស្ដីទីបក្សប្រឆាំងរូបនេះក៏ចង់ឃើញផងដែរ ការរួបរួមគ្នារវាងអ្នកនយោបាយនិងអ្នកដឹកនាំខ្មែរ ដើម្បីដោះស្រាយបញ្ហាសេសសល់ដោយសន្តិវិធី និងធ្វើឲ្យមានបរិយាកាសនយោបាយល្អប្រសើរ ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ