កម្ពុជា

ដី​សម្បទាន​គម្រាម​កំហែង​ជីវិត​សត្វ​ស្លាប​កម្រនៅខេត្ត​​ព្រះវិហារ

សត្វ​ត្មាត ដែល​ជា​សត្វ​កម្រ ចុះ​ស៊ី​ចំណី​​នៅ​អាហារដ្ឋាន​ត្មាត​ក្នុង​​ស្រុក​ឆែប ខេត្ត​ព្រះវិហារ
សត្វ​ត្មាត ដែល​ជា​សត្វ​កម្រ ចុះ​ស៊ី​ចំណី​​នៅ​អាហារដ្ឋាន​ត្មាត​ក្នុង​​ស្រុក​ឆែប ខេត្ត​ព្រះវិហារ WCS

ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គម​កិច្ច​យោធា និង​ការ​កាប់រាន​ទន្ទ្រាន​ព្រៃ​នៅខេត្ត​ព្រៃវិហារ កំពុង​តែ​គម្រាម​កំហែង​ជីវិត​សត្វ​ស្លាប​កម្រ​ៗ​ជា​ច្រើន​ប្រភេទ​។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​មន្ដ្រី​ស្រាវ​ជ្រាវ​សត្វ​ព្រៃ នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ​។ មន្ដ្រី​ដដែល​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ការ​ផ្ដល់​ដី​សម្បទាននិង​ការ​រាន​ព្រៃ​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ នោះសត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់​នេះ អាច​នឹង​ឈាន​ទៅ​ដល់​ការ​ផុត​ពូជជាក់​ជា​ពុំ​ខាន​។

ផ្សាយពាណិជ្ជកម្ម

ខេត្ត​ព្រះវិហារ ដែលស្ថិត​នៅ​​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា គឺ​ជា​ទី​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាបកម្រ​ជា​ច្រើន​ប្រភេទ ដូច​ជា៖ សត្វ​ត្រយ៉ង​យក្ស សត្វ​ត្រយ៉ង​ចង្កំ​ក​ស សត្វ​ត្មាត សត្វ​ក្រៀល ទា​ព្រៃ​ស្លាប​ស អង្កត់​ខ្មៅ សត្វត្រដក់​ធំ​និង​ត្រដក់​តូច​ជា​ដើម​។ សត្វ​ស្លាប​ទាំង​នេះ សុទ្ធ​សឹង​តែ​ជា​​​​ប្រភេទសត្វ​​ជិត​រង​ការ​គម្រាម​កំហែង​ជា​សកល ​និង​រង​ការ​​គម្រាម​កំហែង​ជា​សកល​ ព្រម​ទាំង​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សកល​លោក​​។

 
ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សម្បុកសត្វ ក៏​ដូច​ចំនួន​សត្វ​ទាំង​នេះ កាន់​តែ​ខើច​ទៅ​ៗ ដោយ​សារ​តែ​​ការ​បរបាញ់ ការ​ប្រមូល​យក​សម្បុក​ពង​កូន ការ​កាប់​រាន​ទន្ទ្រាន​ព្រៃ​ដែល​ជា​ទី​ជម្រក​របស់​សត្វ និង​ការ​ផ្ដល់​ដី​សម្បទាន​នៅ​ក្បែរ​ជម្រក​សត្វ​ជា​ដើម​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ផ្នែក​ស្រាវ​ជ្រាវ​សត្វ​ព្រៃ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព នៅ​ខេត្ត​ព្រះវិហារ​។ មន្ដ្រី​ក្រសួង​បរិស្ថាន​រូប​នេះ​គូស​បញ្ជាក់​ថា ​សកម្មភាព​របស់​មនុស្ស​ដូច​ដែល​លើក​ឡើង​ខាង​ដើម​ គឺ​ជា​ការ​គម្រាម​កំហែង​ដ៏​ធំ​សម្រាប់​ប្រភេទ​សត្វ​ព្រៃ​ដ៏​កម្រ​នៅ​លើ​សកល​លោក ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដីខេត្ត​ព្រះវិហារ​។

ជា​ការ​កត់​សម្គាល់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​គម្រាម​កំហែង​នេះ ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​កម្មវិធី​ការពារ​សម្បុក​សត្វ​ស្លាប នៅ​ឆ្នាំ​២០០២​។ ជា​កម្មវិធី​ដែលអប់រំ​​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​សហគមន៍​ចូល​រួម​ការពារ​និង​យាម​សម្បុក​ពង​កូន​របស់​សត្វ​ស្លាប​សំខាន់​ៗ ជា​ថ្នូរ​នឹង​ប្រាក់​លើក​ទឹក​ចិត្តម្នាក់​១ម៉ឺន​៤​ពាន់រៀល​ក្នុង​មួយថ្ងៃ។ អស់​ពេល​១៥​ឆ្នាំ​កន្លង​មក​នេះ កម្មវិធី​ការពារ​សម្បុក​សត្វ​ស្លាប​បាន​រួម​ចំណែក​យ៉ាង​ច្រើន ក្នុង​ការ​ជួយ​ឲ្យ​ពង​សត្វ​ស្លាប​កម្រ​ញាស់​ដោយ​ជោគជ័យ ចៀស​ផុត​ពី​ការ​រំខាន​ផ្សេង​ៗ។

ប៉ុន្តែ បើ​ទោះ​បី​ជា​មាន​កម្មវិធី​ការពារ​សម្បុក​សត្វ​ស្លាប​​ដូច្នេះ​ក៏​ដោយ មន្ដ្រី​ក្រសួង​បរិស្ថាន លោក រស់ វ៉ាន់ បានរំឭក​ថា ការ​ផ្ដល់​ដី​សម្បទាននិង​ការ​រាន​ព្រៃ​របស់​ពលរដ្ឋ​ គួរ​តែ​​ត្រូវ​បាន​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ សត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់ខ្ពង់​រាបភាគ​ខាង​ជើង​នេះ អាច​នឹង​ឈាន​ទៅ​ដល់​ការ​ផុត​ពូជជាក់​ជា​ពុំ​ខាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI