អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក​អេង ឆៃអ៊ាង៖​UN​នឹង​មិន​ដាក់​អ្នក​សង្កេតការណ៍ ដើម្បី​ប្រថាប់​ត្រា​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ

​លោក​អេង អៃអ៊ាង ដែល​ជា​អនុប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​
​លោក​អេង អៃអ៊ាង ដែល​ជា​អនុប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​ @facebook/engchhaieang
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ស្រី​រ៉ូណា ស្មីត​កាល​ពី​ម្សិល​មិញ លោក​ស៊ិក ប៊ុនហុក​ប្រធាន​គ.ជ.ប បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​អ្នក​សង្កេតការណ៍​ឬ​ការិយាល័យ​នៅ​ទី​ស្នាក់​ការ​គ.ជ.ប​តែ​ម្តង ដើម្បី​ពិនិត្យ​ការងារ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​គ.ជ.ប។ ខណៈ​ដែល​លោក​ស្រី​រ៉ូណា ស្មីត​មិន​មាន​ការ​ឆ្លើយ​តប ប៉ុន្តែ​លោក​អេង អៃអ៊ាង ដែល​ជា​អនុប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​យល់​ឃើញ​ថា អង្គការ​សហប្រជាជាតិ​នឹង​មិន​ធ្វើ​អ្វី​តាម​ការ​ស្នើ​សុំ​របស់​ប្រធាន គ.ជ.ប ឡើយ។

ផ្សាយពាណិជ្ជកម្ម

ពី​ក្រៅ​ប្រទេស លោក​អេង ឆៃអ៊ាង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ការ​ដែល​លោក​ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា​(គ.ជ.ប) ​ស្នើ​ឲ្យ​លោក​ស្រី​រ៉ូណា ស្មីត ដាក់​អ្នក​សង្កេតការណ៍​ឬ​ក៏​ដាក់​ការិយាល័យ​នៅ​ក្នុង​ទី​ស្នាក់​ការ​គ.ជ.ប​នេះ គឺ​ដើម្បី​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ​មក​ប្រថាប់​ត្រា​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​បើ​តាម​គ.ជ.ប ការ​ដែល​លោក​ស៊ិក ប៊ុនហុក ស្នើ​បែប​នេះ គឺ​ដើម្បី​អាច​ឲ្យ​អង្គការ​សហប្រជាជាតិ​ឃ្លាំ​មើល​ពី​សុចរិតភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា។

ទោះ​ជា​បែប​នេះ​ក្តី លោក​អេង ឆៃអ៊ាង បាន​សន្មត​ជា​មុន​ថា អង្គការ​សហប្រជាជាតិ​នឹង​មិន​បញ្ចូន​អ្នក​សង្កេត​ការណ៍​ឬ​ក៏​ដាក់​ការិយាល័យ​នៅ​គ.ជ.ប ដើម្បី​ពិនិត្យ​ការងារ​បោះ​ឆ្នោត តាម​សំណើ​របស់​លោក ស៊ិក ប៊ុនហុក ឡើយ​។ មិន​ធ្វើ​តាម​សំណើ ព្រោះ​លោក​អេង អៃអ៊ាង​យល់​ថា អង្គការ​កំពូល​របស់​ពិភព​លោក​មួយ​នេះ​នឹង​មិន​មក​លេង​សើច​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​គណៈកម្មការធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត ទោះ​បី​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង ក៏​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដដែល។ គ.ជ.ប ថែម​ប្តេជ្ញា​ទៀត​ថា នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ឲ្យ​អាច​ទទួល​យក​បាន ដែល​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ស្មើ​ភាព​គ្នា​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ស្រប​តាម​ច្បាប់។

ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​គ.ជ.ប​នេះ លោក​អេង ឆៃអ៊ាង លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​មាន​ភាព​វឹក​វរ ប្រសិន​បើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ សម្រាប់​លោក​អនុប្រធាន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ ប្រជាពលរដ្ឋ​នឹង​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ទេ ហើយ​ថែម​ទាំង​មិន​សប្បាយ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​បក្ស​ប្រឆាំង។ លើស​ពី​នេះ​ទៅ​ទៀត សហគមន៍​អន្តរជាតិ​ក៏​នឹង​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត​នេះ​ដែរ។ នេះ​បើ​តាម​លោក​អេង ឆៃអ៊ាង។

ក៏​ប៉ុន្តែ​ទាំង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ទាំង​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​គូស​បញ្ជាក់​ហើយ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​សំខាន់​ប្រទេស​ណា​មួយ​ទទួល​ស្គាល់​នោះ​ទេ សំខាន់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គាំទ្រ និង​ទទួល​ស្គាល់​ទៅ គឺ​គ្រប់​គ្រាន់​ហើយ។ មិន​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដដែល​ដោយ​គ្មាន​ការ​ប្រែ​ប្រួល​ឡើយ ទោះ​បី​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូល​រួម​ក៏​ដោយ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ