អានតួអត្ថបទ
កម្ពុជា

ERA បើក​កិច្ច​ពិភាក្សា​តុ​មូល​​ផ្តល់​អនុ​សាសន៍​លើ​សេចក្តីព្រាង​នីតិវិធី​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា ​(ERA)​ រួម​ជា​មួយ​តំណាង​គណ​បក្ស​នយោបាយ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង​ នៅ​រសៀល​ថ្ងៃទី​ ៧កក្កដានេះ។
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា ​(ERA)​ រួម​ជា​មួយ​តំណាង​គណ​បក្ស​នយោបាយ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង​ នៅ​រសៀល​ថ្ងៃទី​ ៧កក្កដានេះ។ @RFI/Pheary
១៤ នាទី

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា ​(ERA)​ រួម​ជា​មួយ​តំណាង​គណ​បក្ស​នយោ​បាយ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង​ នៅ​រសៀល​ថ្ងៃទី​ ៧កក្កដា​នេះ​ បាន​ជួប​ជុំ​គ្នា​​​ពិភាក្សា​តុមូល ​ស្តី​ពី​អនុសាសន៍​ សម្រាប់​បទ​បញ្ជា និង​នីតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ កិច្ច​ពិភាក្សា​ នៅ​សណ្ឋា​គារ​ Imperial ក្រុង​ភ្នំពេញ ​ត្រូវ​បាន​​ ERA ​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ពង្រឹង ​សេច​ក្តី​ព្រាង​ បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ERA​ ដែល​មាន​ស្ថា​ប័ន​ចំនួន ​២០ ​រួម​នឹង​​តំណាង​គណ​បក្ស​នយោបាយ​ និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ បាន​លើក​យក​បញ្ហា​ចំនួន ​៣​ជំពូក​ នៅ​ក្នុង​សេចក្តីព្រាង​ បទបញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យក​មក​ពិភាក្សា​រួម​គ្នា ​នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល​ នៅរសៀល​ថ្ងៃ​ទី​ ៧​កក្កដា​នេះ។ បញ្ហា​សំខាន់ ​៣​ជំពូក​ ដែល​រួម​មាន​ ការ​គ្រប់​គ្រង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ក្នុង​កិច្ច​ប្រជុំ​ពេញ​មួយ​រសៀល​ អង្គ​ប្រជុំ​ បាន​​ផ្តល់​អនុសាសន៍​ ដើម្បី​ដក​ចេញ ​និង​ដាក់​បន្ថែម ​ចំនុច​ខ្លះ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីព្រាង​​បទ​បញ្ជា​នេះ​។​ លោក ​គល់ ​បញ្ញា ​នា​យក​ប្រតិ​បត្តិ ​អង្គ​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត​ ខុម​ហ្វ្រែល ​បាន​ប្រាប់​វិទ្យុ​បារាំង​​ថា ​បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​នេះ​ ERA ​នឹង​សង្ខេប​អនុសាសន៍​បឋម​​ ផ្ញើរ​ជូន​ទៅ​កាន់​គណៈ​កម្មាធិ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ថ្មី ​នៅ​ក្នុង​ខែ​កក្កដា​នេះ​តែ​ម្តង​ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​និតីវិធី​សាក​ល្បង​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ មាន​ភាព​ល្អ​ប្រ​សើរ។

សូម​បញ្ជាក់​ថា ​សេច​ក្តី​ព្រាង​ បទ​បញ្ជា ​និង​និតី​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ មិន​មែន​ជា​សេច​ក្តីព្រាង​ចុង​ក្រោយ​នៅ​ឡើយ​ទេ​ ដូ​ច្នេះ​ទើប​​ក្រុម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​ចង់​ផ្តល់​អនុសាសន៍​ ដើម្បី​ឲ្យ​សេចក្តី​ព្រាង​នេះ ​មាន​ការ​កែ​ប្រែ​​ឲ្យ​បាន​កាន់​តែ​​ល្អ។

ERA​ ចង់​ឲ្យ​ការ​គ្រប់​គ្រង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​មន្ត្រី​ដែល​មាន​តួនាទី​ច្បាស់​លាស់​ ដែល​ក្រុម​នី​មួយ​ៗ ​គួរ​មាន​ប្រធាន​ ស្មៀន​ និង​ការីកុំព្យូទ័រ។​ ហើយ​ក្រុម​ចុះ​ឈ្មោះ ​ក៏​គួរ​តែ​ជា​ក្រុម​ដែល​ត្រូវ​បាន​បង្កើតឡើង​ ដោយ​មាន​តម្លា​ភាព​។ ​ចំពោះ​ការ​កំណត់​កា​រិយា​ល័យ​បោះ​ឆ្នោត​ កិច្ច​ប្រជុំ ​ក៏​ចង់​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ ដោយ​មិន​ផ្តល់​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ តែ​ទៅ​លើ​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ នោះទេ។​ ក្នុង​នោះ ​ERA​ ក៏​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​នីតិ​វិធីនៃការ​ចុះ​ឈ្មោះ ​តាម​​ប្រព័ន្ធ​កុំព្យូ​ទ័រ​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ