កម្ពុជា

មនុស្ស​ជាង​៤០០០​នាក់​ចូល​រួម​ជិះ​កង់​ក្នុង​ព្រឹត្តិការណ៍​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦

រូបថតៈព្រឹត្តិការណ៍នៃការជិះកង់
រូបថតៈព្រឹត្តិការណ៍នៃការជិះកង់ @EU
ដោយ៖ អេង គីមហុង
១១ នាទី

ដូច​ការ​រំពឹង​ទុក​មនុស្ស​ជាង​៤០០០​នាក់​ចម្រុះ​ជាតិ​សាសន៍ បាន​ចូល​រួម​ជិះ​កង់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៧​ឧសភា​នេះ នា​ឱកាស​ដែល​កម្ពុជា​និង​អឺរ៉ុប ប្រារព្ធ​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦​ក្រោម​ប្រធាន​បទ«រួមគ្នាដើម្បីផែនដី»។ នេះ​ជា​លើក​ទី​០៤​ហើយ ដែល​កម្ពុជា​និង​អឺរ៉ុប​រួម​គ្នាបង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​និង​តម្រូវ​ការ​ក្នុង​ការ ការ​ពារ​ប្រព័ន្ធ​អេកូឡូស៊ី និង បរិស្ថាន​ធម្មជាតិ​កម្ពុជា ក៏​ដូច​ជា​ភព​ផែន​ដី​ទាំង​មូល។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​ជាង​៤០០០​នាក់​បាន​ជិះ​កង់​រួម​គ្នា ដោយ​ផ្ដើម​ចេញ​ដំណើរ​ពី​ពហុកីឡា​ដ្ឋាន​ជាតិអូឡាំ​ពិក​កម្ពុជា​នៅ​ម៉ោង​៦​ព្រឹក​និង​បន្ត​ជិះ​កាត់​ស្ថានទូត​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ។ នៅ​ពេល​មក​ដល់​មុខ​ស្ថាន​ទូត បុគ្គលិក​ទូត​បាន​ចេញ​មកទទួល​យ៉ាង​រួស​រាយ​រាក់​ទាក់​និង​បាន​ចែក​ទង់​ជាតិ​ដែល​ជា​តំណាង​របស់​ប្រទេស​ពួក​គេដល់​អ្នក​ជិះ​កង់។ ក្រោយ​ការ​ជិះ​កង់​បាន​បញ្ចប់​នៅ​ម៉ោង​១០​ព្រឹក​អ្នក​ចូល​រួម​ទទួល​បានអាវ​យឺត​មួយ។  

លោក ​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានចូល​រួម​ជិះ​កង់​នៅ​ព្រឹក​សៅរិ៍​នេះ​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ជិះ​ក​ង់​នេះ​មាន​ការ​ចូល​រួម​ពី​មន្ត្រីស្ថាន​ទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដូច​ជា បារាំង អាល្លឺម៉ង់ និង ស៊ុយអ៊ែតជាដើម។ ក្រៅ​ពី​នេះ​ក៏មាន​ការ​ចូល​រួម​ផង​ដែរ ពី​យុវជន​ដែល​ភាគ​ច្រើន​ជា​និស្សិត និង សមាគមន៍​អ្នក​ជិះ​កង់។

លោក វ៉ាត់ ចំរើន បន្ថែមថា ការ​ជិះ​កង់​នេះ​ត្រូវ​បាន​ចាត់​ទុក ជា​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំឆ្នាំ​ដែល​ជា​ការ​ផ្គួប​ចូល​គ្នា​ជាមួយ​ទិវា​អឺរ៉ុប​ដើម្បី​ភព​ផែន​ដី​និង​ទិវា​អ្នក​ម្ដាយ​ពិភព​លោក​ឬ MOTHER'S DAY។

លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​ជ្រើសយក​ប្រធាន​បទ«រួមគ្នាដើម្បីផែនដី»តាម​រយៈ​ការ​ជិះ​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ល្អ គ្មាន​ផ្សែង ដើម្បី​ដោះ​ស្រា​យ​បញ្ហា​ធំ​បំផុត​មួយ​ចំនួន ដែល​មនុស្ស​កំពុង​ជួប​ប្រទះ​ចំពោះមុខ​ទាក់​ទង​នឹង​បរិស្ថាន។

សូមបញ្ជាក់ថា ទិវាអឺរ៉ុប ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃ​ទី​៩​ឧសភា​នៅ​ទូ​ទាំងពិភ​ព​លោក ដើម្បី​រំលឹក​ពី​សេចក្តី​ថ្លែង​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​របស់​រដ្ឋ​មន្រ្តី​កាបរទេស​បារាំង លោក Robert Schuman នៅឆ្នាំ១៩៥០ ដែល​បាន​បើក​ទំព័រ​នៃ​ដំណើរ​ការ​កសាង​សហភាព​អឺរ៉ុប​ឡើង ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​២៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI