តំណាងធុរកិច្ចអឺរ៉ុបនៅកម្ពុជាជំទាស់នឹងការសម្រេចដំណើរការព្យួរEBA របស់គណៈកម្មការអឺរ៉ុប លើកម្ពុជា
វិស័យឯកជនអឺរ៉ុបប្រចាំកម្ពុជាចំនួន៥ តំណាងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរលិខិតមួយច្បាប់ ទៅកាន់លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មសហភាពអឺរ៉ុប ដើម្បីសម្តែងក្តីកង្វល់ចំពោះដំណើរឆ្ពោះទៅធ្វើការដកហូតភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា និងស្នើសុំជួបលោកស្រី ដោយផ្ទាល់។ ប្រតិកម្មរបស់ផ្នែកធុរកិច្ចអឺរ៉ុបដូច្នេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៥តុលា កន្លងទៅ បានប្រកាសដំណើរការព្យួរ EBA លើប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងលិខិតរួមគ្នាមួយ ផ្ញើទៅកាន់លោកស្រី Cecilia Malmstrom ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម វិស័យឯកជនអឺរ៉ុបប្រចាំនៅកម្ពុជាចំនួន៥ រួមមាន សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង ក្រុមធុរកិច្ចអាល្លឺម៉ង់ សភាពាណិជ្ជកម្មអឺរ៉ុបខាងជើង និងសមាគមធុរកិច្ចអ៊ីតាលី បានហៅការប្រកាសរបស់លោកស្រី Malmstrom កាលពីថ្ងៃទី៥តុលាឆ្នាំ២០១៨ ថាអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅកម្ពុជា។
តំណាងផ្នែកឯកជនទាំងនេះ បានអះអាងថា ពួកគេបានការពារគោលការណ៍ និងគុណតម្លៃរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា ហើយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងជាមួយផ្នែកឯកជនរបស់កម្ពុជា និងជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនៃកិច្ចសហប្រតិបត្តិការគ្នា។ ក៏ប៉ុន្តែ សេចក្តីសង្ឃឹមនេះ នឹងមិនអាចទៅរួចទេ នៅក្នុងបរិបទមួយ ដែលអាចនឹងមានការព្យួរភាពអនុគ្រោះ EBA ឬការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប ដោយវិស័យឯកជនទទូចឲ្យសហភាពអឺរ៉ុបធ្វើការវាយតម្លៃឲ្យបានស៊ីជម្រៅជាមុនសិន អំពីផលវិបាកដែលអាចបង្កឡើង ដោយការព្យួរឋានៈភាពអនុគ្រោះក្រោមរបប EBA នេះ។ នេះបើតាមលិខិតរបស់ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
ទន្ទឹមគ្នានឹងស្នើឲ្យរកផ្លូវធ្វើចំណាត់ការផ្សេងវិញ ដើម្បីលើកស្ទួយគុណតម្លៃរបស់សហភាពអឺរ៉ុប ដូចជាសកម្មភាពសហប្រតិបត្តិការ ជាជាងការអនុវត្តវិធានការព្យួរឬដាក់ទណ្ឌកម្មពាក់ព័ន្ធនឹង EBA តំណាងសហគមន៍ធុរកិច្ចអឺរ៉ុបប្រចាំកម្ពុជា ក៏បានលើកឡើងពីការប្រឹងប្រែងតស៊ូមតិជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដែលនាំមកនូវបរិយាកាសធុរកិច្ចល្អប្រសើរ។
តំណាងវិស័យឯកជនអឺរ៉ុបទាំងនេះ ថែមទាំងបានហៅការព្យួរភាពអនុគ្រោះ EBA ថាជាការប្រថុយប្រថានមួយនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានផងដែរ ពោលគឺគំរាមដោយផ្ទាល់ដល់ការប្រកួតប្រជែងផ្នែកធុរកិច្ចអឺរ៉ុបនៅកម្ពុជា និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ផ្សេងៗទៀតរបស់អឺរ៉ុប។
ជាមួយគ្នានេះ តាមរយៈលិខិតរបស់ខ្លួន តំណាងឲ្យសហគមន៍ធុរកិច្ចអឺរ៉ុបប្រចាំកម្ពុជា ក៏បានស្នើសុំឲ្យគណៈកម្មការអឺរ៉ុបបញ្ជាក់ឲ្យបានច្បាស់ ឆាប់ៗដែលអាចធ្វើទៅបានពីគោលបំណងរបស់ខ្លួន ក៏ដូចជាវិធានការគួរឲ្យទុកចិត្តបាន ដែលគណៈកម្មការចង់ឲ្យឃើញនៅក្នុងប្រទេសកម្ពុជា ខណៈដែលមានភាពមិនច្បាស់លាស់ និងមានការយល់ច្រលំច្រើនជុំវិញសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបនេះ។ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ក៏ស្នើសុំជួប លោកស្រី Cecilia Malmstrom ផងដែរ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងប៊្រុចសែល ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងកង្វល់របស់ផ្នែកឯកជនអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ