លោករ៉ុង ឈុន ព្រមានដឹកនាំបាតុកម្ម ទទូចឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើពីសហភាពអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានប្រកាសដឹកនាំធ្វើបាតុកម្មដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថ និងចូលតុចរចា។ ចូលតុចរចា គឺដើម្បីបញ្ជៀសទណ្ឌកម្មពីសហភាពអឺរ៉ុប បន្ទាប់ពីសភា ដែលមានសមាជិកចំនួន២៨ប្រទេសនេះ បានដាក់ឱសានវាទ៣ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានព្រមានបង្ក្រាប បើជាបាតុកម្មខុសច្បាប់។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងនៅថ្ងៃទី១៨ កញ្ញានេះ លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងនូវក្តីបារម្ភរបស់លោក ពីអនាគតកម្មករកម្ពុជារាប់ម៉ឺននាក់ ដែលប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា។
ប្រឈមនឹងការព្រួយបារម្ភនេះ អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានអះអាងថា លោកនឹងដឹកនាំធ្វើបាតុកម្មមួយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទទួលយកសំណើរបស់សភាសហភាពអឺរ៉ុប ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ អ្វីដែលជាការចង់បានរបស់សហភាពអឺរ៉ុបនោះគឺ លើកលែងទោសដល់លោក សម រង្ស៊ី ការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងការរៀបចំការបោះឆ្នោតឡើងវិញ។ បាតុកម្មរបស់លោក រ៉ុង ឈុន គ្រោងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ នាអំឡុងចុងខែតុលាខាងមុខនេះ ដោយមានការដើរដង្ហែរក្បួនផង។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់លោក រ៉ុង ឈុន នេះ ថាគឺជាលេសមួយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បានព្រមានថាសមត្ថកិច្ច នឹងបង្ក្រាបទៅលើបាតុកម្មរបស់លោក រ៉ុង ឈុន ប្រសិនបើបាតុកម្មនោះ ធ្វើឡើងដោយខុសច្បាប់។
គួរជំរាបជូនថា សភាសហភាពអឺរ៉ុប កាលពីថ្ងៃទី ១៣កញ្ញា បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តមួយ ស្តីពីការស្តារស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ដោយក្នុងនោះ សភាសហភាពអឺរ៉ុប បានស្នើដល់រដ្ឋាភិបាលទីក្រុងភ្នំពេញឲ្យទម្លាក់ចោលគ្រប់បទចោទប្រកាន់ និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពពេញលេញឡើងវិញ។ ក្រៅពីនោះ សភាអឺរ៉ុប ក៏បានទាមទារឲ្យមានការទម្លាក់ចោលនូវបទចោទទាំងឡាយ លើថ្នាក់ដឹកនាំនយោបាយផ្សេងទៀត រួមមានទាំងលោក សម រង្ស៊ី ផងដែរ។
ចំណែកប្រមុខការទូតអឺរ៉ុបលោកស្រី ហ្វេដេរីកា ម៉ូហ្កេរីនី ក៏បានទាមទារដូចសមាជិកសភាអឺរ៉ុបដែរ ដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញពីបញ្ហានេះ និងបានព្រមានទុកជាមុនថា បើគ្មានការផ្លាស់ប្តូរឥរិយាបទណាមួយពីរដ្ឋាភិបាលកម្ពុជាពីពេលនេះទេ នោះក្រុមប្រឹក្សាអឺរ៉ុប នឹងចាត់វិធានការឲ្យសក្តិសមបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ