EU ចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ នៅតែជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហភាពអឺរ៉ុប នៅថ្ងៃទី ២១ សីហា នេះបានប្រកាសថា នឹងដាក់ឲ្យដំណើរការ «ការរាប់ថយក្រោយសន្និសីទលើកទី ២១ ស្តីពីការប្រែប្រួលអាកាសធាតុ» ។ ជាសន្និសីទ ដែលបង្កើតឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល និង ទម្លាយនូវភាពទាល់ច្រកតាមរយៈយុទ្ធនាការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោក Alain Vandersmissen ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ២១ សីហា នេះ បានធ្វើការផ្តល់នូវដំណឹងជាមុន ពីការដាក់ឲ្យដំណើរការនៅ នៃ« ការរាប់ថយក្រោយដើម្បីសន្និសីទលើកទី២១ នៃភាគីហត្ថលេខីស្តីពីការប្រែប្រួលអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅខែកញ្ញា ខាងមុខនេះ។
យ៉ាងណាមិញ បើទោះបីជាបញ្ហាបម្រែបម្រួលអាកាសធាតុជាបញ្ហាមួយដែលកំពុងតែគំរាមគំហែងដល់ពិភពលោក រួមទាំងប្រទេសកម្ពុជា ផងនោះ សហភាពអឺរ៉ុប នៅតែរំពឹងថានឹងសម្រេចឲ្យបាននូវភាពទាល់ច្រក ក្នុងការយុទ្ធនាការជាសកល ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចងក្រងច្បាប់ និងកិច្ចព្រមព្រៀងជាសកលស្តីពីអាកាសធាតុដោយគ្រប់ប្រជាជាតិទាំងអស់។
ជារការកត់សំគាល់ សហភាពអឺរ៉ុប គឺជាដៃគូឈានមុខគេក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា។
ជាក់ស្តែង សហភាពអ៊ឺរ៉ុបបានទទួលការអនុញ្ញាត ក្នុងការបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទចល័ត ដែលមានឈ្មោះថា «ចាប់ផ្តើមឥឡូវនេះ» ។ ជាកម្មវិធីទូរស័ព្ទ ដែលនឹងបញ្ជូនសារជារៀងរាល់ថ្ងៃ ស្តីពីការប្រែប្រួលអាកាសធាតុ ពត៌មានស្តីពីការចរចាជាសកល ការបង្កើតថ្មី និងគម្រោងការបន្សាំនៅក្នុងប្រទេសកម្ពុជា ទៅដល់អ្នកដែលទាញយកកម្មវិធីនេះ។
បន្ថែមលើនេះ នៅថ្ងៃទី២១ សីហា នេះ សហភាពអ៊ឺរ៉ុប ក៏បានរៀបចំពិធីប្រគល់រង្វាន់ ដល់បេក្ខជនជ័យលាភីចំនួនបីរូប ក្នុងចំណោមបេក្ខជន ៥០០នាក់ ពីការប្រឡងរូបថតស្តីពី ការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកួតប្រជែងរូបថតស្តីពីការប្រែប្រួលអាកាសធាតុនេះ ផងដែរ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ឲ្យកាន់តែទូលំទូលាយ នៅក្នុងចំណោមប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា រួមជាមួយនឹងមន្រ្តីនៃក្រសួងបរិស្ថាន ក៏បានធ្វើ សិក្ខាសាលាថ្នាក់តំបន់ស្តីអំពី«ការបន្សុំានឹងបម្រែបម្រួលអាកាសធាតុ»។ ជាសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីការបន្សុំានឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំង ការបន្ថយនូវហានិភ័យនៃគ្រោះធម្មជាតិ ពិសេសគឺស្វែងរកដំណោះស្រាយសមស្របដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ៕
អត្តបទដោយ៖ សរ ពិសី
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ