ទិវាអឺរ៉ុបទី៦០ចង់ទាក់ទាញអារម្មណ៍សិស្សនិងនិស្សិតខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
គណៈប្រតិភូសហភាពអឺរ៉ុប រួមទាំងស្ថានទូតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានជ្រើសរើសយកដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យ និងសាកលវិទ្យាល័យចំនួន៥ ដើម្បីអបអរសាទរទិវាអឺរ៉ុបលើកទី៦០ ថ្ងៃទី ៩ឧសភា ១៩៥០៩-៩ឧសភា ២០១០។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីធ្វើបទបង្ហាញដល់សិស្សនិងនិស្សិតខ្មែរ អំពីសហភាពអឺរ៉ុប ដែលគេអួតសរសើរថាជាប្រទេសសន្តិភាព វិបុលសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សហភាពអឺរ៉ុបក៏ចង់បង្ហាញថា ពួកគេមិនបានភ្លេចប្រទេសកម្ពុជាទេ។
សេចក្តីរាយការណ៍របស់ ប៉ែន បូណា ពីភ្នំពេញ
ការផ្សព្វផ្សាយអំពីសហភាពអឺរ៉ុប នៅក្នុងចំណោមសិស្សនិងនិស្សិតខ្មែរ គឺជាប្រធានបទ ដែលសហភាពអឺរ៉ុបបានជ្រើសរើសយក សម្រាប់ការប្រារព្ធទិវាអឺរ៉ុប លើកទី៦០ ដែលនឹងឈានមកដល់នៅថ្ងៃទី៩ឧសភាស្អែកនេះ។ វិទ្យាល័យព្រះស៊ីសុវត្ថិ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាគោលដៅនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុប។
លោក Rafael Dochao Moreno ភារធារីនៃប្រតិភូគណៈកម្មការអឺរ៉ុប នៅកម្ពុជា បានពន្យល់ថា ការធ្វើបទបង្ហាញ អំពីសហភាពអឺរ៉ុបដល់សិស្សនិងនិស្សិតខ្មែរ គឺដើម្បីឲ្យពួកគេបានយល់ដឹង អំពីសហភាពអឺរ៉ុប ដែលលោកហៅថាជាប្រទេសដែលមានសន្តិភាព វិបុលសុខ និងការអភិវឌ្ឍន៍ជឿនលឿនផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែមន្ត្រីរូបនេះអះអាងថា សហភាពអឺរ៉ុបមិនបានភ្លេចប្រទេសកម្ពុជាឡើយ។
សហភាពអឺរ៉ុបក៏ជាម្ចាស់ជំនួយដ៏ធំមួយ សម្រាប់កម្ពុជាដែរ។ ជំនួយរបស់អឺរ៉ុបគឺផ្តោតសំខាន់ទៅលើវិស័យអប់រំ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ កាលពីខែមុននេះ សហភាពអឺរ៉ុបបានប្រកាសរកដៃគូ ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ ដែលមានទឹកប្រាក់សរុបជិត២លានដុល្លារអាមេរិក។ ប្រាក់នេះនឹងត្រូវបែងចែងដល់អង្គការ និងសមាគមការពារសិទ្ធិមនុស្សក្នុងស្រុក ដែលត្រូវបានគេជ្រើសរើស។
គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជាហាក់កំពុងក្លាយជាប៉ូលមួយ នៃការចាប់អារម្មណ៍ ពីសំណាក់មហាអំណាចធំៗលើពិភពលោក។ មហាអំណាចចិនបាននិងកំពុងរឹតចំណងការទូតជាមួយកម្ពុជាកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោយពីបានទទួលជំនួយយោធាពីប្រទេសចិន កាលពីសប្តាហ៍មុន រដ្ឋសភាកម្ពុជាទើបតែបានអនុម័តក្នុងសប្តាហ៍នេះ នូវអនុសញ្ញា ស្តីពីកុងស៊ុលរវាងកម្ពុជា និងចិន។ អនុសញ្ញានេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរបង្កើនស្ថានអគ្គកុងស៊ុលថ្មីៗទៀត បន្ថែមពីលើស្ថានឯកអគ្គរាជទូត និងរដ្ឋទូត ដែលមានស្រាប់។
សហរដ្ឋអាមេរិក ថ្វីបើបានប្រកាសព្យួរជំនួយយោធាមួយរយៈក្តី ក៏នៅតែមានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជា ក្នុងវិស័យផ្សេងទៀតដែរ។ ជារឿយៗ ប្រទេសទាំងពីរតែងអួតសរសើរ អំពីទំនាក់ទំនងកាន់តែល្អជាមួយគ្នា។ ក្នុងឱកាសខួបទិវាអឺរ៉ុបលើកទី៦០នេះ សហភាពអឺរ៉ុបក៏បានម្នីម្នាខ្លាំងណាស់ដែរ ក្នុងការបញ្ជ្រាបឥទ្ធិពលរបស់ខ្លួន ទៅក្នុងសិស្ស-និស្សិត ដែលជាសសរទ្រូងរបស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ