កម្ពុជា

ទូតបារាំងថ្មី ដើម​កំណើត​វៀតណាម នឹង​មក​កាន់​ការងារ​នៅ​ស្រុក​ខ្មែរ!

លោកស្រី Eva Nguyen-Binh ដែលត្រូវតែងតាំង​ជា ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំនៅកម្ពុជា
លោកស្រី Eva Nguyen-Binh ដែលត្រូវតែងតាំង​ជា ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំនៅកម្ពុជា @vietnam-news

លោកស្រី Eva Nguyen-Binh ជា​ជន​ជាតិ​បារាំង ដើម​កំណើត​វៀតណាម ត្រូវ​បា​នតែង​តាំង​ជា​ ឯកអគ្គ​រដ្ឋទូត​បារាំងថ្មី ប្រចាំ​នៅ​កម្ពុជា។ លោកស្រី​នឹង​មក​ជំនួស​តំណែង​ លោក Jean-Claude Poimboeuf  ឯកអគ្គ​រដ្ឋ​ទូត​បារាំងបច្ចុប្បន្ន ដែល​នឹងផុត​អាណត្តិ​នៅ​រវាង​ពីរ​ខែ​ទៀត​។ តើ​លោក​ស្រី​​ឯកអគ្គរដ្ឋ​ទូត​បារាំង​ថ្មី មាន​ប្រវត្តិយ៉ាង​ណា?

ផ្សាយពាណិជ្ជកម្ម

ថ្មីៗ​នេះ រដ្ឋាភិបាល​បារាំង បាន​សម្រេច​​តែង​តាំង​ឯកអគ្គរដ្ឋទូត​ថ្មី ចំនួន​២៨នាក់ ដែល​ត្រូវ​កាន់​​​ការងារ​នៅ​កន្លែង​សំខាន់ៗ ដូចជា​នៅក្រុង​​ Berlin, Moscou, Pékin, Tokyo, Washington ជា​​​ដើម។​ ក្នុង​នោះ ក៏​មាន​ការ​ផ្លាស់ប្តូរ​ទូត​បារាំង​នៅស្រុក​ខ្មែរ​ដែរ។ លោកស្រី Eva Nguyen-Binh នឹង​ត្រូវ​មក​កាន់​តួនាទី​ជាឯកអគ្គរដ្ឋ​ទូបារាំង​ប្រចាំ​នៅ​កម្ពុជា។ លោកស្រី មាន​ឈ្មោះ​​ដើមថា​  Nguyễn Bình Thanh Hương។ 

មាន​ឪពុក​វៀតណាម ម្តាយ​បារាំង ស្វាមី​របស់​លោកស្រី គឺលោកJean-Noël Poirier ​ក៏​ជា​ឯក​អគ្គរដ្ឋ​ទូត​បារាំងដែរ ​នៅហាណូយ។​ លោកស្រី Eva  មា​នបទ​ពិសោធ​ការទូតជាច្រើន​។​ ធ្លាប់​ធ្វើការ​វិស័យ​​ការទូត នៅ​ប្រទេស​ឥណ្ឌា និងព័រទុយហ្គាល  បច្ចុប្បន្ន​លោកស្រី ជា​ទីប្រឹក្សា​ផ្នែក​កិច្ច​សហ​ប្រតិបត្តិការ​និង​សកម្មភាព​វប្បធម៌ របស់​ស្ថានទូត​បារាំង នៅ​វៀតណាម ហើយ​លោកស្រី ក៏​ជា​​ប្រធាន​វិទ្យាស្ថាន​បារាំង នៅ​ទីក្រុង​ហាណូយ ទៀត​ផង។

 

លោកស្រី​បាន​រៀន​ចប់​និងទទួល​សញ្ញាបត្រ​នៅ​ Science Po ដែល​ជា​សាលានយោបាយ​ដ៏​ធំ​ ដ៏​ល្បីរបស់​បារាំង ហើយលោកស្រី​ក៏​បាន​រៀន​នៅសកលវិទ្យាល័យ​ Georgetown  ផ្នែក​កិច្ច​ការ​បរទេស ថែមទៀត​។ នៅឆ្នាំ​១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់​​​បម្រើ​ការងារ​នៅ​ក្រសួង​ការ​បរទេស​បារាំង ហើយ​លោកស្រី មាន​ចំណេះដឹង​ជំនាញទូលំទូលាយ​ផ្នែក​កិច្ច​ការ​អាស៊ីអគ្នេយ៍។​

 

ដូច្នេះ ​ប្រសិន​បើ​មាន​ការ​ទទួល​ស្គាល់​ពី​ភាគីរដ្ឋាភិបាល​​កម្ពុជានៅ​ពេល​ឆាប់ៗនេះ, លោកស្រី Eva Nguyen-Binh នឹង​ក្លាយ​ជា​ឯកអគ្គ​រដ្ឋទូត​បារាំងស្រី ដំបូង​គេ​បំផុត ក្នុង​ប្រវត្តិ​ការ​ទូត​បារាំង​-កម្ពុជា​​ ហើយ​ដែល​នឹង​ត្រូវចូល​តំណែង​ នៅ​ខែ​សីហា​ខាង​មុខនេះ​​។​ ក៏​ប៉ុន្តែ ក្រោយ​​ពីបានឮ​​ដឹង​នូវ​សេចក្តី​សម្រេច​​តែង​តាំង​ជាផ្លូវការ​របស់វិមាន​ Elysée, ពលរដ្ឋ​ខ្មែរមួយចំនួន​​​នៅ​ស្រុក​បារាំង បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាបណ្តើរៗ ដោ​យសារតែ​ប្រវត្តិ​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម​របស់​លោកស្រី Eva ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI