អតីតម្ចាស់ដីតវ៉ា ស្នើឲ្យក្រុមហ៊ុនផ្អាកគម្រោងសាងសង់អាគារផ្ទះល្វែងនៅបឹងកក់
ចុះផ្សាយនៅថ្ងៃ៖
អតីតអ្នកភូមិបឹងកក់ ប្រមាណ ៥០ នាក់ ដែលជាម្ចាស់ដី បានលើកគ្នាទៅតវ៉ា នៅមុខការដ្ឋានរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន ទាមទារឲ្យក្រុមហ៊ុន ផ្អាកគម្រោងសាងសង់អាគារផ្ទះល្វែង និងផ្សារទំនើប នៅតំបន់បឹងកក់។ ក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី២៩មេសានេះ ក៏បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តល់សំណងបន្ថែម ជាដីនៅតំបន់បឹងកក់ និងអ្នកខ្លះស្នើសុំលុយបន្ថែម ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារ។ តែអាជ្ញាធររាជធានី ចាត់ទុកថា ការទាមទារនោះ ផុតពីលទ្ធភាព។ រីឯក្រុមហ៊ុន បន្តការដ្ឋានសាងសង់ ដោយមិនបានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរនៅឡើយទេ។
ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ នៅព្រឹកថ្ងៃទី២៩មេសា បានធ្វើឡើង ខណៈដែល ក្រុមហ៊ុនសូកាគូអ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភា ចាប់ផ្តើមបុកគ្រឹះ សាងសងសំណង់អាគារផ្ទះល្វែង ខុនដូ សាលារៀន កន្លែងហាត់ប្រាណ កន្លែងវាយកូនហ្គោល និងសួនច្បារសម្រាប់លេងកម្សាន្ត ដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារអាមេរិក នៅដីបឹងកក់ ទំហំជាង ១០០ ហិកតា។
ចាប់តាំងពីឆ្នាំ២០០៦ ក្រុមហ៊ុនស៊ូកាគូអ៊ីន បានបូមខ្សាច់ ចាក់លុបបឹងកក់ ដើម្បីវិនិយោគអភិវឌ្ឍន៍ជាទីក្រុងរណប ដែលនាំឲ្យប្រជាពលរដ្ឋជាង ៤០០០ គ្រួសារ ត្រូវរុះរើលំនៅដ្ឋាន បង្កឲ្យមានការតវ៉ាជាញឹកញាប់។ រហូតដល់ពេលនេះ អតីតអ្នកភូមិបឹងកក់ ១២៣៩ គ្រួសារ បានតវ៉ា ទាមទារសំណងបន្ថែម។ តំណាងអ្នកតវ៉ា អ្នកស្រី សៀ ណារ៉េត លើកឡើងថា អ្នកខ្លះ ស្នើសុំដី ១ឡូត៍ ដើម្បីសង់ផ្ទះនៅតំបន់បឹងកក់ និងអ្នកខ្លះទៀត ស្នើសុំលុយសំណងបន្ថែម ២ ម៉ឺនដុល្លារ ក្នុងមួយគ្រួសារ។
ប៉ុន្តែការប្រមូលផ្តុំតវ៉ា នៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩មេសានេះ អាជ្ញាធរ មិនចេញមកជួប ឬក៏ឆ្លើយតបយ៉ាងណាទេ។
ក្រុមអ្នកតវ៉ា ក៏បានបន្តហែក្បួន ទៅតវ៉ា នៅមុខការដ្ឋានសំណង់នៅបឹងកក់ ដែលស្ថិតនៅក្រោយសាលារាជធានីភ្នំពេញ។ តាមអ្នកស្រី សៀ ណារ៉េត អតីតអ្នកភូមិបឹងកក់ សុំឲ្យក្រុមហ៊ុន ដែលកំពុងបុកគ្រឹះ ឲ្យផ្អាកការសាងសង់ រហូតដល់មានដំណោះស្រាយដល់អ្នកតវ៉ា។
អ្នកស្រី សៀ ណារ៉េត បញ្ជាក់ថា ក្រុមហ៊ុន កំពុងបុកគ្រឹះសាងសង់អគារផ្ទះល្វែង ខុនដូ លើដីរបស់អ្នកស្រី។ អ្នកស្រី ក៏ដូចជាអ្នកតវ៉ាជាង ១០០០ គ្រួសារ ស្នើឲ្យអាជ្ញាធរ និងក្រុមហ៊ុន ផ្តល់សំណងបន្ថែម ព្រោះលុយ ៨០០០ ដុល្លារ និងប្រាក់ ២ លានរៀល ដែលអាជ្ញាធរដោះស្រាយកន្លងមក តិចតួច និងមិនអាចទិញផ្ទះថ្មីរស់នៅបានទេ ខណៈដែលដីនៅតំបន់បឹងកក់ សព្វថ្ងៃ ក្រុមហ៊ុន យកទៅលក់បន្ត ថ្លៃកប់ពពក។
យ៉ាងណាក៏ដោយ ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ នៅមុខការដ្ឋានក្រុមហ៊ុន ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចាត់ទុកថា មិនស្របទេ ព្រោះអ្នកតវ៉ាទាំងនោះ បានទទួលសំណងរួចហើយ ពីក្រុមហ៊ុន។ ក្រុមហ៊ុន ដែលកំពុងបុកគ្រឹះសាងសង់អគារនៅតំបន់បឹងកក់ មិនបានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ នៅឡើយ ជុំវិញការតវ៉ា។
ជាមួយគ្នានោះ លោក ឡុងឌីម៉ង់ លើកឡើងថា អាជ្ញាធរ តែងតែទទួលយកញត្តិ និងសំណូមពររបស់ប្រជាពលរដ្ឋតវ៉ា។ ប៉ុន្តែការស្នើសុំរបស់អតីតអ្នកភូមិបឹងកក់ច្រើនដង ស្នើសុំសំណងបន្ថែមនោះ គឺផុតពីលទ្ធភាពរបស់អាជ្ញាធររាជធានីហើយ។ តាមលោកឡុងឌីម៉ង់ អាជ្ញាធរ នឹងព្យាយាមដោះស្រាយការស្នើសុំ ដោយសហការជាមួយអង្គការសង្គមស៊ីវិល ជាដៃគូ ដើម្បីអភិវឌ្ឍន៍សហគមន៍ ដែលអតីតអ្នកភូមិបឹងកក់ កំពុងរស់នៅ ដូចជា ធ្វើផ្លូវ សាលារៀន និងបង្កើតផ្សារ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ