កម្ពុជា

លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ ២០១៥ ប្រកាស​លឿន​ជាង​ការ​កំណត់

សិស្សានុសិស្ស​កំពុង​ពិនិត្យ​រក​មើល​ឈ្មោះ​របស់​ពួកគេ នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​នា​ឆ្នាំ្ន​កន្លង​ទៅ។​
សិស្សានុសិស្ស​កំពុង​ពិនិត្យ​រក​មើល​ឈ្មោះ​របស់​ពួកគេ នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​នា​ឆ្នាំ្ន​កន្លង​ទៅ។​ RFI/ Siv Channa
១៤ នាទី

ការ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​ក្រសួង​អប់រំ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ ១៥​ និង​១៦ កញ្ញា នឹង​លើក​ថ្ងៃ​មក​ប្រកាស​នៅ ១២ កញ្ញា ស្អែក​នេះ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ និង​ ខេត្ត​កណ្តាល។ ចំណែក មណ្ឌល​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​នានា​ នឹង​ត្រូវ​បាន​ប្រកាស នៅ​ថ្ងៃ​ទី​ ១៣ កញ្ញា​វិញ។

ផ្សាយពាណិជ្ជកម្ម

 

លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៥​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​១២​កញ្ញា​ស្អែក​នេះ។ លទ្ធផល​នៃ​ការ​ប្រកាស​លឿន​ជាង​ការ​គ្រោងទុក​បែប​នេះ ដោយសារ​តែ​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​របស់​បេក្ខជន បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន​ល្អ ដោយ​ពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ឡើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​ ១០ កញ្ញា។

លោក ​រស់ ​សាលីន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ ​បង្ហើប​ឲ្យ​ដឹង​ថា ​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ឬ​បាក់​ឌុប​ ឆ្នាំ​នេះ ​ទំនង​ជា​មាន​ការ​ប្រលង​ជាប់​ច្រើន​ជាង​ឆ្នាំ​មុន​។ ​ដោយសារតែលោកសង្កេត​ឃើញ​ថា​សន្លឹក​កិច្ចការ​របស់​បេក្ខជន​បាន​ធ្វើ​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​កិច្ចការ​របស់​ពួក​គេ​គឺ​ចេញ​មក​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ ដែល​នេះ​ជា​មូល​ហេតុ​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​លោក​សន្និដ្ឋាន ​ប្រកប​ដោយ​សុទិដ្ឋិនិយម​បែប​នេះ​។

ជា​ការ​វាយ​តម្លៃ​បែប​សង្កេត លោក​បាន​បញ្ជាក់​ថា សន្លឹក​កិច្ច​ការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប ឆ្នាំ ២០១៥​នេះ​មាន​ការ​បំពេញ​និង​សរសេរ​ច្រើន​ជាង​បេក្ខជន​ឆ្នាំ ២០១៤។ ផ្អែក​តាម​ករណី​នេះ​ធ្វើ​ឲ្យ​លោក​សន្និដ្ឋាន​ថា អាត្រា​បេក្ខជន​ប្រឡង​ឆ្នាំ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន។

គួរ​រំឮក​ថា បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី ២៥ សីហា ​ដំណើការ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​មានរយៈ​ពេល ៤ ថ្ងៃចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣០ សីហា​ ​បាន​បញ្ចប់​នៅ​កាលពីថ្ងៃ​ទី ២ កញ្ញា កន្លងទៅនេះ។ ​ ដំណើការនៃកំណែនេះ​ធ្វើ​ឡើង​ដោយ​មាន​បំពាក់​នូ​វកាមេរ៉ា​សុវត្ថិភាព នៅ​គ្រប់​បន្ទប់ នៃ​មណ្ឌល​កំណែ​ទាំង​ ៩ នៅ​រាជធានី​ភ្នំពេញ និងមាន​ការ​ឃ្លាំ​មើល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយផងដែរ។

ចំពោះ​បវេសនកាល​ថ្មី​ឆ្នាំ ២០១៥​ -២០១៦ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ០១ វិច្ឆិកា ២០១៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ​សីហា ឆ្នាំ២០១៦។ ចំណែក​ឯការ​ប្រារព្ធ​ពិធី​បើក​បរវេសនកាល​ជា​ផ្លូវ​កា​រ​គឺ​នៅ​ថ្ងៃ ទី ០១ វិច្ឆិកា ២០១៥៕
 
អត្តបទដោយ៖ ចាន់ ជីវ៉ា

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI