ពិព័រណ៍ភូមិ១ផលិតផល១នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃដើមខែឧសភាខាងមុខនេះ!
ចុះផ្សាយនៅថ្ងៃ៖
ពិព័រណ៍ផលិតផលក្នុងស្រុក ភូមិ១ផលិតផល១ លើកទី៥ នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ឧសភាខាងមុខនេះ នៅខាងមុខវត្តបុទមវត្តី។ ពិព័រណ៍នេះនឹងមានការចូលរួមពីក្រុមអាជីវករ សិប្បករ និងផលិតករក្នុងស្រុកចំនួនជាង ៨០ស្តង់ ដែលមកពីតាមបណ្តាខេត្ត និងរាជធានីទាំង២៥របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៣មេសានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា។
នេះគឺជាលើកទី៥ហើយ ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានរៀបចំឲ្យមានការតាំងពិព័រណ៍ភូមិ១ផលិតផល១ នៅដើមខែឧសភាខាងមុខនេះ។ នៅក្នុងឱកាសតាំងពិព័រណ៍នេះ នឹងមានផលិតករ សិប្បករ អាជីវករចំនួនជាង៨០ស្តង់ មកចូលរួមតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន ដែលមានដូចជាភេសជ្ជៈទឹកមាត់ត្រចៀកកាំ ប្រហិតខ្មែរ ទឹកផ្លែឈើខ្មែរ បន្លែសរីរាង្គ គ្រឿងអលង្កា ចម្លាក់ប្រាក់និងឈើ ផលិតផលឬស្សី សូត្រខ្មែរ ម្ហូបខ្មែរនិងផលិតផលជាច្រើនផ្សេងទៀត ដែលសរុបមានជាង៧០មុខ។
លោកផល សុជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានបញ្ជាក់នៅក្នុងឱកាសសន្និសីតកាសែតថា រដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រចំនួនបីដើម្បីជួយដល់ផលិតករខ្មែរក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់។ យុទ្ធសាស្ត្រទាំងបីនោះរួមមាន៖ ទី១ ផ្តល់ការគាំទ្របច្ចេកទេស ដោយផ្តល់ជាការបណ្តុះបណ្តាលដល់ពួកគាត់ដើម្បីពង្រឹងគុណភាពផលិតផល។ ទី២ លើកទឹកចិត្តផលិតករ ដែលមានដូចជាការចងក្រងជាក្រុម ឬសហគមន៍ នឹងរៀបចំឲ្យមានការប្រកួតប្រជែង និងផ្តល់រង្វាន់ជាដើម។ និងទី៣ ជួយស្វែងរកទីផ្សារទាំងនៅក្នុងស្រុក និងបរទេសឲ្យផលិតផលរបស់ពួកគាត់។
លោកផល សុជាតិបានទទួលស្គាល់ថាការតាំងពិរព័រណ៍ភូមិ១ផលិត១ ត្រូវបានធ្វើឡើងចំនួន៥លើកមកហើយ ក៏ប៉ុន្តែមានការរីកចម្រើនបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារតែចំនួនផលិតករ និងការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត។ ហើយម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជាក៏នៅមិនទាន់មានកញ្ចប់ថវិកាជាក់លាក់ណាមួយដើម្បីជួយទ្រទ្រង់ដល់ការតាំងពិព័រណ៍នេះដែរ។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានតែងតែគៀងគររកវិស័យឯកជនឲ្យជួយគាំទ្រដល់ដំណើរការនៃការតាំងពិព័រណ៍នេះ។
នៅក្នុងឱកាសនៃការតាំងពិព័រណ៍ភូមិ១ផលិតផល១នៅថ្ងៃទី១ដល់ថ្ងៃទី៣ឧសភាខាងមុខនេះលោកផល សុជាតិបានសំណូមពរឲ្យប្រជាជនខ្មែរ ទៅចូលរួមនឹងគាំទ្រការប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើនកុះករផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ