១០ខែឆ្នាំ២០១៩៖ ការនាំចេញទំនិញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម កើនឡើងជិត៧%
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៨ ធ្នូនេះ បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទំហំទឹកប្រាក់ជាងមួយម៉ឺនលានដុល្លារ (១០៨១៣ លានដុល្លារ)។ ចំនួននេះ បានកើនឡើង ៦.៤៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ការនាំចេញទំនិញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែឆ្នាំ២០១៩នេះ បានកើនឡើងជាង៦៥៤លានដុល្លារអាមេរិក ឬស្មើនឹង ៦.៤៥%។ ពោលគឺ បានកើនឡើងពី ១០១៥៨ លានដុល្លារនៅឆ្នាំ២០១៨ ដល់ ១០៨១៣ លានដុល្លារនៅឆ្នាំ២០១៩នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៨ ធ្នូ នេះ។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងលើកទិសដៅការងារពាណិជ្ជកម្មសម្រាប់២០២០ខាងមុខ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការកើនឡើងនេះ គឺបណ្តាលមកពីការនាំចេញលើវិស័យសំខាន់ៗមួយចំនួន តួយ៉ាងដូចជា វិស័យសម្លៀកបំពាក់ មានទឹកប្រាក់ប្រមាណជាង ៦៤០៦លានដុល្លារ, ផលិតផលវាយនភ័ណ្ឌមានទឹកប្រាក់ប្រមាណជាង៤០លានដុល្លារ ស្បែកជើងមានទំហំទឹកប្រាក់ប្រមាណជាង៩០៥លានដុល្លារ អង្ករមានទឹកប្រាក់ប្រមាណជាង២៨៦លានដុល្លារ រួមនិងផលិតផលមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ប្រមាណជាង១៧៤លានដុល្លារអាមេរិក។ ប៉ុន្តែរបាយការណ៍បានលើកឡើងថា ការនាំចេញអនុផលព្រៃឈើ តាមរយៈអាជ្ញាប័ណ្ណនាំចេញ បានធ្លាក់ចុះ ពី៦លានដុល្លារនៅឆ្នាំ២០១៨ មកនៅត្រឹម២លានដុល្លារនៅឆ្នាំ២០១៩នេះ។ ពោលគឺធ្លាក់ចុះ៤លានដុល្លារស្មើនឹង២០០%។
របាយការណ៍ដដែលបានលើកឡើងថា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ២០១៩នេះ ក្រសួងបានចុះបញ្ជីរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងបានចំនួន៥១រោងចក្រ ចុះបញ្ជីរោងចក្រផលិតកាបូបបានចំនួន២៧រោងចក្រ និងចុះបញ្ជីក្រុមហ៊ុននាំចេញ និងរោងចក្រផ្សេងៗទៀត បានចំនួន ១៣៨ក្រុមហ៊ុន។ ការចុះបញ្ជីរោងចក្រ និងក្រុមហ៊ុនខាងលើនេះ សុទ្ធតែបានកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨។
គួរជំរាបជូនថា តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដោយជំរុញទីផ្សារនាំចេញ និងពង្រឹងទីផ្សារក្នុងប្រទេស ដើម្បីបង្កើនល្បឿនសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់សមត្ថភាពផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារ លើកកម្ពស់ការផ្តល់សេវាពាណិជ្ជកម្ម ការការពារកម្មសិទ្ធិបញ្ញា និងបង្កើនប្រសិទ្ធភាពការត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំលើផលិតផល ទំនិញ និងសេវា ដើម្បីការពារអ្នកប្រើប្រាស់ និងការងារប្រកួតប្រជែងប្រកបដោយសមធម៌នៅក្នុងវិស័យពាណិជ្ជកម្មនេះ។ ទោះជាយ៉ាងនេះក្តី កម្ពុជាកំពុងប្រឈមនឹងហានិភ័យក្នុងការនាំទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA។ កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក World Bank ធនាគារអភិវឌ្ឍអាស៊ី ADB និងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF សុទ្ធតែបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះពី៧%នៅឆ្នាំ២០១៩ មកនៅត្រឹម ៦.៨% នៅឆ្នាំ ២០២០ នោះប្រសិនបើសហភាពអឺរ៉ុប ដកឬព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ