ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បណ្ដាញ​សង្គម ក្លាយ​ជា​ទី​ណាត់​ជួប​រវាង​អ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត

សំឡេង ០៤:៤២
រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook

នៅ​កម្ពុជា បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ទទួល​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​។កន្លង​មក ពលរដ្ឋ​ខ្មែរ​និយម​ប្រើ​ប្រាស់​ហ្វេសប៊ុក ដើម្បី​​រក្សា​ទំនាក់​ទំនង​​ជាមួយ​មិត្តភក្តិ​​ក្រុមគ្រួសារ​ ​​ចែកចាយនិង​ទទួល​បាន​ព័ត៌មាន ព្រម​ទាំង​​​ធ្វើ​អាជីវកម្ម។ បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ក៏​​​ជា​ទី​ណាត់​ជួប​ដ៏​សំខាន់ រវាង​អ្នក​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ពលរដ្ឋ​ជាង​៥​លាន​នាក់ មាន​លទ្ធភាព​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​អ៊ីនធឺណែត​​។ តាម​របាយការណ៍​របស់​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍ ចំនួន​នេះ​ហក់​ឡើង​១៦ដង បើ​ធៀប​ទៅ​នឹងឆ្នាំ​២០១០​។ ជា​ការ​ពិត ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង និយម​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណែត ព្រោះ​វា​មាន​លក្ខណៈ​សេរី និងទូលំ​ទូលាយ​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត ដូច​ជា​វិទ្យុ ទូរទស្សន៍ និង​កាសែត​ជា​ដើម​ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច​។

បណ្ដាញ​សង្គម​ច្រើន​ប្រភេទ ជា​ពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​បាន​ទទួល​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​​។ របាយការណ៍​របស់​វិទ្យាស្ថាន​បើក​ទូលាយ ចេញ​ផ្សាយ​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៥​ឲ្យ​ដឹង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាប់​ចំណាត់​ថ្នាក់​លេខ​២ ជា​បណ្ដាញ​សំខាន់​បំផុត​ដែល​ពលរដ្ឋ​កម្ពុជា​ប្រើ​ប្រាស់​ដើម្បី​ទទួល​ព័ត៌មាន ខណៈ​ដែល​ទូរទស្សន៍​ជាប់​ចំណាត់​ថ្នាក់​លេខ​១​។

ពលរដ្ឋ​ខ្មែរ​និយម​ប្រើ​ប្រាស់​ហ្វេសប៊ុក ដើម្បី​​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​​ក្រុមគ្រួសារ​ ​​ចែកចាយនិង​ទទួល​បាន​ព័ត៌មាន ព្រម​ទាំង​​​ធ្វើ​អាជីវកម្ម។ បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ក៏​​​ជា​ទី​ណាត់​ជួប​ដ៏​សំខាន់ រវាង​អ្នក​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ផង​ដែរ​។

ជាក់​ស្ដែង នៅ​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា គណបក្ស​សង្គ្រោះ ជាតិ បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​សកម្ម ដើម្បី​ឃោសនា​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​ខ្លួន ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ និង​ដើម្បី​​ទទួល​មតិ​យោបល់​ពី​អ្នកគាំទ្រ​ត្រឡប់​មក​វិញ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម។ មិន​ថា​លោក​នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស រូបថត វីដេអូ និង​សារ​នយោបាយ​ស្ដី​ពី​បញ្ហា​ផ្សេង​ៗ ត្រូវ​បាន​បង្ហោះ​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ​។ សកម្មភាពនៅ​លើ​បណ្ដាញ​​សង្គម​នេះ ត្រូវ​បាន​អ្នក​វិភាគ​វាយ​តម្លៃ​ថា បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​គណបក្ស​ជំទាស់​កើន​ប្រជាប្រិយភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

ដោយ​ឡែក សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។ បន្ទាប់​ពី​បាត់​បង់​កៅអី​នៅ​ក្នុង​សភា​អស់​២២​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ បក្ស​កាន់​អំណាច​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នឹង​បណ្ដាញ​​សង្គម​នេះ​កាន់​តែ​ខ្លាំង​។ ស្ថាប័ន​សំខាន់​ៗរបស់​រដ្ឋាភិបាល បង្កើត​ទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ជា​ទៀងទាត់​។ បុគ្គល​សំខាន់​ៗ​នៃ​គណបក្ស​កាន់​អំណាច ក៏​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កាន់​តែ​សកម្ម ដើម្បី​បង្ហាញ​​ពី​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​សមទ្ធិផល​​ការងារ​របស់​ខ្លួន ជូន​ដល់​ប្រជាពលរដ្ឋ​​។ ជាក់ស្ដែង​ដូច​ជា​លោក​នាយក​រដ្ឋ​មន្ដ្រី​ជា​ដើម​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បដិសេធ​ថា លោក​គ្មាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣​។ ប៉ុន្តែ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៥ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ដ្រី​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា សម្ដេច​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​។ ការ​ទទួល​ស្គាល់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទំព័រ សម្ដេច​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា ទទួល​បាន​ការ​ចូល​ចិត្ត​ចំនួន​​ ​១​លានរួច​មក​។

បន្ទាប់​ពី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​បញ្ចេញ​សកម្មភាព​ខ្លាំង​ឡើង​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ក្រៅពីផ្សាយ​សារ​នយោបាយ ​បង្ហោះ​រូបភាព​នៅ​មាត់​សមុទ្រ និង​ប្រវត្តិ​ស្នេហា​​ជាមួយ​ជំទាវ​ទី​១​នៅ​ក្នុង​របប​វាល​ពិឃាត លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​​ដោះ​ស្រាយ​​សំណូមពរ​ទាំង​នោះ​ដោយ​ផ្ទាល់ និង​ជា​បន្ទាន់​ថែម​ទៀត​ផង​​។ ជាក់​ស្ដែង​ដូច​ជា​ការ​​ប្រកាស​បញ្ឈប់​ការ​យក​លុយ​ពី​រថយន្ត​គ្រួសារ​នៅ​​ផ្លូវ​វេងស្រេង និង​ចំណាត់ការ​ជា​បន្ត​បន្ទាប់​លើ​បញ្ហា​ចរាចរណ៍ នា​ពេល​ថ្មី​ៗ​នេះ​ជា​ដើម។

ជា​ការ​ពិត អ្វី​ដែល​បាន​លើក​ឡើង​នេះ គឺ​ជា​ភស្តុតាង​បង្ហាញ​ឲ្យឃើញ​យ៉ាង​ច្បាស់​ពី​ឥទ្ធិពល​របស់​បណ្ដាញ​សង្គម ទៅ​លើ​ទំនាក់​ទំនង​រវាង​អ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត​នៅ​កម្ពុជា​។ អ្នក​នយោបាយ ប្រើ​ប្រាស់​ហ្វេសប៊ុក​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។ ចំណែក​ម្ចាស់​ឆ្នោត​វិញ ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​មធ្យោបាយ​ទាក់ទង​ជាមួយ​អ្នក​នយោបាយ ដើម្បី​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​។ បើ​ទោះ​បី​ជា​​ហ្វេសប៊ុក បាន​ជួយ​ទាញ​អ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត ឲ្យ​ខិត​ជិត​គ្នា​នៅ​ពេល​នេះ​ក៏​ដោយ ក៏​គេ​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នេះ អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ព្រោះ​សូម​កុំ​ភ្លេច​ថា បណ្ដាញ​សង្គម​​នេះ មាន​ឥទ្ធិពល​តិច​តួច​ណាស់ នៅ​តំបន់​ជន​បទ ដែល​​​ប្រើ​ប្រាស់​អ៊ីនធឺណែត​​នៅ​មាន​កម្រិត​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI