កម្ពុជា-សេដ្ឋកិច្ច

​រោង​ចក្រ​កាត់​ដេរ​មួយ​ចំនួន​នឹង​ត្រូវ​ព្យូរ​ការងារ​នៅ​ខែ​ក្រោយ​ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម​ពី​ចិន​

វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @REUTERS

ក្រសួង​ការងារ បានឲ្យដឹងថា ចាប់ពី​ខែមីនា​ខាង​មុខតទៅ ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា នឹងត្រូវព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ខណៈចិន​បិទ​រោង​ចក្រ​ផលិត​ក្រណាត់ ​ព្រោះ​តែការ​ផ្ទុះឡើង​នៃមេរោគកូរ៉ូណា។ បើតាម​ក្រសួងដដែលនេះ រោងចក្រ​ផលិត​សម្លៀកបំពាក់ គឺ​ប្រឈម​នឹង​ការព្យួរ​ការងារ​កម្មករច្រើន​ជាងគេ តែពីខាង​រោងចក្រ​ផលិត​ស្បែកជើង​វិញនៅ​មិនទាន់​មាន​សញ្ញា​ប្រឈម​ខ្លាំង​នៅឡើយ​។ 

ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារបានបញ្ជាក់តាម​រយៈ​តេឡេក្រាម​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ការព្យួរ​ការងារ​របស់កម្មករ​នៅតាម​រោង​ចក្រ​មួយ​ចំនួន​នាពេល​ខាងមុខ​គឺ​មិនមែនមកពី​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុបឡើយ។ ប៉ុន្តែ​ដោយសារអស់​ក្រណាត់​ដែលជា​វត្ថុ​ធាតុដើមនាំមកពីចិន​ទើប​បង្ខំ​ឱ្យ​រោងចក្រ​កាត់ដេរនៅកម្ពុជាមួយចំនួន​ត្រូវ​ផ្អាក​សង្វាក់​ផលិតកម្ម​របស់ខ្លួនមួយរយៈ​។

​បើតាម​​ក្រសួងការងារ ​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង នៅកម្ពុជា មានជិត១ពាន់​កន្លែងបានផ្តល់ការងារ​​ដល់​កម្មករ​ ជាង៨១ ​ម៉ឺន​នាក់​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែមាន​​រោងចក្រ​កាត់ដេរពី១០ទៅ១៥រោង​ចក្រប៉ុណ្ណោះនឹង​ត្រូវ​បិទ​ទ្វារ​ ដែល​ធ្វើឲ្យ​កម្មករពី៦ពាន់ទៅ៨ពាន់នាក់​អស់ការងារធ្វើ ខណៈ៩៥%នៃរោងចក្រ​នៅ​សល់​ក្រណាត់ដេរតែត្រឹម​សប្ដាហ៍​ទី​ ២ ​នៃ​ខែ​មីនា និង ៩០ភាគរយទៀត ​អាច​ដំណើការដល់​ដំណាច់​ខែ​មីនា​។

ចាប់​តាំងពី​មាន​ការផ្ទុះ​វីរុស​កូរ៉ូណានៅប្រទេសចិនមក ​រោងចក្រជាច្រើន​នៅក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចមួយនេះ ​ត្រូវបានបិទទ្វារ ហើយ​មិនទាន់​ដឹងថា​ត្រូវ​ដំណើរការ​វិញ​នៅពេល​ណា​ទេ។​បញ្ហានេះ​ជាហេតុ​ធ្វើ​ឲ្យ​មានផលប៉ះពាល់​ដល់​ដំណើរការ​រោង​ចក្រជាច្រើន​​នៅប្រទេសបណ្តាប្រទេសជាច្រើនរាប់ទាំងសហរដ្ឋអាមេរិក​ផងដែរ​។ នេះជាការគូសបញ្ជាក់​របស់​ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច​នៅរាជបណ្ឌិត​សភាកម្ពុជា។

ដើម្បី​ឆ្លើយតប​នឹងបញ្ហាបិទ​រោងចក្រមួយ​ចំនួន​នាពេល​ខាងមុខ បណ្ឌិត គី សេរីវឌ្ឍន៍ លើ​ក​ឡើង​ថា រដ្ឋាភិបាលគួរ​ចេញ​ប្រាក់​៥០% និង​ថៅ​កែ​រោង​ចក្រ​ត្រូវចេញ​​បង្គ្រប់​៥០%ទៀត ដើម្បី​បើក​ប្រាក់​ឈ្នួល​ឲ្យកម្មករ​នៅពេល​រោង​ចក្រ​ព្យួរការងារ បើពុំដូចនោះទេ​បញ្ហានឹង​កើត​ឡើង ពីព្រោះ​តែ​កម្មករ​ភាគ​ច្រើន​ជាប់​បំណុលមីក្រូហិរញ្ញវត្ថុ។

​យ៉ាងណាក៏​ដោយ​អ្នក​សេដ្ឋកិច្ច​រូបនេះ​បានអះអាងថា ផល​វិបាក​ដែល​កើតឡើង​​ទៅលើ​​កម្មករ​រោង​ចក្រ​នៅពេល​ខាង​មុខ​នេះ​មិនមែនមកពីបញ្ហាEBAរបស់​សហភាពអឺរ៉ុបនោះទេ តែជាបញ្ហា​ដែលកើតចេញពី​​ប្រទេស​ចិន ដោយ​សារ​តែ​ការ​​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI