កម្ពុជា

ការចុះឈ្មោះឆ្នោត​ថ្ងៃទី១​៖​គ្មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះឈ្មោះ​ជនបរទេស​ តែ​បក្ស​នយោបាយ​នៅតែ​ប្រុង​ប្រយ័ត្ន

សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១ @NEC Spokesperson

សម្រាប់ការ​ចុះឈ្មោះបោះឆ្មោត​ថ្មី​នៅ​ថ្ងៃ​ទី​១​កាល​ពីម្សិលមិញនេះ​ ​មាន​បញ្ហា​រំខាន​តិចតួច​បាន​កើតឡើង ​ប៉ុន្តែ​មិន​បាន​រាំង​ស្ទះ​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ ​ចំពោះ​ជន​បរទេស​ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​វិញ ​ទាំង​គ.ជ.ប​ ទាំង​គណបក្ស​នយោបាយ ​សុទ្ធតែ​បញ្ជាក់​ដូចគ្នា​ថា ​មិនមាន​ភាព​មិន​ប្រក្រតី​ណាមួយ​បាន​កើត​មាន​នោះទេ​។ ​ទោះជា​បែបនេះក្តី​ គណបក្ស​នយោបាយ​នៅ​តែ​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជន​បរទេស​ ដោយ​ពង្រាយ​អ្នក​សង្កេតការណ៍​រៀង​ៗ​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​ជនបរទេស​ទាំងនោះ​។

ផ្សាយពាណិជ្ជកម្ម

ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី១ ​គណៈកម្មការធិការជាតិ​រៀបចំ​ការបោះឆ្នោត​ហៅកាត់​ថា​ គ.ជ.​ប​បាន​បញ្ជាក់​ឲ្យដឹ​ង​ថា ​មាន​ប្រជាពលរដ្ឋ​ចំនួន​៥ម៉ឺន២ពាន់២៩៧នាក់​បាន​ទៅចុះឈ្មោះ​នៅទូទាំង​ប្រទេស។​ ក៏ប៉ុន្តែ​នៅ​ក្នុងចំណោម​នេះ ​គ.ជ.ប ​មិនអាច​ញែកឲ្យចេញ​ថាតើ​មាន​ជនបរទេស​នៅក្នុង​ប្រទេសកម្ពុជា​ចំនួន​ប៉ុន្មាន​បាន​ទៅចុះឈ្មោះ​បោះឆ្នោត​នោះឡើយ​។ យ៉ាងណាក៏ដោយ ​គ.ជ.ប ​បានបង្ហាញថា ​នៅក្នុង​ការចុះឈ្មោះ​បោះឆ្នោត​នៅថ្ងៃទី១​ ដំណើរការ​ចុះឈ្មោះ​បាន​ជួបបញ្ហា​ខ្លះៗ​ដែរ​។

បើតាម​លោកហង់ ពុទ្ធា ​អ្នកនាំពាក្យ​គណៈកម្មការធិការជាតិរៀបចំ​ការបោះឆ្នោត ​បញ្ហា​ទាំង​នោះ​រួមមាន​ដូចជា ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ខ្លះ​បាន​ច្រឡំ​កន្លែងចុះឈ្មោះ​ដែល​បញ្ហា​នេះ​បានកើតឡើង​ចំពោះ​ឃុំដែ​លទើប​បង្កើតឡើង​ថ្មី​។ ​ចំណែក​នៅក្នុង​ខេត្តខ្លះ ​មាន​ភ្លៀងធ្លាក់​ រីឯម៉ាស៊ីន​ចុះឈ្មោះ​បោះឆ្នោត​មួយចំនួន​បាន​ខូច​ដែល​បញ្ហាទាំងនេះ ​បាន​ធ្វើឲ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ពន្យារពេល​ ប៉ុន្តែ​បញ្ហាទាំងនេះ​មិនបាន​រាំងស្ទះ​ដល់​ដំណើរកា​​​រ​ចុះបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះទេ។​
 

ដោយឡែក​ចំពោះ​ករណី​ជនបរទេស​ចុះឈ្មោះបោះឆ្នោត​ដែល​ជា​បញ្ហា​ក្តៅគគុក​នៅក្នុង​សង្គមខែ្មរ​នារដូវ​ចុះឈ្មោះបោះឆ្នោត​នេះវិញ ​លោក​ហង់ ពុទ្ធា​បាន​លើកឡើង​ថា ​មិនមាន​ភាព​មិនប្រក្រតី​ណាមួយ​បានលើក​មាន​ទេ​នៅក្នុង​អំឡុងពេលចុះ​ឈ្មោះបោះ​ឆ្នោត​នៅថ្ងៃទី១​នេះ​។ ​ការលើកឡើងនេះ​ក៏ដូចគ្នា​នឹង​ការ​សង្កេតឃើញ​របស់​បណ្តា​គណបក្សនយោបាយ​ដែលបាន​ដាក់​អ្នកសង្កេតការណ៍​របស់ខ្លួន​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ដែរ។​ ទោះ​ជា​បែបនេះក្តី​ គណបក្សនយោបាយ​នៅតែ​ពង្រឹង​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ជនបរទេស​ដែលទៅ​ចុះឈ្មោះ​បោះឆ្នោត​។

​លោកអេង ឆៃអ៊ាង ​មន្ត្រីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ​ បាន​សង្កត់ធ្ងន់​ថា ​អ្នកសង្កេតការណ៍​របស់​បក្សប្រឆាំងនឹ​ងកត់​ឈ្មោះ​ជ​នបរទេស​ដែល​មក​ចុះឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ទុកប្តឹងជំទាស់​ទៅកា​ន់​គ.ជ.ប​នៅពេល​បិទ​បញ្ជីដំបូង​។ ​

ចំណែក​លោកពេជ្រ ស្រស់ ​ប្រធាន​គណបក្សយុវជនកម្ពុជា​ដែលបាន​ដាក់​អ្នកសង្កេតការណ៍​តែ​នៅក្នុង​ខេត្តត្បូងឃ្មុំ​ បាន​លើកឡើង​ថា ​អ្នកសង្កេតការណ៍​របស់​លោក​នឹង​ធ្វើការ​ត្រួតពិនិត្យ​អត្តសញ្ញាណប័​ណ្ណ និង​ឯកសារ​ផ្សេងទៀត​របស់​ជនបរទេស​ដែលមក​ចុះឈ្មោះបោះ​ឆ្នោត​ជំនួស​ក្រុមការងារ​គ.ជ.ប។​ ចំពោះ​គណបក្សអំណាចខ្មែរ​វិញ ​លោកទេព វីរៈ​ ដែល​អ្នកនាំពាក្យ​បានគូសបញ្ជាក់​ថា ​អ្នកសង្កេតការណ៍​របស់​គណបក្ស​នឹង​ត្រួតពិនិត្យ​ និង​សួរនាំ​ជនបរទេ​ស​ដែលមក​ចុះឈ្មោះ​បោះឆ្នោត ​អំពី​ឯកសារ ​និង ​អត្តសញ្ញាណប័ណ្ណ ​បើមិន​មាន​ភាព​ត្រឹមត្រូវ​ទេ ​នឹង​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ និង ​ហាមឃាត់​មិនឲ្យ​ជនបរទេសនោះ​ចុះឈ្មោះ​បោះឆ្នោត​តែម្ត​ង​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI