កម្ពុជា

គណៈកម្មការ​ទី១រដ្ឋសភា កំពុង​ស៊ើបអង្កេត ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ជាង១ពាន់​គ្រួសារ

លោក អេង ឆៃអ៊ាង និងសមាជិក​គណៈកម្មការ​ទី១​របស់រដ្ឋសភា​ចុះទៅដោះស្រាយជម្លោះដី
លោក អេង ឆៃអ៊ាង និងសមាជិក​គណៈកម្មការ​ទី១​របស់រដ្ឋសភា​ចុះទៅដោះស្រាយជម្លោះដី © ហ្វេសប៊ុក លោក អេង ឆៃអ៊ាង

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី១នៃ​រដ្ឋសភា កំពុង​ដឹកនាំ​សមាជិក​ចំនួន៦រូប ដើម្បី​ចុះ​ស៊ើបអង្កេត​និង​ស្រង់​យក​ព័ត៌មាន​បន្ថែម ជុំវិញ​បញ្ហា​ជម្លោះដីធ្លី​នៅ​ក្នង​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​គឺ​ខេត្ត​ព្រះសីហនុ។ មាន​ជម្លោះដីធ្លី​ជាច្រើន​កន្លែង ដែល​គណៈកម្មការ​ទី១នៃ​រដ្ឋសភា​បាន​ទៅ​មើល​ដោយផ្ទាល់ ចាប់ពី​ថ្ងៃទី​អាទិត្យ​ម្សិល​ម៉ិ​ញ រហូតមកដល់​រសៀល​ថ្ងៃ​ចន្ទ​នេះ។

ផ្សាយពាណិជ្ជកម្ម

តាំងពី​ម៉ោង ៨និង៣០នាទី​ព្រឹក ថ្ងៃទី ២៣ ខែមីនា​នេះ លោក អេង ឆៃអ៊ាង ប្រធាន​គណៈ​កម្មការ​​ទី១នៃ​រដ្ឋសភា ដែលជា​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​វិវាធ​ដីធ្លីបាន​បន្ត​ដឹកនាំ ប្រតិភូ​គណ:កម្ម​ការ​ទី១រដ្ឋសភា​ដែលមាន​សមាជិក៦រូប ចុះ​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​និង​​ពិនិត្យមើល​ទីតាំង​ដី​មានទំនាស់​ដោយផ្ទាល់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មុនពេល​ចុះទៅ​កាន់​តំបន់​មានទំនាស់​ដីធ្លី​មួយចំនួនទៀត​នៅក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ។ ជា​ទំនាស់​ភាគច្រើន ដែល​កើតឡើង​រវាង​ប្រជាពលរដ្ឋ នឹង​អ្នកមាន​លុយ មានអំណាច។ នៅ​ទីនោះ ប្រតិភូ​គណៈកម្មការ​ទី១នៃ​រដ្ឋសភា មិនទាន់មាន​ដំណោះស្រាយ​ជាក់ស្តែង​នៅឡើយ​ទេ គ្រាន់តែ​បាន​ប្រមូលយក​ព័ត៌មាន និង​ឯកសារ​បន្ថែម ដើម្បី​ដាក់ជូន​គណៈ​អភិបាលខេត្ត​នេះ​ដោះស្រាយ។
 
សូមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី២២មិនា​មក ប្រតិភូ​គណកម្មការ​ទី១នៃ​រដ្ឋសភា​ដែល​មាន​​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ទៅ​ពិនិត្យមើល​ទីតាំង​ដី​ទំនាស់​នៅ​តំបន់​កែវផុស ដែល​នៅ​ទីនោះ​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​​មានទំនាស់​ដីធ្លី ជាមួយ​លោក ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ។ ជា​ករណី​ដ៍​ល្បីល្បាញ​​​កាលពីដើម​ខែមីនា​ឆ្នាំ២០១៣ ដែល​កាលណោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ផង ដោយសារតែ​លោក ជៀម ផែន បាន​យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​កំទិច​ផ្ទះ​ប្រជាពលរដ្ឋ១៧គ្រួសារ​ដោយ​អយុត្តិធម៌។ ក្រៅពីនេះ គណៈកម្មការ​ទី១នៃ​រដ្ឋសភា​ក៍បាន​ចុះទៅ​មើល​ជម្លោះដីធ្លី នៅ​ឃុំ​សំ​រ៉ុង នៅ​ស្មាច់​ដែង នៅ​រាម និង​នៅ​តំបន់​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ បើតាម​លោក អេង ឆៃអ៊ាង បេសកម្ម២យប់៣ថ្ងៃនេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​ទី២៤មិនា បន្ទាប់ពី​គណៈកម្មការ​នេះ ជួប​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ពេល​​ព្រឹក ដើម្បី​ដាក់​របាយការណ៍ និង​ផ្តល់ព័ត៌មាន​បន្ថែម ដើម្បី​ជា​ពន្លឺ​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ទាំងនោះ។  
 
បើតាម​លោក អេង ឆៃអ៊ាង ដដែល ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ កំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មិនតិចជាង១០០០គ្រួសារ​នោះទេ។ ហើយ​ជាការ​កត់សំគាល់ ករណី​ទំនាស់​​ដីធ្លី​ទាំងនេះ កំពុងមាន​ភាពស្មុគស្មាញ​និង​ពិបាក​ដោះស្រាយ ដោយសារតែ​សំណុំ​រឿង​ភាគច្រើន​កំពុងស្ថិត​នៅក្នុង​ដៃ​តុលាការ និង​ភាគច្រើន​ជាប់ទាក់ទង​ជាមួយ​អ្នកមាន​លុយ និង​មានអំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI