ខ្សែភាពយន្ត «មុនដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» នឹងបញ្ចាំងជាលើកដំបូងនៅសៀមរាបក្នុងខែកុម្ភៈ
ចុះផ្សាយនៅថ្ងៃ៖
ខ្សែភាពយន្តដែលមានចំណងជើងថា មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ផលិតដោយតារាហូលីវូត អេនជេលីណា ជូលី គ្រោងចាក់បញ្ចាំងជាលើកដំបូងនៅខេត្តសៀមរាប នាថ្ងៃទី១៨ខែកុម្ភៈខាងមុខ។ តារាហូលីវូត អេនជេលីណា ជូលី ដែលជាអ្នកដឹកនាំរឿងនេះ នឹងត្រឡប់មកកាន់កម្ពុជាជាថ្មីម្ដងទៀតសម្រាប់ការចាក់បញ្ចាំងនេះ ដោយគ្រោងនឹងជួបសន្ទនាជាមួយអ្នកទស្សនានៅតាមរោងភាពយន្តថែមទៀតផង។
នៅទីបំផុត ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ដែលថតនៅខេត្តបាត់ដំបងនិងសៀមរាបនៃកម្ពុជាកាលពីឆ្នាំមុន បានផលិតសម្រេចចេញជារូបរាងហើយ។ តារាហូលីវូតសញ្ជាតិខ្មែរ លោកស្រី អេនជេលីណា ជូលី នឹងយករឿងនេះមកចាក់បញ្ជាំងនៅស្រុកខ្មែរជាលើកដំបូងបង្អស់។ បើតាមគម្រោង ពិធីសម្ពោធចាក់បញ្ជាំងរឿងនេះ នឹងត្រូវរៀបចំធ្វើនាថ្ងៃទី១៨ ខែកុម្ភៈ ក្នុងខេត្តសៀមរាប។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន The Guardian របស់អង់គ្លេស លោកស្រី ជូលី ចង់រៀបចំការចាក់បញ្ចាំងតូចៗនៅកម្ពុជា ជាពិសេសនៅតាមវត្តអារាម និងតំបន់ដាច់ស្រយាល។ ក៏មានផងដែរ ការចាក់បញ្ចាំងនៅតាមរោងភាពយន្ត ដែលអ្នកដឹកនាំរឿងរូបនេះ នឹងចូលរួមឆ្លើយសំណួរទស្សនិកជន ជាមួយនឹងអ្នកសម្ដែងសំខាន់ៗនៅក្នុងរឿង។
សូមរំលឹកជូនថា ខ្សែភាពយន្ត មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ត្រូវបានផលិតឡើងដោយផ្អែកលើសៀវភៅរបស់លោកស្រី លឿង អ៊ឹង។ ជាសៀវភៅសរសេររៀបរាប់ពីការចងចាំរបស់កុមារីតូចម្នាក់ អំពីសង្គ្រាម និងការព្រាត់ប្រាសនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
បើទោះបីជាត្រូវបានថតជាភាសាខ្មែរទាំងស្រុង និងមានតួសម្ដែងជាជនជាតិខ្មែរក៏ពិតមែន ប៉ុន្តែភាពយន្ត មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នឹងត្រូវចាក់បញ្ចាំងនៅទូទាំងពិភពលោកផងដែរ តាមរយៈគេហទំព័របញ្ជាំងខ្សែភាពយន្តដ៏ល្បីល្បាញឈ្មោះ Netflix។ Netflix គ្រោងចាក់បញ្ចាំងភាពយន្តនេះ នៅថ្ងៃទី១៥ខែកញ្ញាខាងមុខ។ ពោលគឺ៧ខែ ក្រោយការចាក់បញ្ចាំងនៅប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ