កម្ពុជា-សង្គម

​រដ្ឋា​ភិបាល​ប្រកាស​ថា ​កម្ពុជា​នឹង​ទទួល​រង​ទឹក​ជំនន់​ធំ​

រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃទី១០​ខែកញ្ញា​នេះ​បាន​ប្រកាស​ថា ស្ថាន​ភាព​ជំនន់​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​២០១៩​នេះ ជា​ជំនន់​ធំ​។ ទឹក​ជំនន់​ឆ្នាំ​នេះ​ធំ ដោយ​សារ​ថា កម្ពុជា​បាន​រង​ប្រព័ន្ធ​សម្ពាធ​ថ្មី​ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គូរ​ទៅ​ច្រើន ទើប​ជម្រុញ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ជា​ថ្មី​។ នេះ​ផ្អែក​តាម​សារាចរ​ណែ​នាំ​បន្ថែម​ស្ដី​ពី​ការ​ត្រៀម​ទប់​ទល់​នឹង​គ្រោះ​ទឹក​ជំនន់ របស់​រដ្ឋា​ភិបាល​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ 

ទឹកជំនន់
ទឹកជំនន់ @RFI
ផ្សាយពាណិជ្ជកម្ម

មុន​ព្រមាន​ពី​ស្ថាន​ភាព​ទឹក​ធំ​ក្នុង​ឆ្នាំ​២០១៩​នេះ រដ្ឋា​ភិបាល​មើល​ឃើញ​ថា ក្នុង​រយៈ​ពេល​ជិត​២​សប្ដាហ៍​កន្លង​មក​ហើយ ដែល​ជំនន់​ទន្លេ​មេគង្គ បាន​បង្ក​ឲ្យ​មាន​ការ​លិច​លង់​យ៉ាង​ធ្ងន់​ធ្ងរ នៅ​បណ្ដា​ខេត្ត​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ តួ​យ៉ាង​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ជា​ដើម​។

បើ​តាម​ក្រសួង​ធន​ធាន​ទឹក​បញ្ហា​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី ឥទ្ធិ​ពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប គួប​ផ្សំ​នឹង​ឥទ្ធិ​ពល​របស់​ព្យុះ​ទី១៤និង​ឥទ្ធិ​ពល​នៃ​ខ្យល់​មូសុង​និរតី​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុកនៅ​ក្នុង​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជានិង​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គក្នុង​ប្រទេស​វៀត​ណាម ថៃ និង​ឡាវ​។ ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​នេះជម្រុញ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់ លឿន និង​ឈាន​ទៅ​ដល់​កម្រិត​មួយដែល​បង្ក​ឲ្យ​មាន​ការ​លិច​លង់​នៅ​ខេត្ត​មួយ​ចំនួនដែល​ស្ថិត​នៅ​អម​សង​ខាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​។

ប្រឈម​នឹង​ស្ថាន​ភាព​ទឹក​ជំនន់​ធំ​ប្រចាំ​ឆ្នាំ​បែប​នេះ ជា​ថ្មី​ទៀត​រដ្ឋា​ភិបាល​ណែ​នាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​និង​អាជ្ញាធរ​ដែន​ដី ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​និង​មាន​វិធាន​ការ​ចាំ​បាច់​ត្រៀម​ទប់​ទល់​នឹង​គ្រោះ​ទឹក​ជំនន់ ដែល​អាច​នឹង​កើត​ឡើង​ជា​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ក្នុង​ន័យ​នេះ

រដ្ឋា​ភិបាល​ជម្រុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការ​លំបាក​និង​ផល​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ និង​ជីវិត​ពល​រដ្ឋ​។

អ្វី​ជា​ការ​កត់​សម្គាល់ មុន​រដ្ឋា​ភិបាល​ព្រមាន​ពី​ស្ថាន​ភាព​ទឹក​ជំនន់​ធំ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​កាល​ពី​ដើម​សប្ដាហ៍​មុន ខេត្ត​មួយ​ចំនួន​ដូច​ជា ព្រះ​វិហារ ស្ទឹង​ត្រែង ឧត្តរ​មាន​ជ័យ ជា​ដើម​ទទួល​រង​ការ​ជន់​លិច​ជា​បន្ត​បន្ទាប់​ក្នុង​កម្រិត​ប្រកាស​អាសន្ន និង​ឈាន​ដល់​ការ​ជម្លៀស​ពលរដ្ឋ​ជិត​៥​ពាន់​គ្រួសារ​ឡើង​គោក​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI