អាមេរិកពង្រីកការព្យួរទិដ្ឋាការដល់មន្រ្តីកម្ពុជាបន្ថែមទៀតក្រោយបក្សកាន់អំណាចឈ្នះអាសនៈទាំងអស់នៃរដ្ឋសភា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហរដ្ឋអាមេរិក នៅថ្ងៃនេះ បាននិយាយថា ខ្លួននឹងពង្រីកការព្យួរទិដ្ឋាការបន្ថែមទៀតដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបទៅនឹងការប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិតេយ្យ តាមរយៈការបោះឆ្នោតជាតិ កាលពីខែកក្កដា ខណៈគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់នៃរដ្ឋសភាដែលមិនធ្លាប់កើតមាន។ ក្រៅពីអាមេរិកក៏មានផងដែរគឺអូស្រ្តាលី។ អូស្រ្តាលី ដែលអះអាងថា កំពុងពិចារណាប្រើគ្រប់ជម្រើស ដើម្បីឆ្លើយតបនឹងស្ថានការណ៍នៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Ann Nauert បានបញ្ជាក់ថា ការពង្រីកការព្យួរទិដ្ឋាការ ហាមឃាត់មន្ត្រីរដ្ឋាភិបាលខ្មែរមិនឲ្យចូលជាន់ដីសហរដ្ឋអាមេរិកនេះ គឺសំដៅទៅលើទិដ្ឋាការ ដែលអាមេរិក សម្រេចព្យួរ កាលពីថ្ងៃទី ៦ខែធ្នូកន្លងទៅ ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលជាអ្នកទទួលខុសត្រូវលើការរំលោភលទ្ធិប្រជាធិតេយ្យ។ ការរំលោភលទ្ធិប្រជាធិបតេយ្យ ដែលអាមេរិកសំដៅដល់ការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ និងការបន្តឃុំឃាំង លោកកឹម សុខា ជាដើម។ ជាមួយគ្នានោះ អាមេរិក បានប្រកាសថា លទ្ធផលបោះឆ្នោតផ្លូវការ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ទាំង១២៥ ក្នុងរដ្ឋសភានេះ គឺជាអំពើខុសច្បាប់។
ដោយឡែក សមាជិកព្រឹទ្ធសភាអូស្រ្តាលី គឺលោកស្រី Urquhart និង លោក James McGRATH ដែលមានតួនាទីមួយទៀតជាឧបការីរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីផងនោះ បានលើកឡើងនៅក្នុងញត្តិរបស់ពួកគេ កាលពីថ្ងៃទី១៤សីហា ដោយស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី មានវិធានការបន្ថែមទៀតក្នុងការសម្របសម្រួលជាមួយដៃគូដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កញ្ញា កឹម មនោវិទ្យា ដែលបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julia Bishop នៅថ្ងៃទី១៥ ខែ សីហា ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សំដីមកថា កញ្ញាសង្ឃឹមនឹងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការសមគួរទៅតាមសំណើរបស់ពួកគាត់។ ជាសំណើឲ្យមានការបិទទិដ្ឋាការ ការបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារ និងធានាឲ្យកម្ពុជា ងាកមករកគន្លងប្រជាធិបតេយ្យ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការលើក
ឡើងរបស់សហរដ្ឋអាមេរិកគឺគ្រាន់តែជាការគំរាមកំហែងតែប៉ុណ្ណោះតែលោកមិនជឿថា
អាចមានការដាក់ទណ្ឌកម្មជាក់ស្តែងកើតឡើងនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ