ទីលានប្រជាធិបតេយ្យចាស់៖ អាជ្ញាធរព្រមានស្ទូចរថយន្តឬម៉ូតូដែលចតអាណាធិបតេយ្យ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដាក់ឱសានវាទត្រឹមថ្ងៃចន្ទទី២៨សីហា ឲ្យប្រជាពលរដ្ឋឈប់លក់ដូរនិងចតឡានម៉ូតូនៅជុំវិញទីលានប្រជាធិបតេយ្យចាស់។ បើពុំដូច្នេះទេ អាជ្ញាធរនឹងស្ទូចរថយន្តនិងម៉ូតូដែលចតនៅលើទ្រូងផ្លូវទាំងអស់នោះ ទៅទុកនៅរដ្ឋបាលខណ្ឌ ដោយគ្មានការដោះស្រាយភ្លាមៗទេ។ លោកអភិបាលខណ្ឌ បានព្រមានយ៉ាងដូច្នេះ នៅព្រឹកថ្ងៃសៅរ៍នេះ។ អត្ថបទដោយ ជក់ សុភា
ក្នុងពេលចុះពិនិត្យស្ថានភាពនៅជុំវិញទីលានប្រជាធិបតេយ្យចាស់ នៅព្រឹកថ្ងៃសៅរ៍នេះ លោក សុខ ពេញវុធ បានអះអាងថា រដ្ឋបាលខណ្ឌបានផ្សព្វផ្សាយពីវិធានការបោសសម្អាតការចតយានយន្ត ទៅកាន់ប្រជាពលរដ្ឋអស់រយៈពេល៧ថ្ងៃមកហើយ។ ពោលគឺចាប់តាំងពីថ្ងៃទី១៩សីហាមកម្ល៉េះ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែសំណូមពរឲ្យខណ្ឌពន្យារពេល។
ឆ្លើយតបទៅនឹងសំណូមពរនេះ ខណ្ឌបានសម្រេចទុកពេលឲ្យពីរថ្ងៃទៀត។ ហើយចាប់ពីថ្ងៃចន្ទ ទី២៨សីហាតទៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការស្ទូចយានយន្តណាដែលនៅតែបន្តចតអាណាធិបតេយ្យលើទ្រូងផ្លូវជុំវិញទីលានប្រជាធិបតេយ្យចាស់ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយគ្មានការដោះស្រាយភ្លាមៗឡើយ។
អភិបាលខណ្ឌរូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដាច់អហង្ការថា គ្មានទៀតឡើយ ការវិលត្រឡប់ទៅចតយានយន្តយ៉ាងអាណាធិបតេយ្យនៅជុំវិញអតីតទីលានប្រជាធិបតេយ្យដូចមុន។ បើតាមលោក សុខ ពេញវុធ សាលាខណ្ឌនឹងដាក់កម្លាំងប្រចាំការព្រឹកល្ងាច នៅលើផ្លូវ១០៦ និង១០៨ ស្របតាមបណ្ដោយទីលានប្រជាធិបតេយ្យចាស់ ដើម្បីឃ្លាំមើលជាប់ជាប្រចាំ។ កម្លាំងប្រចាំការនោះ មានសមាសភាពតាំងពី អភិបាលរងខណ្ឌ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារខណ្ឌ និងចៅសង្កាត់ជាដើម។
ក្រៅពីនោះ សាលាខណ្ឌក៏នឹងស្នើសុំទៅអភិបាលក្រុងនិងមន្ទីរសាធារណការផងដែរ ឲ្យលុបគំនូសពណ៌ស ដែលពលរដ្ឋគូសវាសសម្រាប់ចតយានយន្តពីមុនចេញ ដើម្បីកុំឲ្យយល់ច្រឡំថា ជាទីតាំងចតយានយន្ត។
លោក សុខ ពេញវុធ មានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះ បានសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះពួកគាត់មានចំណតចេញចូលក្នុងផ្ទះរបស់ខ្លួនវិញ រួមទាំងបញ្ហាសណ្តាប់ធ្នាប់ អនាម័យ និងសន្តិសុខផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ