កម្ពុជា

អ្នក​ជំនាញ៖ ការ​កាត់​បន្ថយ​ឬ​លុប​ចោល​ពន្ធ​នាំ​ចូល​ពី​ប្រទេស​សមាជិក​អាស៊ាន​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជ​មាន​

រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោរ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤
រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោរ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤ © Reuters

ចាប់​ពី​ថ្ងៃ​ទី​ ១០ មករា នេះ​ត​ទៅ​ រដ្ឋា​ភិ​បា​ល​កម្ពុជា​ នឹង​កាត់​បន្ថយ​ ឬ​លប់​ចោល​ ពន្ធ​នាំ​ចូល​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​។ អ្នក​ជំនាញ​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​អាស៊ាន​ យល់​ថា​ ការ​កាត់​បន្ថយ​ឬ​លើក​លែង​ពន្ធ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ គឺ​ជា​សញ្ញាណ​វិជ្ជ​មាន​ ។ ជា​​សញ្ញាណ​​វិជ្ជមាន​​ ព្រោះ​​ថា​ កម្ពុជា​ អាច​​មាន​​ឱកាស​​ពង្រីក​​ទី​ផ្សារ​​ពាណិជ្ជកម្ម​​ និង​​ ទាក់​​ទាញ​​វិនិយោគិន​​ កាន់​​តែ​​ច្រើន​​បន្ថែម​​ទៀត​ តាម​​រយៈ​​ការ​រើ រនាំង​ពន្ធ​​នាំ​​ចូល​​ របស់​​ខ្លួន​។​ (អត្ថបទដោយ សរ ពិសី) 

ផ្សាយពាណិជ្ជកម្ម

លោក ស៊ាង សុ​បញ្ញា​ នាយក​វិទ្យា​ស្ថាន​អន្តរជាតិ​ កម្ពុជា​ អាស៊ាន​ បាន​ពន្យល់​ថា​ ការ​លើក​លែង​ពន្ធ​នាំ​ចូល​ទំនិញ​នាំ​ចូល​ពី​ប្រទេស​សមាជិក​អាស៊ាន​ មិន​មែន​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ តែ​មួយ​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​កាតព្វកិច្ច​របស់​ប្រទេស​ទាំង​អស់​​ដែល​ជា​សមាជិក​នៃ​សមាគម​មួយ​នេះ​។​

លោក បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ ឬ​ លុប​ចោល​ពន្ធ​នាំ​ចូល​រាល់​ទំនិញ​ទាំង​ឡាយ​ណា​ ដែល​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ​ នឹង​ផ្តល់​គុណ​សម្បត្តិ​ច្រើន​ ជាង​គុណ​វិបត្តិ​ សម្រាប់​កម្ពុជា​។​​​

គុណ​សម្បត្តិ​ដែល​ លោក​ បាន​លើក​ឡើង​នោះ​រួម​មាន​ ទី​មួយ​ ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ទំនិញ​ និង សេវាកម្ម​ដែល​មាន​តម្លៃ​សមរម្យ​ជាង​មុន​ តាម​រយៈ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ ដ​ទៃ​​។ ទី​ពីរ​ តាម​រយៈ​ ការ​រើ រនាំង​ពន្ធ​នាំ​ចូល​ រដ្ឋ​ អាច​ទាក់​ទាញ​វិនិយោគិន​ បាន​ច្រើន​ ពី​ក្រៅ​ប្រទេស​ ដើម្បី​ជម្រុញ​ការ​វិនិយោគ​នៅ​ក្នុង​ស្រុក​ និង​ បង្កើន​ការងារ​បន្ថែម​សម្រាប់​​ពលរដ្ឋ​​។​​

លោក​ បញ្ជាក់​ថា​ តិច​ឬ​ច្រើន ការ​កាត់​បន្ថយ​ ឬ លុប​ចោល​ពន្ធ​នាំ​ចូល​ទំនិញ​នេះ​ អាច​នឹង​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​របស់​រដ្ឋ និង​ អាជីវកម្ម​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ពន្យល់​ថា ការ​យក​ពន្ធ​នាំ​ចូលពី​​ក្រៅ​ប្រទេស​អាច​ថយ​ចុះ​ ប៉ុន្តែ​ រដ្ឋ​បាន​ប្រមូល​ពន្ធ​ពី​ក្នុង​ស្រុក​ជំនួស​វិញ​។​

គួរ​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​ ១១ ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ​ បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ និង​ លុប​បំបាត់​ពន្ធ​គយរបស់​កម្ពុជា​ ស្រប​តាម​នាម​វលី​នៃ​តារាង​ពន្ធគយ​សុខដុម​របស់​អាស៊ាន​ ឆ្នាំ​ ២០១២​ ក្រោម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន។​

នៅ​ក្នុង​អនុក្រឹត្យ​នេះ រដ្ឋាភិបាល​ បាន​សម្រេច​ថា រាល់​ទំនិញ​នាំ​ចូល​ទាំង​ឡាយ​ណា​ ដែល​មាន​ដើមកំណើត​នៅ​បណ្តា​ប្រទេស​ជាសមាជិកអាស៊ាន​ នឹង​ត្រូវ​បាន​លើក​លែង​ និ​ង​ កាត់​បន្ថយ​នូវ​ពន្ធ​នាំ​ចូល​ ចាប់​ពី​ថ្ងៃ​ទី ១០ មករា នេះ​ត​ទៅ៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI