កម្ពុជា-តុលាការ

«អ្នក​ទាំង​៥» ដែល​តុលាការ​ខ្មែរ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពេញ​មួយ​ឆ្នាំ ជាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួម​គ្នា

«អ្នកទាំង៥» ដែល​ជាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួម​គ្នា
«អ្នកទាំង៥» ដែល​ជាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួម​គ្នា

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​ជា​ថ្មី​ទៀត ទាក់​ទង​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ «អ្នក​ទាំង​៥» បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី ២៦ មេសា អ្នក​ទាំង ៥ ដែល​គេ​ស្គាល់​ថា​ជា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជន​ជាតិ​កម្ពុជា គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ​​ត្រូវ​បាន​ប្រកាស​ថា ជាប់​ជា ម្ចាស់​ពាន​រង្វាន់​រួម​គ្នា សម្រាប់​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧។ ឆ្លៀត​ក្នុង​ឱកាស​នេះ ស្រី សុភ័ក្រ្ត សូម​ធ្វើ​ការ​រំឮក​ឡើង​វិញ ពី​ស្ថានភាព អ្នក​ទាំង​៥ អំឡុង​ពេល​ឃុំ​ខ្លួន​ក្នុង​ចម្រឹង​ដែក​ពេញ​មួយ​ឆ្នាំ​មក​នេះ...

ផ្សាយពាណិជ្ជកម្ម

លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ដែល​អន្តរជាតិ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្គាល់​ថា​ជា “អ្នក​ទាំង​៥” បាន​ធ្វើ​ការ​ងារ​រួម​គ្នា ក្នុង​សំណុំ​រឿង​មួយ​ដែល​មាន កញ្ញា ខុម ចាន់តារាទី ក្នុង​នាម​ជា​ជន​រងគ្រោះ បាន​រត់​ទៅ​រក​ពឹង​ពាក់​ជំនួយ​ផ្នែក​ច្បាប់ ពី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក តាំង​ពី​ដើម ខែ​មេសា ឆ្នាំ ២០១៦ ។ តែ​ក្រោម​មក នារី​ម្នាក់​នេះ បែរ​ចោទ​ប្រកាន់អ្នក​ទាំង​៥ ថា បាន​បញ្ចុះ​បញ្ចូល​នាង ​ឱ្យ​និយាយ​កុហក​ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។ អ្នក​ទាំង​៥ ត្រូវ​បាន​កង​កម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួននៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៦ វេលា​ម៉ោង ៨ យប់ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ និង​សាក​សួរ ពាក់​ព័ន្ធ​នឹង ​ទំនាក់​ទំនង​ស្នេហា​មួយ រវាងកញ្ញា ​ខុម​ ចាន់​តារាទី និង​លោក ​កឹម​ សុខា​ ​ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះជាតិ​។ហើយ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា បុគ្គលិក​សមាគម​អាដហុក៤​រូបត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​សូក​ប៉ាន់​សាក្សី ហើយ​លោក នី ចរិយា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​អ្នក​សម​គំនិត។ តាម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជាអ្នក​ទាំង​៥​ ​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស ​ម្នាក់​ៗ​ច្រើន​ជាង ​២០​ឆ្នាំ​មក​ហើយ។ 

អំឡុង​ពេល​ឃុំ​ខ្លួន​ពេញ​មួយ​ឆ្នាំ​មក​នេះ​ មេធាវី​របស់ ​អ្នក​ទាំង​៥ ​បាន​ធ្វើ​ការ​ត​តាំង​ចំនួន​៦(ប្រាំមួយ)​លើក ​ចំពោះ​ការ​បដិសេធ​លើ​ សំណើ​សុំ​នៅ​ក្រៅឃុំ​របស់ ​អ្នក​ទាំង​៥​ តែ​ពុំ​ទទួល​បាន​ជោគ​ជ័យ​ឡើយ។​ ទន្ទឹម​គ្នា​នេះ​ នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​បដិសេធ​បណ្តឹង ​របស់ ​បុគ្គលិក​សមាគម​អាដហុក​ទាំង​ ៤​រូប​ ដែល​ជំទាស់​នឹង ​ការ​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ពួក​គាត់​សម្រាប់​រយៈពេល​ប្រាំ​មួយ​ខែ​ ជា​លើក​ទី​ពីរ​ ដែល​បាន​សម្រេច​ដោយ ​ចៅ​ក្រម​ស៊ើប​សួរ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៦ និង​ត្រូវ​បាន ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ហើយ​នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ​ ២០១៧ តុលាការ​កំពូល​ បាន​បដិសេធ​ទៅ​នឹង​បណ្តឹង​ដូច​គ្នា​នេះ ​របស់​លោក ​នី ចរិយា​។

គួរ​ជម្រាប​ថា តាម ច្បាប់​កម្ពុជា ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​រយៈពេល​ប្រាំ​មួយ​ខែ​ គឺ​អាច​ពន្យារ​ការ​ឃុំ​ខ្លួន​នេះ​ បាន​ពីរ​លើក​។ ប៉ុន្តែ​ កា​រឃុំ​ខ្លួន​នេះ អាច​ធ្វើ​បាន លុះ​ត្រា​តែ​បាន​បំពេញ​តាម​លក្ខណវិនិច្ឆ័យ​តឹង​រ៉ឹង​ប៉ុណ្ណោះ។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​សារ​ជា​ថ្មី​ម្តង​រួច​ហើយ បន្ទាប់​ពី​ចៅ​ក្រម​ស៊ើប​សួរ​បាន​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​​នៅ​ថ្ងៃ​ទី ០៧ ខែ​ធ្នូ។

ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អ្នក​ទាំង​៥ បាន​ទាក់​ទាញ​ប្រតិកម្ម​ពី អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ-អន្តរជាតិ​ជា​ច្រើន ដែល​បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន អ្នក​ទាំង​៥ គឺ​ធ្វើ​ឡើង “តាម​អំពើ​ចិត្ត” ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់។

នៅ​លើ​ឆាក​អន្តរជាតិ​វិញ ​! កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មេសា អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ទាំង ​៥​ ​ត្រូវបាន សហគមន៍​សិទ្ធិ​មនុស្ស​អន្តរជាតិ សម្រេច​ប្រកាស​ទទួល​ស្គាល់​ថា អ្នក​ទាំង​៥ បាន​ជាប់​ ពាន​រង្វាន់​មួយ​រួម​គ្នា គឺ Martin Ennals Award ប្រចាំ​ឆ្នាំ ២០១៧។ ក្រៅ​ពី ​អ្នក​ទាំង​៥ ដែល​ជា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ ពាន​រង្វាន់ ​ម៉ាទីន អេណលស៍ (Martin Ennals) ក៏​បាន​ជ្រើស​យក ​បេក្ខជន​ពីរ​រូប​ទៀត​ មក​ពី ​ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) និង​ប្រទេស​អេហ្ស៊ីប (Egypt)។ ពិធី​ប្រគល់​ពាន​រង្វាន់ទៅដល់ ម្ចាស់ពានរង្វាន់ទាំងបី​​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

គួរ​ជម្រាប​ថា ពាន​រង្វាន់ Martin Ennals Award សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ ​ក្រោម​កិច្ច​សហការ​រួមគ្នា​ រវាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នាំមុខ​គេ​ចំនួន​១០​ នៅ​លើ​ពិភពលោក រួម​ទាំង​អង្គការ Amnesty International អង្គការ Human Rights Watch និង​អង្គការ Front Line Defenders ជា​ដើម ដើម្បី​ផ្តល់​ជូន​ដល់​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក ដែល​បាន​បង្ហាញ​ឆន្ទះ​ខ្ពស់ និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ​ផ្ទាល់​ខ្លួន ហើយ​គោល​បំណង​នៃ​រង្វាន់​នេះ​គឺ ដើម្បី​បញ្ជាក់​ពី​ការងារ​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI