ក្រុមអ្នកជំនាញ អ.ស.ប អំពាវនាវឲ្យកម្ពុជាដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ និងបញ្ឈប់ការបង្ក្រាបលើសង្គមស៊ីវិល
ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ២៦ កក្កដានេះ ដោយទទូចឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើយុវជនពីរនាក់ ដែលត្រូវបានចាប់ខ្លួន ជុំវិញការចូលរួមរំលឹកខួប៣ឆ្នាំ នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី ២៦ កក្កដា ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានលើកឡើងពីកង្វល់របស់ខ្លួន លើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំនៅកម្ពុជា បន្ទាប់ពីការចាប់ខ្លួននិងចោទប្រកាន់លើយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ កាលពីពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើយុវជនទាំងពីរ និងបានចាត់ទុកថា អាជ្ញាធរកម្ពុជាកំពុងកំណត់គោលដៅលើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។
គួរជំរាបជូនថា យុវជន គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី ០៩ ខែកក្កដា ពាក់ព័ន្ធនឹងការបង្ហោះលើទំព័រហ្វេសបុកលក់អាវយឺតដែលមានរូបលោក កែម ឡី និងផ្តល់ព័ត៌មានលម្អិតអំពីសេវាតាក់ស៊ីធ្វើដំណើរទៅកាន់កន្លែងប្រារព្ធពិធីរំឮកខួបនៅថ្ងៃបន្ទាប់។ ចំណែកលោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១០ កក្កដា ខណៈពេលដែលលោកកំពុងព្យាយាមចូលរួមក្នុងពិធីរំឮកខួបលោក កែម ឡី។ យុវជនទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់តុលាការដើម្បីរងចាំការកាត់ទោស។ ប៉ុន្តែក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានអ្នកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិផង បានអះអាងថា បើតាមព័ត៌មានដែលពួកគេទទួលបាន យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បានចូលរួមក្នុងការអនុវត្តស្របច្បាប់នូវសេរីភាពក្នុងការសម្តែងមតិរបស់ពួកគេ ហើយលោក សួង នាគព័ន្ធ ហៀបនឹងបានចូលរួមនៅក្នុងពិធីបុណ្យរំឮកខួប៣ឆ្នាំនេះ ដោយសន្តិវិធីទៅហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍។
យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា មិនស្របទៅតាមទិដ្ឋភាពច្បាប់របស់កម្ពុជានោះទេ ព្រោះសំណុំរឿងនេះ កំពុងស្ថិតនៅក្នុងនិតិវិធីរបស់តុលាការ។ អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ចំណាត់ការរបស់សមត្ថកិច្ចទៅលើយុវជនទាំងពីរនាក់នេះ ក៏មិនមានការទាក់ទងទៅនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ឬការជួបជុំក្នុងការប្រារព្ធពិធីបុណ្យអ្វីនោះទេ។ ទោះជាយ៉ាងនេះក្តី លោកបានលើកឡើងថា យុវជនទាំងពីរនាក់អាចដោះលែងវិញបាន លុះត្រាតែតុលាការរកមិនឃើញថា ពួកគេមានបទល្មើស។
ក្រៅពីអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង លើយុវជនទាំងពីរនាក់ហើយ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងមិនលំអៀង លើឃាតកម្មលោកបណ្ឌិត កែម ឡី ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីភាគីអន្តរជាតិផងដែរ។ ដោយឡែកនៅក្នុងដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងសំឡេងឯករាជ្យដទៃទៀត ដូចជាលើអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ក្រុមអ្នកជំនាញ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពអ្នកកាសែត ដែលត្រូវបានវាយប្រហារចំពោះការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត និង វ៉ា សំណព្វ
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ