កម្ពុជា

អង្គការ Freedom House ថាកម្ពុជា​មិន​​មាន​សេរីភាព តែ​រដ្ឋាភិបាល​ច្រាន​ចោល

រូប​តំណាង​របាយការណ៍​សេរីភាព​ប្រចាំ​ឆ្នាំ​២០១៨ របស់​អង្គការ​អន្ដរជាតិ Freedom House
រូប​តំណាង​របាយការណ៍​សេរីភាព​ប្រចាំ​ឆ្នាំ​២០១៨ របស់​អង្គការ​អន្ដរជាតិ Freedom House Freedom House

នៅ​ក្នុង​របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​មករា​ម្សិលមិញ អង្គការ Freedom House បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​មិន​​មាន​សេរីភាព​។ ពោល បើ​តាម​របាយការណ៍ កម្ពុជា​​ទទួល​បាន​ពិន្ទុ​៣០​ពិន្ទុ​ប៉ុនណោះ នៅ​លើ​ពិន្ទុ​សរុប​១០០​ពិន្ទុ ថយ​ចុះ ១​ពិន្ទុ​បើ​ធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់​ឆ្នាំ​មុន​។ យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​ពិន្ទុ​និង​ចាត់​ចំណាត់​ថ្នាក់​របស់​អង្គការ​អន្ដរជាតិ​នេះ មិន​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​តម្លៃ ឬ​យល់​ស្រប​ក៏​ទេ​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សេរីភាព​នៅ​កម្ពុជា​ទទួល​មាន​ទំនោរ​ធ្លាក់​ចុះ ដោយ​សារ​តែ​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង រួម​មាន​ការ​រំលាយ​គណបក្ស និង​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​នោះ​ថា​ក្បត់​ជាតិ​ជា​ដើម​​។ ការ​បិទ​ទ្វារ​នៃ​កាសែត The Cambodia Daily និង​អវត្តមាន​វិទ្យុ​អន្ដរជាតិ​មួយ​ចំនួន​នៅ​លើ​ហ្វ្រេកង់​ផ្សាយ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សេរីភាព​នៅ​កម្ពុជាធ្លាក់​ចុះ​ដែរ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ Freedom House។

ផ្អែក​តាម​ស្ថានការណ៍​ទាំង​អស់​​នេះ Freedom House បានផ្ដល់​ពិន្ទុ​ឲ្យ​កម្ពុជា​ចំនួន​​ពិន្ទុ​៣០​ពិន្ទុ​ប៉ុនណោះ នៅ​លើ​ពិន្ទុ​សរុប​១០០​ពិន្ទុ​។ មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មិន​​មាន​សេរីភាព​ឡើយ​។ ក្រៅ​ពី​ពិន្ទុ​សេរីភាព​ទូទៅ​ដោយ​រួម Freedom House ក៏​ផ្ដល់​ពិន្ទុ​ផង​ដែរ​ដល់​ផ្នែក​ពីរ​សំខាន់​ផ្សេង​ទៀត នោះ​គឺ​ពិន្ទុ​ស្ដី​ពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ពិន្ទុ​ស្ដី​ពី​សេរីភាព​ខាង​នយោបាយ ដោយ​ផ្ដល់​ពិន្ទុ​១​ដល់​ប្រទេស​ណា​ដែល​មាន​សេរីភាព​បំផុត និង​ពិន្ទុ​៧ ដល់​ប្រទេស​ដែល​មាន​សេរីភាព​តិច​បំផុត​។ ចំពោះ​កម្ពុជា អង្គការ Freedom House ផ្ដល់​ពិន្ទុ​ចំនួន​៥ក្នុង​ផ្នែក​​សេរីភាព​ពលរដ្ឋ ខណៈ​សិទ្ធិសេរីភាព​ខាង​​នយោបាយ កម្ពុជា​ទទួល​បាន​៦​ពិន្ទុ​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​ពុធ ទី​១៧​មករា​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា របាយការណ៍​របស់​អង្គការ Freedom House ដែល​ចាត់​ទុក​កម្ពុជា​ថាជា​ប្រទេស​​មិន​​មាន​សេរីភាព​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​ទេ​។ សម្រាប់​លោក ផៃ ស៊ីផាន អង្គការ​អន្ដរជាតិនេះ មិន​ដែល​មាន​ចេតនា​ល្អមក​លើ​រដ្ឋាភិបាល​កម្ពុជា ឬ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ឡើយ​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះអះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា កម្ពុជា​មាន​ជា​ប្រទេស​ដែល​មាន​សេរីភាព ហើយ​កំពុង​តែ​ពង្រឹង​សេរីភាព​បន្ថែម​ទៀត តាម​រយៈ​ការ​ធានា​ឲ្យ​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​របស់​ប្រទេស​។

គួរ​កត់​សម្គាល់​ថា ចាប់​តាំង​ពី​មាន​ការ​វាយ​តម្លៃ​លើ​សេរីភាព​ពី​សំណាក់​អង្គការ Freedom House នៅ​ឆ្នាំ​១៩៩៥​មក កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​ពិន្ទុ​ល្អ​ទេ​។ នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​អន្ដរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ កម្ពុជា​តែង​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​សូវ​មាន​សេរីភាព​ជានិច្ច​​។

សម្រាប់​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ពិន្ទុ​៣០ លើ​១០០ ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​មិន​​មាន​សេរីភាព ប្រដំ​ប្រសង​នឹង​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ហ្ស៊ីមបាវ៉េ និង​អ៊ីរ៉ាក់​ជា​ដើម​។ ដោយ​ឡែក ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​អាក្រក់​បំផុត​ផ្នែក​សេរីភាព​សម្រាប់​ឆ្នាំ​២០១៨​នេះ​គឺ​ប្រទេស​ស៊ីរី បាន​ពិន្ទុ ដក​១។ ចំណែក​ប្រទេស​ដែល​មាន​សេរីភាព​បំផុត​វិញ មាន​ជា​អាថិ៍ ប្រទេសស៊ុយអែត ប្រទេស​ន័រវ៉េស និង​ប្រទេសហ្វាំងឡង់ ដែល​ទទួល​បាន​ពិន្ទុ​ពេញ​១០០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI