លោកហ៊ុនសែនចាត់ទុកទីលានប្រជាធិបតេយ្យជាកន្លែងបង្កភាពរញ៉េរញ៉ៃហើយលោកបញ្ជាឲ្យយកទៅដាក់ក្រៅក្រុង!
នៅថ្ងៃអបអរសាទរទិវាជនពិការថ្ងៃទី៦ធ្នូនេះ, លោកនាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសថ្លែងថារដ្ឋាភិបាលកំពុងចាត់ចែងប្តូរទីតាំងទីលានប្រជាធិបតេយ្យចេញទៅដាក់នៅក្រៅក្រុង។លោកហ៊ុនសែនថែមទាំងបានចាត់ទុកទីលានប្រជាធិបតេយ្យថាជាកន្លែងបង្កភាពរញ៉េរញ៉ៃទៀតផង។
ចុះផ្សាយនៅថ្ងៃ៖
ក្រៅពីចាត់ទុកថាទីលានប្រជាធិបតេយ្យដែលធ្លាប់តែជាកន្លែងបញ្ចេញមតិរបស់ពលរដ្ឋគ្រប់ខេត្តក្រុងថាជាកន្លែងបង្កភាពរញ៉េរញ៉ៃហើយនោះលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងមហាផ្ទៃនឹងប្តូរទីតាំងទីលានប្រជាធិបតេយ្យនេះទៅកាន់ផ្លូវជាតិលេខ៥វិញគឺត្រង់ម្តុំគីឡូម៉ែត្រលេខ៦។បើតាមប្រមុខរដ្ឋភិបាល, អាជ្ញាធរមានសិទ្ធិចាត់ការក្នុងរឿងនេះព្រោះជាកិច្ចការរបស់រដ្ឋអំណាច។ហើយតាមការពន្យល់របស់លោកហ៊ុនសែន, ការសម្តែងមតិនៅទីណាក៏បាដែរ មិនសំខាន់ទេគឺសំខាន់ការផ្សាយបន្តផ្ទាល់ Live ឲ្យគេមើលតាមហ្វែសបុកទេតើ។
ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីថែមទាំងថ្លែងបែបឌឺដងថាបើនៅតែមានការជំទាស់ចំពោះការផ្លាស់ប្តូរនេះពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលដែលភាគច្រើនគាំទ្រដោយសហរដ្ឋអាមេរិកទៀតនោះលោកថាគួរតែយកសួនច្បារមុខស្ថានទូតអាមេរិកធ្វើជាទីលានប្រជាធិបតេយ្យតែម្តងទៅ។
គួររម្លឹកថាការឌឺដងដាក់សហរដ្ឋអាមេរិកបែបនេះបានធ្វើឡើងជាបន្តបន្ទាប់។ពោលគឺនៅថ្ងៃទី៤ធ្នូក្នុងពិធីសម្ពោធរោងចក្រភេជ្ជៈមួយលោកហ៊ុនសែននិយាយនៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកតែម្តងដោយបានចំអកដល់អាមេរិកដែលជាដែនដីបិតាប្រជាធិបតេយ្យនិងមាតាសិទ្ធិមនុស្សជុំវិញការប្រៀបធៀបពីបាតុកម្មក្រោយការបោះឆ្នោតនៅអាមេរិកនិងបាតុកម្មមិនទទួលស្គាល់ការលទ្ធផលបោះឆ្នោតនៅស្រុកខ្មែរ។ចំណែកលោកឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាវិញគ្មានឱកាសឆ្លើយតបបានត្រឹមតែសើចញឹមៗតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាទីលានប្រជាធិបតេយ្យនាពេលបច្ចុប្បន្នគឺមានទីតាំងនៅកណ្តាលក្រុងភ្នំពេញក្បែររមណីយដ្ឋានវត្តភ្នំនិងក្រោយស្ថានទូតអាមេរិក។គេកត់សម្គាល់ឃើញថាក្រោយពីព្រឹត្តការណ៍នៃមហាបាតុកម្មរបស់បក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣បានផុតរលត់ទៅ, ទីលានប្រជាធិបតេយ្យហាក់មិនសូវបានស្វាគមន៍ឲ្យមានការសម្តែងមតិច្រើនផុសផុលប៉ុន្មានទេហើយសព្វថ្ងៃនេះគឺកំពុងតែហ៊ុំព័ទ្ធដោយចំណតឡាន និងជាកន្លែងផ្ញើកង់ម៉ូតូព្រមទាំងជាកន្លែងលេងបាល់និងលេងឈូសស៊ីលុយជាដើម។
ចំពោះសង្គមស៊ីវិលមួយចំនួនការប្តូរកន្លែងទីលានប្រជាធិតេយ្យទៅក្រៅក្រុងនោះគឺនឹងកាន់តែបង្កការលំបាកក្នុងការប្រមូលផ្តុំមនុស្សទៅសម្តែងមតិហើយសម្រែកពួកគេហាក់មិនសូវបានឮកងរំពងដូចពីមុនទេ។ទោះយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីបានស្នើថាគួរមានការយោគយល់ទុកកន្លែងនេះជាកន្លែងសម្រាប់អ្នកការទូតអ្នករាជការនិងជាកន្លែងទេសចរណ៍ចុះព្រោះជិតរមណីយដ្ឋានវត្តភ្នំស្រាប់ហើយកុំទៅបង្កភាពរញ៉ែរញ៉ៃនៅទីនោះអី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ