កម្ពុជា-នយោបាយ

បារាំងរម្លឹកជាថ្មីអំពីការបារម្ភរបស់ខ្លួនចំពោះស្ថានភាពនយោបាយកម្ពុជា

លោក ឆៀរី ម៉ាធូ ​អ្នកទទួលបន្ទុកកិច្ចការ​អាស៊ី ​និងអូសេអានី​ នៃក្រសួងអ៊ឺរ៉ុប​ និងការបរទេសបារាំង​។
លោក ឆៀរី ម៉ាធូ ​អ្នកទទួលបន្ទុកកិច្ចការ​អាស៊ី ​និងអូសេអានី​ នៃក្រសួងអ៊ឺរ៉ុប​ និងការបរទេសបារាំង​។ ©សហការី

ប្រទេស​បារាំង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា ជាពិសេស​នៅពេល​ជិត​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅខែកក្កដា​ឆ្នាំ​២០១៨។នេះ​គឺ​ជា​ការ​រម្លឹក​ឡើង​វិញ​របស់​ប្រទេស​បារាំង ខណៈ​លោក ឆៀរី ម៉ាធូ(Thierry MATHOU)​អ្នក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី និង​អូសេ​អានី នៃ​ក្រសួង​អ៊ឺរ៉ុប និង​ការ​បរទេស​បារាំង​ដែល​បំពេញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​២៧​ដល់​២៨​ខែ​វិច្ឆិកា​នេះ​។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ក្នុង​សេចក្តី​ប្រកាស ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នៅថ្ងៃ នេះ លោក ឆៀរី ម៉ាធូ បានចាត់ទុក ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង​ដ៍ធំ​ជាងគេ ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​មេដឹក នាំ គណ បក្សនេះ រួមទាំង​ហាមឃាត់​សមាជិក​គណបក្ស​ចំនួន​១១៨រូប​មិនឲ្យ​ធ្វើ​នយោបាយរយៈពេល ៥ ឆ្នាំនោះ ថា បាន ចោទ ជា បញ្ហា ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា។ លោក ប្រធាន នាយកដ្ឋាន រូប នេះ ​បានអំពាវនាវឲ្យ​អាជ្ញាធរ​កម្ពុជា​ចូល​រួម​សារជាថ្មី​ នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ហើយ​អនុញ្ញាតឲ្យគណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ មាន​ដំណើរការ​ដោយ​គ្មាន​ការ​រារាំង​។

លោក ឆៀរី ម៉ាធូ ក៏បានសង្កត់ធ្ងន់ថា​ ប្រសិនបើមាន​​ការ​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR)មែននោះ វានឹង​ត្រូវបាន​គេ​ចាត់​ទុកថាជាការ​វិវឌ្ឍ​ដ៏​អវិជ្ជមានមួយ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មានដដែល។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតប​ថា លោកសោក​ស្តាយ​​ដោយថា បារាំងនៅតែ​មិនយល់​ពីស្ថានភាពពិតនៅកម្ពុជា និង​ថាគួរទុកឲ្យកម្ពុជា ធ្វើ​អ្វី​ដោយ​ឯករាជ្យ។

បើតាម​ស្ថានទូតបារាំង នៅក្នុង​ដំណើរទស្សនកិច្ចនេះ លោក ឆៀរី ម៉ាធូ ក៏បានជួប​អាជ្ញាធរ​កម្ពុជា ព្រមទាំង​តំណាងគណបក្សប្រឆាំង សង្គមស៊ីវិល​ និង​សហគមន៍​អន្តរជាតិ​ផងដែរ។ ក៏ប៉ុន្តែស្ថានទូតបារាំងប្រចាំនៅកម្ពុជា មិនបានបញ្ជាក់ថាជំនួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នានា គឺជួបជាមួយអ្នកណាខ្លះទេ ជាពិសេស តំណាង គណបក្សប្រឆាំង ខណៈ ដែល គណបក្ស សង្គ្រោះជាតិ ត្រូវ បាន តុលាការកំពូលរំលាយតាមអំណាចសាលដីកា កាលពី ថ្ងៃ ទី ១៦ វិច្ឆិកាទៅហើយនោះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំង ពីម្សិលមិញ តាមរយៈ រដ្ឋលេខាធិការ ក្រសួង ការ​បរទេស គឺលោក ហ្សង់ បាទីស លឺមាន់ បាន សម្តែង នូវ ការ ព្រួយបារម្ភ ហើយដែរ ចំពោះ ដំណើរ ការវិវឌ្ឍ ទៅនៃលទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា ក្រោយពី មាន ការ រំលាយ គណបក្ស សង្រ្គោះជាតិ និងការបែង ចែក អាសនៈតំណាង រាស្ត្រ គណ បក្សប្រឆាំង មួយនេះ ទៅឲ្យ បណ្តា គណ បក្ស ផ្សេង។ ឆ្លើយតប នឹង សំនួរ របស់ សមាជិក ព្រឹទ្ធសភា បារាំង ម្នាក់ គឺលោក អង់ដ្រេ ហ្កាតូឡាំង លោក រដ្ឋលេខាធិការ បារាំង ហ្សង់ បាទីស លឺមាន់ យល់ឃើញថា ការ បន្ត ផ្តល់ការ អនុគ្រោះ ពាណិជ្ជ កម្ម របស់ សហភាពអឺរ៉ុប ដល់ កម្ពុជា គួរ តែ ភ្ជាប់ ទៅនឹង លក្ខខណ្ឌ នៃការ គោរព សិទ្ធិ​មនុស្ស នៅ កម្ពុជា ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI