កម្ពុជា-បារាំង

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

លោកស្រី​អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) និង​លោក​សុខ អាន
លោកស្រី​អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) និង​លោក​សុខ អាន ©ដឺលុច/RFI

លោកស្រី អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ការងារ​របស់​ប្រទេស​បារាំង​កំពុង​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​ នៅ​ប្រទេស​កម្ពុជា ដើម្បីជំរុញ​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​បារាំង។ នៅ​ថ្ងៃ​នេះ​លោកស្រី អ៊ីដ្រាក់​បាន​ចូលរូម​សម្ពោធ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឈ្មោះ​ Golden Rice ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន​ នៅក្នុង​ស្រុក​ឧដុង្គ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

លោកស្រី អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) រដ្ឋលេខាធិការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ​បាន​ចូលរួម​សម្ពោធ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ឈ្មោះ​ Golden Rice​ ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​មិថុនា​នេះ នៅក្នុង​ស្រុក​ឧដុង្គ។ រោង​ម៉ាស៊ីន​កិនស្រូវ​ Golden Rice​ ដែល​ជា​រោង​ម៉ាស៊ីន​កិនស្រូវ​ សម្រាប់​នាំ​អង្ករ​ចេញ​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ថវិការ​បស់​អ្នក​វិនិយោគ​មក​ពី​កោះ Réunion របស់​បារាំង ហើយ​ដែល​បាន​ទទួល​ប្រាក់កម្ចី​ចំនួន​៧​លាន​ដុល្លារ​ ពី​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង PROPARCO កាល​ពី​ឆ្នាំ​២០០៩។

វត្តមាន​របស់​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ការ​ជំរុញ​សហប្រតិបត្តិការ​បារាំង​កម្ពុជា។ ដំណើរ​ការ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ និង​លោក​ប្រធានាធិបតី​បារាំង​ នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ​នៅ​ប្រទេស​បារាំង​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០០៩។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អ៊ីដ្រាក់រយៈ​ពេល​៣​ថ្ងៃ ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩​មិថុនា​ម្សិលមិញ គណៈប្រតិភូ​បារាំង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ភាគី​កម្ពុជា​ តំណាង​ដោយ​លោក​សុខ ចិន្តា​ អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ភាគី​បារាំង​បាន​ប្រគល់មក​ឲ្យ​ភាគី​កម្ពុជា នូវ​សៀវភៅ​ស​មួយ​ក្បាល​ ស្តី​ពី​ការ​វិនិយោគ​បារាំង និង​ការ​ចូល​ទីផ្សារ​កម្ពុជា​ ។ ក្រោយ​មក ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ការងារ​របស់​ប្រទេស​បារាំង ​បាន​ចុះហត្ថលេខា​ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា ​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រយៈ​ពេល​៣​ឆ្នាំ (២០១០-២០១២) ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ជំនាញ​រវាង​ក្រសួង​ទាំង​ពីរ។

នៅ​ថ្ងៃ​ទី​១១​មិថុនា​ស្អែក​នេះ លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​បារាំង​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​ ដើម្បី​ជួបប្រជុំ​សហគមន៍​អ្នក​ជំនួញ​បារាំង និង​ទស្សនា​សាលា​បណ្តុះបណ្តាល​ជំនាញ​សណ្ឋាគារ និង​ទេសចរណ៍​របស់​មូលនិធិ​​ប៉ូល​ឌុយប៊្រុល (Paul Dubrule) និង​ក្រុមហ៊ុន​លើក​កម្ពស់​សិប្បកម្ម​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI