Fresh News អះអាងត្រូវគេHackហើយផ្សាយថា នាយករដ្ឋមន្រ្តីត្រូវគេធ្វើឃាត

លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ​០៤​ វិច្ឆិកា ​ឆ្នាំ ​២០១៧ កន្លងទៅ​
លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ​០៤​ វិច្ឆិកា ​ឆ្នាំ ​២០១៧ កន្លងទៅ​ @RFI

នៅ​ព្រឹក​ចន្ទ​នេះ មាន​ព័ត៌​មាន​តាម​ហ្វេស​ប៊ុក​មួយ បាន​ផ្សាយ​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេ​ធ្វើ​ឃាត​។​ ព័ត៌​មាន​នេះ​ឃើញ​ផ្សាយ​តាម​ហ្វេសប៊ុក​របស់​Fresh ​News ដែល​ជា​សារព័ត៌​មាន​មាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​ភ្លាមៗ​នោះ ​Fresh​ News បាន​ប្រកាស​ថា​ហ្វេស​ប៊ុក​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ Hack ចូល​ហើយ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​។ ​ជាមួយ​គ្នានោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បដិសេធ​ព័ត៌​មាន​នោះ​ដែរ ខណៈ​លោក​មិន​មាន​វត្ត​មាន​នៅក្នុងការ​ប្រជុំ​សភាដើម្បី​ប្រកាស​សុពលភាព​សមាជិក​ថ្មី​នៅព្រឹកនេះ។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ភ្លាមៗ​ក្រោយពី​មាន​ការ​ផ្សាយ​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​លើ​ហ្វេសប៊ុក​របស់​លោក​ថា ជា​ព័ត៌​មាន​មិន​ពិត​។

ជា​មួយ​គ្នា​នោះ កាសែត​អនឡាញ Fresh News បាន​ប្រកាស​ថ្កោល​ទោស​ការលួច​Hack គេហទំព័រ​របស់​ខ្លួន និង​អះអាង​ថា សមត្ថកិច្ច​កម្ពុជា​កំពុងតែ​សហការ​ជាមួយ​សមត្ថកិច្ច​អន្តរ​ជាតិ ​ដើម្បី​រក​ចាប់​ខ្លួន​ Hacker ដែល​គេថា​មាន​មូលដ្ឋាន​នៅ​អាមេរិក និង​កាណាដា​។ លើស​ពី​នេះ Fresh News បាន​ផ្សាយ​ថា មេទ័ព​កំពូល​ៗ​ជា​ច្រើន​នាក់ នៅតាម​អង្គភាព​ផ្សេងៗ បានចេញមកថ្កោលទោសចំពោះករណី Hacker ចូល​ទៅគ្រប់​គ្រង​សារព័ត៌មាន​ល្បីឈ្មោះមួយនេះ។ ប៉ុន្តែនៅប៉ុន្មានម៉ោង​ក្រោយ​សារព័ត៌​មានដែល​ស្និទ​នឹង​រដ្ឋាភិបាល​មួយនេះបាន​ប្រកាស​ខ្លួនឯងថាខ្លួន​បានចូលទៅគ្រប់​គ្រង​សារព័ត៌មានមួយ​អនឡាញ​នេះបានវិញហើយ។

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សាយ​នៃ​អង្គការ​សង់​ត្រាល់ លោក ង៉ែត ម៉ូសេ ពន្យល់​ថា​មូល​ហេតុ​ដែល​ហ្វេស​ប៊ុក​គេ​អាច​លួច​Hack គឺ​ទី១​អាច​មក​ពីការ​ធ្វេស​ប្រហែស​របស់​អ្នក​ប្រើប្រាស់​User និងអាច​មក​ពី​បញ្ហា​ខាង​បច្ចេកទេស​។

សូមបញ្ជាក់ថា ការ​​លួច​ចូលទៅ​គ្រប់​គ្រង​គណនី​ហ្វេសប៊ុក​អ្នដទៃ​នេះ គឺ​ ភាគច្រើន Hacker បាន​ផ្សាយ​ព័ត៌​មាន​ប្រឌិត​ដែល​ធ្វើ​ឲ្យមានការ​ភ័ន្ត​ច្រឡំ ឬប៉ះពាល់​ដល់​កិត្តិយស របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​ផ្ទាល់​ឬកិត្តិយស​អ្នកដទៃ​។ ​​សម្រាប់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការលួច​ចូល​ទៅ​គ្រប់​គ្រង​ទំព័រហ្វេសប៊ុក​របស់​Fresh News ដោយ​Hacker ថា​លោក​ត្រូវ​បាន​គេ​ធ្វើឃាតនោះ គឺជា​ព័ត៌​មាន​មិន​ពិត ប្រឌិត​មាន​បំណង​អាក្រក់​បង្ក​ចលាចល​ដល់​សង្គម​ដោយ​ក្រុម​ទុច្ច​រិក។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​ករណី​នេះ។

ប៉ុន្តែ​ជាការ​កត់​សំគាល់​ ការលួចHack គណនី​ហ្វេសប៊ុក​នេះ មិន​មែន​ទើប​តែកើត​មាន​ឡើង​​នៅកម្ពុជា​ពេល​នេះ​ទេ។ ​កន្លងទៅនេះ ក៏មានដែរ ការ​លួចHack ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការ​លួច Hack ទំព័រ​ហ្វេសប៊ុក​របស់​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​ប្រឆាំង និង​ហ្វេសប៊ុក​របស់​បុគ្គល​សំខាន់ៗ​នៅ ស្ថាប័ន​សាធារណៈ និង​ក្រសួង​របស់​រដ្ឋ​មួយ​ចំនួន​ដែរ​។

ប៉ុន្តែ​កាល​ណោះ​ដូចជា​មិន​ឃើញ​មាន​​បើកការ​ស៊ើបអង្កេត​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំឬ​សហការ​ជាមួយ​អន្តរជាតិ​ដើម្បី​ស្វែងរក Hacker ឲ្យ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI